Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីទេសចរណ៍៖ ដំណាក់កាលស្ដារវិស័យទេសចរណ៍ ក្រោយវិបត្តិជំងឺកូវីដ១៩ គឺមានតែគោលដៅឆ្នេរសមុទ្រ កោះ និងសហគមន៍អេកូទេសចរណ៍

spot_img

ភ្នំពេញ៖ នៅក្នុងការរៀបចំសន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេនៅលើពិភពលោក និងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុនាពេលខាងមុខនេះ កម្ពុជា នឹងនាំប្រតិភូអន្តរជាតិជាង ១២០នាក់ ទៅទស្សន​កិច្ចនៅគោលដៅទេសចរណ៍តំបន់ឆ្នេរសំខាន់ៗ ដែលការរៀបចំទស្សនកិច្ចជូនប្រតិភូអន្តរជាតិនេះ នឹងនាំទៅកាន់គោលដៅឆ្នេរសមុទ្រ កោះ និងសហគមន៍អេកូទេសចរណ៍មួយចំនួន នៅតំបន់ឆ្នេរ សមុទ្រកម្ពុជា ដើម្បីបង្អួតគោលដៅទេសចរណ៍កម្រិតខ្ពស់របស់ប្រទេសកម្ពុជា និងផ្សព្វផ្សាយទៅកាន់ពិភពលោក។

សន្និបាតឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក នឹងធ្វើឡើងចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២ អមជាមួយពិធីបុណ្យសមុទ្រនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលគ្រោងនឹងទទួលប្រតិភូអន្តរជាតិសរុបជាង១២០នាក់នៅទូទាំងពិភពលោក។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន នៅក្នុងកិច្ចប្រជុំត្រៀមកម្មវិធីនេះ បានជំរុញក្រុមការងារបច្ចេក​ទេសត្រូវរៀបចំឱ្យមានទស្សនកិច្ច ទៅកាន់គោលដៅទេសចរណ៍ប្រណីតនៅតាមគោលដៅឆ្នេរសមុទ្រ កោះ និង សហគមន៍អេកូទេសចរណ៍។

ឯកឧត្តម លើកឡើងថា «ក្នុងដំណាក់កាលស្ដារវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ១៩ គឺមានតែគោលដៅឆ្នេរសមុទ្រ កោះ និងសហគមន៍អេកូទេសចរណ៍នេះទេ ដែលដើរតួសំខាន់ក្នុងការទាក់ទាញ និងទទួលភ្ញៀវទេសចរបានច្រើន»។ ឯកឧត្តម ថោង ខុន បានប្រសាសន៍ថា ប្រសិនបើក្លិបឆ្នេរនេះផ្សព្វផ្សាយពីគោលដៅទេសចរណ៍ទៅកាន់ភ្ញៀវទេសចរ នោះនឹងជួយបង្កើនការចូលមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនទៀត ពោលគឺឱកាសនេះ គឺជាឱកាសពិសេស សម្រាប់វិស័យទេសចរណ៍កម្ពុជា។

បើតាមមន្រ្តីក្រសួងទេសចរណ៍ គោលដៅសំខាន់ៗដែលគ្រោងនឹងរៀបចំទស្សនកិច្ចជូនប្រតិភូអន្តរជាតិខាងលើ រួមមានដូចជា កោះរ៉ុង កោះឋានសួគ៌ កោះសង្សារ កោះក្របី កោះឫស្សី សហគមន៍អេកូទេសចរណ៍ពាមក្រសោប នៅខេត្តកោះកុង ក៏ដូចជាឆ្នេរសមុទ្រនានានៅខេត្តព្រះសីហនុ។

ប្រតិភូដែលនឹងចូលរួម មានមកពីប្រទេសវៀតណាម ថៃ ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៉ីល ម៉ារ៉ុក កូតឌីវ័រ ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា និងប្រទេសក្នុងតំបន់សមុទ្រការីបង់ (Caribbean Sea)៕

spot_img
×