រាជធានីភ្នំពេញ ៖ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យល់ឃើញថា ពិធីសម្ពោធបើកដំណើរការសិប្បកម្មផលិតនិងកែច្នៃប្រហុកម្សៅរបស់ក្រុមហ៊ុន CONFIREL នេះ គឺជាព្រឹត្តិការណ៍ដ៏ប្រពៃមួយ មិនត្រឹមតែឆ្លុះបញ្ចាំងពីសមត្ថភាពរបស់សហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែព្រឹត្តិការណ៍នេះក៏ជាសក្ខីភាពនៃកិច្ចសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធិភាពរវាងស្ថាប័នរដ្ឋនិងវិស័យឯកជនក្នុងការជំរុញវិស័យកសិ-ម្ហូបអាហារនៅកម្ពុជា ហើយក៏បានបញ្ជាក់នូវការប្តេជ្ញាចិត្តនិងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីឆ្ពោះទៅរកកំណើនធុរកិច្ចនិងការរួមចំណែករបស់វិស័យជលផលកម្ពុជាទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាប័ន្ន។
ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយ (Roadshow) ស្តីពីផល ផលិតផលជលផល ដែលសហការរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈប្រតិភូសហភាពអឺរ៉ុប និងអង្គការ UNIDO តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) និងពិធីសម្ពោធបើកឱ្យដំណើរការសិប្បកម្មផលិតនិងកែច្នៃប្រហុកម្សៅរបស់ក្រុមហ៊ុន CONFIREL។ នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តម ហាស់ សារ៉េត បានថ្លែងបន្តទៀតថា ការចូលរួមសហការគ្នាក្នុងការជំរុញផលិតកម្មក្នុងស្រុក ជាពិសេសវិស័យ SMEs ឱ្យកាន់តែប្រសើរឡើង ដើម្បីធានាបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់ប្រកបដោយគុណភាពនិងសុវត្ថិភាព សម្រាប់បំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនយើងនិងជំរុញការនាំចេញ ព្រមទាំងបានឆ្លើយតបទាន់ពេលវេលាទៅនឹងសភាពការនៃសង្គ្រាមឈ្លានពានដែលបង្កឡើងដោយប្រទេសថៃមកលើកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាម ឯកឧត្តម បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបនិងអង្គការ UNIDO ចំពោះការគាំទ្រនិងបន្តការគាំទ្រទាំងហិរញ្ញវត្ថុនិងទាំងបច្ចេកទេស តាមរយៈកម្មវិធី CAPFISH និងគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មផ្សេងទៀត សម្រាប់ចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ ទន្ទឹមគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណដៃគូអភិវឌ្ឍន៍នានាចំពោះការផ្តល់នូវកិច្ចសហការនិងសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសជាមួយរដ្ឋបាលជលផល ក្នុងការសម្រេចបាននូវសមិទិ្ធផលនិងផលជះជាវិជ្ជមានក្នុងការអនុវត្តគម្រោងនានាដើម្បីឆ្ពោះទៅរកការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន។
ឯកឧត្តម ក៏បានអបអរសាទរចំពោះពិធីសម្ពោធបើកដំណើរការសិប្បកម្មផលិតនិងកែច្នៃប្រហុកម្សៅរបស់ក្រុមហ៊ុន CONFIREL ដែលត្រូវបានធ្វើទំនើបកម្មនិងកែលម្អយ៉ាងល្អប្រសើរប្រកបដោយមោទនភាព ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក គឺប្រហុកសៀមរាបដែលជាម៉ាកស្គាល់ភូមិសាស្រ្តទំនិញ (GI)។ ក្រោមកិច្ចសហការជាមួយគម្រោង CAPFISH-Capture ក្រុមហ៊ុន CONFIREL កំពុងផ្សព្វផ្សាយប្រហុកម្សៅប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ។
រាជរដ្ឋាភិបាលកម្ពុជា បានខិតខំនិងយកចិត្តទុកដាក់ក្នុងការធ្វើពិពិធកម្មផលិតផលនិងពង្រីកទីផ្សារនាំចេញ ព្រមទាំងជំរុញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិកាន់តែទូលំទូលាយ។ ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ផ្សេងៗ ដូចជាគម្រោង CAPFISH ដែលបានជួយដល់សិប្បកម្មកែច្នៃម្សៅប្រហុកទទួលបាននូវវិញ្ញាបនបត្រហាសឹប (HACCP) ដែលជាស្តង់ដារសុវត្ថិភាពម្ហូបអាហារអន្តរជាតិ។ ម៉្យាងវិញទៀត តាមរយៈការចងក្រងនិងផ្សារភ្ជាប់រវាងក្រុមអ្នកផលិត ជាមួយនឹងសហគ្រាសកែច្នៃ នឹងជួយរក្សាបាននូវលំនឹងតម្លៃនិងការផ្គត់ផ្គង់សម្រាប់ទីផ្សារ ដែលជាផ្នែកមួយក្នុងការចូលរួមសម្រេចនូវគោលនយោបាយស្តីពី”សហគមកសិកម្មទំនើប” របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបានបង្កើតឱកាសការងារ ជាពិសេសសម្រាប់ពលករមាតុភូមិនិវត្តន៍ដែលជាទិដ្ឋភាពមួយថ្មីនិងសំខាន់ចំពោះមុខផងដែរ។
តាមរបាយកការណ៍របស់គម្រោង CAPFISH-Capture បានបង្ហាញឱ្យឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងបានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេស ដល់សហគ្រាសជលផលខ្នាតតូចនិងមធ្យមជាង ៦០សហគ្រាស និងតួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃជលផលប្រមាណ ៤០០តួអង្គ តាមរយៈកម្មវិធីគាំទ្រវិនិយោគក្នុងខ្សែច្រវាក់តម្លៃ (Value Chain Investment Support- VCIS)។ ជាលទ្ធផល សហគ្រាសបានកែលម្អទីតាំង បរិក្ខារកែច្នៃ និងពង្រឹងការអនុវត្តសុវត្ថិភាពម្ហូបអាហារនិងការត្រៀមលក្ខណៈចូលទៅកាន់ទីផ្សារអន្តរជាតិ។ កិច្ចគាំទ្រនេះបានជួយបង្កើតការងារបានចំនួនប្រហែល ១៤ ០០០នាក់ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិនិងការកាត់បន្ថយភាពក្រីក្រ។ ទិដ្ឋភាពខាងលើ មិនគ្រាន់តែជាចំណុចសំខាន់ចំពោះផ្នែកបច្ចេកទេសប៉ុណ្ណោះទេ តែរំលេចអំពីភាពធន់ នវានុវត្តន៍ និងកិច្ចសហការល្អ ព្រមទាំងបានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាដែលកំពុងអភិវឌ្ឍន៍ខ្លួន។
តាមកម្មវិធីគ្រោងទុកសម្រាប់យុទ្ធនាការផ្សព្វផ្សាយលើកទី៣នេះ យើងនឹងចុះទៅពិនិត្យផ្ទាល់នៅតាមសហគ្រាសមួយចំនួននៅក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តកំពង់ចាម ដែលបងប្អូនអ្នកសារព័ត៌មាននឹងបានឃើញផ្ទាល់ភ្នែកពីការកែច្នៃផលជលផលក្នុងស្រុក ដែលជួយរក្សាសេ្ថរភាពស្បៀងក្នុងស្រុក ព្រមទាំងបាននិងកំពុងពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិជាបណ្តើរៗ ដូចជាប្រទេសអូស្ត្រាលី បារាំង កូរ៉េ និងប្រទេសផ្សេងដែលស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្រពង្រីកទីផ្សាររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការប្រកួតប្រជែងនិងជំរុញការនាំចេញប្រកបដោយប្រសិទ្ធិភាពនិងចីរភាព។ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធរួមមានតំណាងវិស័យឯកជននិងដៃគូអភិវឌ្ឍន៍បន្តខិតខំនិងគាំទ្រនិងសហការគ្នាល្អ ដើម្បីសម្រេចបាននូវគោលបំណងរួមខាងលើ។ ខ្ញុំជឿជាក់ថា ភាពជាដៃគូដែលយើងបានបង្កើតនឹងបន្តរីកចម្រើន ហើយបទពិសោធន៍ជោគជ័យដែលយើងចែករំលែកនៅថ្ងៃនេះ នឹងប្រែក្លាយទៅជាយន្តការអនុវត្តកាន់តែទូលំទូលាយនិងមានប្រសិទ្ធិភាព។ ក្នុងពេលជាមួយគ្នានេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា បងប្អូនអ្នកសារព័ត៌មានយើងនឹងជួយផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះជូនដល់ទស្សនជនទូទាំងប្រទេសកាន់តែយល់ច្បាស់និងជឿជាក់លើគុណភាពនិងសុវត្ថិភាពផល ផលិតផលជលផលកម្ពុជា ក្នុងខណៈប្រជាជនយើងបាននិងកំពុងធ្វើពហិការប្រើប្រាស់ផលិតផលរបស់ថៃ
ក្នុងឱកាសនោះដែរ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានមានប្រសាសន៍ថា កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFISH) គាំទ្រមូលនិធិដោយសហភាពអឺរ៉ុប បានរួមចំណែកដល់គោលដៅនេះ តាមរយៈការអភិវឌ្ឍវារីវប្បកម្ម និងជលផលក្រោយប្រមូលផល។
កម្មវិធី CAPFISH ផ្នែកវារីវប្បកម្ម (CAPFISH-Aquaculture) មានគោលដៅបង្កើនផលិតភាពនិងប្រសិទិ្ធភាពវារីវប្បកម្ម ទន្ទឹមនឹងនេះការលើកកម្ពស់ក្នុងការអនុវត្តវារីវប្បកម្មប្រកបដោយនិរន្តរភាព លើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់សហគមន៍នៅតាមទីជនបទ។ រីឯផ្នែកអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល របស់កម្មវិធី CAPFISH-Capture គាំទ្រការសម្រេចបានចក្ខុវិស័យ រយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច សន្តិសុខស្បៀង និងការកាត់បន្ថយភាពក្រីក្រ។
ពិធីថ្ងៃនេះគឺជាការរៀបចំរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) អនុវត្តរួមគ្នាដោយរដ្ឋបាលជលផល និងអង្គការ UNIDO ។ គម្រោងមានគោលបំណងចម្បង គឺបង្កើនភាពប្រកួតប្រជែងរបស់ជលផលក្រោយប្រមូលផល ការចូលទៅកាន់ទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ តាមរយៈការធ្វើឱ្យប្រសើរឡើង ក្របខណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារ ប្រព័ន្ធត្រួតពិនិត្យផ្លូវការ និងជំរុញវិស័យឯកជនឱ្យទទួលយកនវានុវត្តន៍ និងការអនុវត្តល្អប្រសើរទាំងនេះ។
រហូតមកដល់ពេលនេះ គម្រោងសម្រេចបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ជាច្រើន។ រដ្ឋបាលជលផល បានគាំទ្រដល់
វិស័យឯកជន ដើម្បីធានាថាផលិតផលជលផលកម្ពុជាមានសុវត្ថិភាព និងភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារ។ រដ្ឋបាលជលផល បានសហការយ៉ាងស្អិតរមួតជាមួយអង្គការ UNIDO ដើម្បីធានាឱ្យប្រព័ន្ធសុវត្ថិភាពម្ហូបអាហារសម្រាប់ផលិតផលជលផលកម្ពុជា ត្រូវបានដាក់បង្កើតដាក់ឱ្យដំណើរការ និងអនុវត្តប្រកបដោយនិរន្តរភាព។
តាមរយៈគម្រោងនេះផងដែរ រដ្ឋបាលជលផលក៏បានគាំទ្រដល់វិស័យឯកជនឱ្យសម្រេចបានអនុលោមភាពស្របតាមស្តង់ដារសុវត្ថិភាពម្ហូបអាហារ ទន្ទឹមនឹងជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ផ្នែកជលផលក្រោយប្រមូលផល និងបង្កើនការយល់ចំណេះដឹងរបស់អតិថិជន និងអ្នកប្រើប្រាស់អំពីសុវត្ថិភាពម្ហូបអាហារ។
លោក សុខ ណារិន តំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មប្រចាំប្រទេសកម្ពុជា បានថ្លែងថា គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ក្រុមហ៊ុនខនហ្វីរេល បានទទួលការគាំទ្របច្ចេកទេស ក្នុងការរៀបចំ និងរចនាប្លង់អាគារ ទីតាំងបំពាក់គ្រឿងបរិក្ខារ ការអនុវត្តសុវត្ថិភាពម្ហូបអាហារ និងការត្រៀមលក្ខណៈសម្រាប់សវនកម្មស្តង់ដារ CQS និងHACCP រួមជាមួយនឹងការបំពាក់ឧបករណ៍កែច្នៃទំនើបផងដែរ។ បន្ថែមលើនេះ គម្រោងក៏បានជួយផ្សព្វផ្សាយពីផលិតផលម្សៅប្រហុក ដែលជាការច្នៃប្រឌិតថ្មីមួយ ក្នុងគោលបំណងរក្សាបាននូវរសជាតិដើមនៃប្រហុកខ្មែរ និងអភិរក្សនូវមរតករសជាតិម្ហូបខ្មែរ ព្រមទាំងបង្កើតនូវឪកាសពាណិជ្ជកម្មថ្មីប្រកបដោយសក្តានុពល ។
ទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយនេះ ក៏មានគោលបំណងបំផុសគំនិតរៀនសូត្រ ដោយឆ្លុះបញ្ចាំងតាមរយៈបទពិសោធន៍ និងកិច្ចអន្តរាគមន៍ប្រកបដោយប្រសិទិ្ធភាពរបស់គម្រោងក្នុងវិស័យកសិ-ចំណីអាហារ និងការផ្សព្វផ្សាយលើកកម្ពស់ចំណេះដឹងទាក់ទងនឹងសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាដើម្បីចូលរួមអបអរនូវសមិទ្ធផល ដែលសហគ្រាសជាដៃគូររបស់គម្រោងសម្រេចបាន។
ក្នុងពិធីសម្ភោធ សិប្បកម្មផលិត និងកែច្នៃផលិតផលជលផល លោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាងប្រធានអគ្គនាយកក្រុមហ៊ុន ខនហ្វីរេល បានថ្លែងថា មកទល់នឹងបច្ចុប្បន្ននេះ ក្រុមហ៊ុនខនហ្វីរេលមានអាយុ ២៥ ឆ្នាំ ហើយ។ ចាប់តាំងពីពេលបង្កើតឡើងនៅឆ្នាំ២០០១ មក ខនហ្វីរេលមានទស្សនវិស័យច្បាស់លាស់ ក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍគ្រប់ផលិតផលដូនតា ដែលជាសម្បត្តិបេតិកភ័ណ្ឌរបស់ជាតិយើង ដោយប្រើប្រាស់សមត្ថភាព និងធនធានថវិកាផ្ទាល់ខ្លួន ជាមួយនឹងទំនុកចិត្តប្រកបដោយភាពជឿជាក់ ដើម្បីផ្តល់តម្លៃដល់ស្នាដៃបុព្វបុរសបន្សល់ទុកឱ្យ។
លោកឧកញ៉ា ឱសថបណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែងតែជួយគាំទ្រដល់យើងខ្ញុំនូវគ្រប់ដំណាក់កាល ជាពិសេសគម្រោង CAPFISH-Capture ដែលជាកម្មវិធីមានការគាំទ្រពីអង្គការ UNIDO នៅកម្ពុជា បានផ្ដល់ទាំងជំនួយបច្ចេកទេស និងគ្រឿងម៉ាស៊ីនមួយចំនួន ក្នុងការបង្កើនសមត្ថភាពផលិត និងកែលម្អគុណភាពផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេល។
គម្រោងនៃការកែច្នៃប្រហុកម្សៅរបស់ក្រុមហ៊ុនខនហ្វីរេល ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០២៣ ជាមួយនឹងចក្ខុវិស័យក្នុងការលើកកម្ពស់ប្រហុកប្រពៃណីខ្មែរ ដោយបំលែងទៅជាទម្រង់ប្រភេទម្សៅ ដើម្បីងាយស្រួលក្នុងការប្រើ និងមានការវេចខ្ចប់ប្រកបទៅដោយសុវត្ថិភាព និងគុណភាពខ្ពស់បំផុត។ របកគំហើញថ្មីនេះ មិនត្រឹមតែជាការចូលរួមអភិរក្សនូវរសជាតិដើមដ៏ល្អឥតខ្ចោះរបស់ប្រហុកខ្មែរនោះទេ ប៉ុន្តែថែមទាំងបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់ ការរក្សាទុកដាក់ និងអនាម័យខ្ពស់ផងដែរ ដែលធ្វើឱ្យប្រហុកម្សៅរបស់ខនហ្វីរេលខ្មែរ លេចធ្លោនៅលើទីផ្សារជាតិ និងអន្តរជាតិ។
សិប្បកម្មរបស់យើងនៅទីនេះ គឺជាសិប្បកម្មកែច្នៃប្រហុកម្សៅលើកដំបូង ដែលបានសាងសង់លើផ្ទៃដីទំហំ ២៤០០ ម៉ែត្រការេ និងមានសមត្ថភាពផលិតប្រហុកម្សៅបាន ៥០០០ កែវ ឬស្មើនឹង ១តោន ប្រហុកស្រស់ក្នុងមួយថ្ងៃ។ សិប្បកម្មរបស់យើងបានបង្កើតការងារថ្មីសម្រាប់បុគ្គលិកចំនួន៣៧ កន្លែង ដែលភាគច្រើនជាស្រ្តី។ លើសពីនេះទៅទៀត ក្រុមហ៊ុន ខនហ្វីរេលទទួលវិញ្ញាបនប័ត្រ HACCP ដែលជាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ប្រកបដោយគុណភាព និងសុវត្ថភាព ។ លើសពីនេះ ផលិតផលប្រហុកម្សៅ ក៏កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទីផ្សារជាតិ និងអន្តរជាតិ ដែលធ្វើឱ្យកំណើននៃការលក់របស់យើងមានសន្ទុះយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។
ក្រុមហ៊ុនយើងបាននឹងកំពុងធ្វើផែនការពង្រីកទីផ្សារក្នុងស្រុក និងក្រៅស្រុក តាមរយៈការបង្កើតជាផលិតផលថ្មីជាច្រើន តបតាមតម្រូវ និងរសជាតិរបស់អតិថិជន ដោយក្រុមហ៊ុនបានបង្កើត មជ្ឈមណ្ឌលកែច្នៃ និងនវានុវត្តន៍អាហារ ដើម្បីឆ្លើយតបនឹងការស្រាវជ្រាវថ្មីៗ លើផលិតគ្រឿងទេសខ្មែរ ពិសេសគឺប្រហុក។
ក្រុមហ៊ុនក៏មានផែនការ បង្កើតភាពជាដៃគូសហការជាមួយសហគ្រាស សិប្បកម្មជលផល ផ្សេងៗទៀត ដើម្បីប្រមូលធាតុចូល ឬការផ្គត់ផ្គង់ផ្សេងៗ ដើម្បីជាកម្លាំងរួមក្នុងការនាំចេញនូវផលិតផលខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិ។ យើងរួមគ្នា យើងខ្លាំង!!។
លោកបានថ្លែងបន្តថា តាមរយៈការគាំទ្រពីគម្រោង CAPFISH-Capture សិប្បកម្មយើងបានអភិវឌ្ឍ និងពង្រើកផលិតកម្មឱ្យកាន់តែទំនើប ដើម្បីបង្កើនផលិតភាព និងមានសមត្ថភាពប្រកួតប្រជែងនៅទីផ្សារពិភពលោក តបតាម
ចក្ខុវិស័យនៃការនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងបណ្ដាប្រទេសផ្សេងៗទៀត។ បច្ចុប្បន្ននេះ
ក្រុមហ៊ុនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនសម្រាប់ការធ្វើសវនកម្មរបស់ DG SANTE ដែលស្ថាប័នអនុម័តលើសុវត្ថិភាពអាហាររបស់សហភាពអ៊ីរ៉ុប ដើម្បីការនាំចេញផលិតផល
ជលផលរបស់កម្ពុជា និងរំពឹងថា DG SANTE នឹងមកធ្វើសវនកម្មនាពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រើកទីផ្សារផលិតផលជលផលរបស់យើង៕រក្សាសិទ្ធដោយ៖សុទ្ធលី
























