Sunday, February 5, 2023

កម្ពុជា ស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ ANA បើកការហោះហើរត្រង់ តូក្យូ- ភ្នំពេញ ឡើងវិញ ជួយដល់ទេសចរ ពាណិជ្ជករ និងធុរជន

spot_img

ភ្នំពេញ ៖ ក្នុងជំនួបសន្ទនាជាមួយ លោក មីកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនជិតផុតអាណត្តិ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើថា ពេលដែលលោកឯកអគ្គរាជទូតបញ្ចប់បេសកកម្មទៅ សូមលោកជួយប្រាប់ដល់រាជរដ្ឋាភិបាលជប៉ុនឱ្យជួយជំរុញជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូមកកាន់ទីក្រុងភ្នំពេញឡើងវិញផង ព្រោះទេសចរ ធុរជន ត្រូវការជើងហោះហើរ។

មុនពេលឃ្លាតគ្នា ថ្នាក់ដឹកនាំទាំងពីរបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាច្រើនរវាងកម្ពុជា និងជប៉ុន ពិសេសលើការជួយអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជារួមចំណែកជួយអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ, កន្លងមក ក្រុមហ៊ុនអាកាសចរណ៍ ANA របស់ក្រុមហ៊ុនជប៉ុន បានបើកប្រតិបត្តិការហោះហើរត្រង់ តូក្យូ-ភ្នំពេញ យ៉ាងសកម្ម, ក្រោយមក ក៏បានផ្អាកទៅវិញកាលពីអំឡុងវិបត្តិជំងឺកូវីដ-១៩ផ្ទុះខ្លាំង, មកដល់ពេលនេះ ស្ថានភាពកូវីដ-១៩នៅកម្ពុជា ឃើញថាធូរស្រាលខ្លាំងមែនទែនហើយ ដូច្នេះភ្ញៀវទេសចរ ពាណិជ្ជករ ធុរជន ត្រូវការជើងហោះហើរត្រង់ តូក្យូ-ភ្នំពេញ។

លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងទៅកាន់ ឯកអគ្គរាជទូតជប៉ុន លោក មីកាមិ ម៉ាសាហ៉ីរ៉ូ ថា ធ្វើយ៉ាងណាជំរុញឱ្យមានការបើកជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូមកកាន់ទីក្រុងភ្នំពេញឡើងវិញ ព្រោះនេះ ក៏ជាចលនាជំរុញសេដ្ឋកិច្ចមួយផងដែរលើវិស័យដឹកជញ្ជូន ម្យ៉ាងទេសចរ ពាណិជ្ជករ ធុរជន ត្រូវការទៅ-មករវាងប្រទេសកម្ពុជា និងជប៉ុន។

បច្ចុប្បន្ន ជប៉ុន បានបើកការហោះហើរត្រង់ទៅ-មក ជាមួយប្រទេសមួយចំនួន រួចហើយ ដូចជា ប្រទេសថៃ វៀតណាមជាដើម, ដូច្នេះ យើងចង់ឱ្យជប៉ុនបន្តកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូននេះជាមួយកម្ពុជាឡើងវិញ ដើម្បីជំរុញកំណើនទេសចរទៅ-មកប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកឯកអគ្គរាជទូតជប៉ុន បានឯកភាព ថា លោកនឹងខិតខំធ្វើអ្វីៗដើម្បីការអភិវឌ្ឍរបស់ប្រទេសទាំងពីរកម្ពុជា-ជប៉ុន ទោះបីថាលោកចប់អាណត្តិជាឯកអគ្គរាជទូតនៅកម្ពុជាក៏ពិតមែន ប៉ុន្តែលោកនឹងបន្តខិតខំដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាតទៅមុខទៀត។ ដោយឡែក ពាក់ព័ន្ធនឹងការជំរុញជើងហោះហើរត្រង់ឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ ANA មកកាន់កម្ពុជា លោកនឹងខិតខំធ្វើកិច្ចការនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២