នៅពេលកូនឈានចូលខួប ២ឆ្នាំដំបូង ជាវ័យដែលគេលែងជាក្មេងទារកទៀតហើយ ក្នុងវ័យនេះកូនតូចនឹងដឹងក្តី ច្រើនជាងអ្វីដែលឪពុកម្តាយគិតទៅទៀត តែអ្វីដែលឪពុកម្តាយគ្រប់រូប តាំងចិត្តរួចហើយនោះ គឺចង់ឱ្យកូនក្លាយជាក្មេងល្អ មានសុខភាពកាយ និងចិត្តរឹងមាំល្អ ដើម្បីឱ្យគេមានអនាគតភ្លឺថ្លា រហូតអាណាព្យាបាលខ្លះ ដល់ថ្នាក់រៀបផែនការជីវិត ឱ្យកូនតាំងពីវ័យនេះទៅ ក៏មានដែរ។
តែ មិនថាមានក្តីតាំងចិត្តខ្លាំងយ៉ាងណាក៏ដោយ រឿងដែលឪពុកម្តាយ មិនគួរភ្លេចនោះគឺ ផ្លូវចិត្តរបស់កូន ទោះជាគេមើលទៅ ឃើញនៅក្មេងក៏ដោយ តែពេលខ្លះ ក៏គេដឹងអ្វីៗច្រើន លើសពីមនុស្សចាស់គិតទៅទៀត។ ដូច្នេះ យើងនាំគ្នាមកដឹងទាំងអស់គ្នាវិញប្រសើរជាង ថាតើចំណុចគួរប្រយ័ត្នក្នុងការចិញ្ចឹមមើលថែកូន ឱ្យគេគ្មានបញ្ហាផ្នែកផ្លូវចិត្ត ក្នុងពេលដែលវ័យកំពុងរីកចម្រើននេះ មានអ្វីខ្លះទៅ?។
១-ឪពុកម្តាយ កុំឈ្លោះគ្នានៅនឹងមុខកូន…ព្រោះការដែលឪពុកម្តាយ ឈ្លោះគ្នានៅចំពោះមុខកូន នឹងធ្វើឱ្យកូនកើតអារម្មណ៍ទើសទាល់ វិលវល់ ឬមានភាពមិនយល់ពីឪពុកម្តាយរបស់ខ្លួន។ មិនដឹងថាត្រូវកាន់ជើងខាងណាល្អ ព្រោះទាំងគូ សុទ្ធតែជាមនុស្សដែលកូនស្រឡាញ់។ បើស្ថានការណ៍បែបនេះកើតឡើងញឹកញាប់ វាមានតែធ្វើឱ្យកូនកើតទុក្ខ ព្រោះគិតថាឪពុកម្តាយមិនស្រឡាញ់គ្នា ឬឈ្លោះគ្នាដោយសារតែកូនជាដើមហេតុ។ ដូច្នេះ សូមកុំគិតថា កូននៅតូចមិនដឹងថា ឪពុកម្តាយកំពុងឈ្លោះគ្នាឱ្យសោះ។ បើសិនជាមានបញ្ហាទាស់ទែងគ្នា ក៏ព្យាយាមឱ្យកើតឡើង យូរៗម្តង ឬកុំឈ្លោះគ្នា ឱ្យកូនឃើញតែម្តង រឹតតែប្រសើរ។
2-គិតពីផែនការជីវិតសម្រាប់កូនខ្លះផង…ការគិតផែនការជីវិតសម្រាប់កូននេះ មិនបានមានន័យពីការដាក់កំណត់ថា ពេលធំឡើង កូនត្រូវតែធ្វើបែបនេះ ឬបែបនោះ តាមដែលឪពុកម្តាយគិតនោះទេ តែមានន័យថា គួររៀបផែនការបែបត្រួសៗថា តើចង់ឱ្យកូនរៀននៅឯណា រៀនអ្វីបន្ថែមជាពិសេស ឬក៏អត់? ឬមើលទៅហាក់ដូចជាកូនចាប់អារម្មណ៍លើអ្វីជាពិសេស រហូតដល់យើងចង់ជំរុញបន្ថែមដែរឬទេ? រួមទាំងប្រាក់សន្សំ ដែលឪពុកម្តាយអាចនឹងផ្ញើប្រាក់មួយចំនួនទុកក្នុងធនាគារ សម្រាប់កូនជាពិសេស ដើម្បីទុកជាទុននាពេលអនាគតក៏បាន។
៣-កុំបង្ខំកូន មុនដល់វ័យសមល្មម…កូនគួរតែមានសេចក្តីសុខទៅតាមវ័យ និងវិវឌ្ឍនាការរបស់គេ។ អាចនឹងមិនដូច ឬលឿនជាងក្មេងដទៃមែន តែបើសិនជាមិនមានអ្វីខុសប្រក្រតីទេនោះ អ្នកម្តាយក៏មិនគួរកង្វល់ ឬបង្ខំកូនខ្លាំងជ្រុលពេកដែរ រួមទាំងបើកូនធំឡើងបន្តិចទៀត កូនក៏គួរតែបានលេងសប្បាយតាមវ័យ ច្រើនជាងការគិតតែពីរៀន ឬបង្កើនចំណេះដឹង។
៤-កុំតឹងរ៉ឹងជាមួយរបៀបវិន័យខ្លាំងពេក…នៅពេលឃើញកូនកាន់តែធំឡើង អ្នកម្ដាយគិតថា កូនមិនមែនជាក្មេងតូចទៀតទេ តែការពិតកូននៅក្មេងខ្លាំងណាស់ ដូច្នេះអ្នកម្តាយកុំតឹងរ៉ឹងរឿងរបៀបវិន័យខ្លាំងពេកអី ព្រោះបើសិនជាតឹងតែងខ្លាំងពេកតាំងពីពេលនេះទៅ ដល់ធំឡើង កូនអាចនឹងក្លាយជាមនុស្សខ្លាចឪពុកម្តាយ ព្រោះខ្លាចការដាក់ទោស ក្លាយជាមនុស្សខ្វះភាពជឿជាក់ក្នុងចិត្ត ឬមិនទេក៏អាចក្លាយជាមនុស្សឈ្លើយ ច្រងេងច្រងាងតែម្តងក៏អាចថាបានដែរ។ ដូច្នេះយកត្រឹមតែប្រាប់ពីរបៀបវិន័យ ឱ្យកូនស្គាល់ពីទម្លាប់គោលៗ ល្អៗ សិនទៅបានហើយ។
៥-កុំគិតថា កូនអ្នកដទៃ ល្អជាងកូនខ្លួនឯង…ក្នុងអំឡុងវ័យដែលកូនខ្លួនឯងកំពុងធំឡើងនេះ អ្នកម្តាយអាចនឹងមើលឃើញកូនរបស់អ្នកដទៃក្នុងវ័យដូចគ្នានេះ គេទាំងឆ្លាត ទាំងប៉ិននិយាយ និងអត់មិននឹកសរសើរមិនបានថា កូនគេពូកែមែន!។ ការគិតបែបនេះ វាមិនមែនជារឿងប្លែក និងមិនមែនជារឿងអីធំដុំទេ បើសិនជាអ្នកម្តាយនឹកកោតសរសើរ ហើយលាក់ទុកនៅក្នុងចិត្ត តែបើយកមកនិយាយ ប្រៀបធៀបកូនខ្លួនឯង និងកូនគេ ឱ្យកូនខ្លួនឯងបានឮវិញនោះ វាមិនមែនជារឿងល្អចំពោះផ្លូវចិត្តរបស់កូនប៉ុន្មានឡើយ ហើយក៏មិនបានធ្វើឱ្យកូនយើងពូកែឡើងដែរ។ អ្នកម្តាយគួរយល់ពីវិវឌ្ឍនាការរបស់កូន និងជំរុញដោយការផ្តល់កម្លាំងចិត្តវិញ ទើបប្រសើរជាង។
៦-កុំធ្វើជាគំរូមិនល្អឱ្យកូនឃើញ…ការពិតទៅ អ្នកម្តាយគ្រប់រូបប្រហែលជាតាំងចិត្ត ចង់ធ្វើជាគំរូដ៏ល្អសម្រាប់កូនស្រេចទៅហើយ គ្រាន់តែនៅពេលភ្លេចខ្លួនម្ដងម្កាល ឬក្នុងរឿងដែលអ្នកម្តាយគិតថា វាជារឿងតូចតាចប្រហែលជាមិនអ្វីទេនោះ ក៏អ្នកម្ដាយគួរតែត្រូវប្រយ័ត្នដូចគ្នាដែរ ដូចជាការបោះសំរាមចោលនៅលើថ្នល់ ការទៅឈរកាត់មុខគេ ដោយមិនតម្រង់ជួរតាមលេខរៀង ជាដើមនោះ ចូរកុំគិតថាកូនមិនដឹងអី ព្រោះការពិតទៅ គ្រប់យ៉ាងដែលអ្នកម្តាយធ្វើឱ្យកូនឃើញ កូននឹងចងចាំបានយ៉ាងច្បាស់តែម្តង។ ដូច្នេះបើអ្នកម្តាយធ្វើឱ្យកូនឃើញ មិនយូរប៉ុន្មានអាចនឹងបាននឹកចម្លែកចិត្តមិនខាន នៅពេលដែលបានឃើញកូនធ្វើដូចដែលអ្នកម្តាយធ្លាប់ធ្វើ ក៏អាចថាបានដែរ៕