Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម គង់ វិបុល ៖ តាមការរំពឹងទុកថាចំណូលពន្ធសម្រាប់ឆ្នាំ២០២២ អាចនឹងសម្រេចបានក្នុងរង្វង់ ១១៥% ឬលើសពីនេះ

ភ្នំពេញ ៖ បើតាមប្រសាសន៍របស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា តាមការរំពឹងទុកថាចំណូលពន្ធសម្រាប់ឆ្នាំ២០២២ អាចនឹងសម្រេចបានក្នុងរង្វង់ ១១៥% ឬលើសពីនេះ ធៀបនឹងផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ជោគជ័យទាំងនេះ គឺមិនមែនជាការកើតឡើងដោយភាពចៃដន្យនោះទេ គឺកើតចេញពីកត្តារួមសំខាន់ៗមួយចំនួន ដែលមានដូចជាសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច និងរាជរដ្ឋាភិបាលដែលមានកម្លាំង និងសមត្ថភាពដ៏រឹងមាំក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ទទួលបាននូវការជួយឧបត្ថម្ភគាំទ្រដ៏ខ្ពង់ខ្ពស់យ៉ាងពេញទំហឹងពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការពន្ធដារទាំងអស់។

នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រានាថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ និងអង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំវគ្គបណ្តុះបណ្តាលដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញលើ “ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ” ជូនដល់មន្រ្តីរាជការពន្ធដារថ្មីក្របខ័ណ្ឌ ២០២០-២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមកិត្តិនីតិកោសល បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលថ្ងៃនេះ គឺជាវគ្គបណ្តុះបណ្តាល ដ៏ពិសេស និងមានសារសំខាន់ ដែលទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ពី ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ លើមុខវិជ្ជា “ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ”។ មុខវិជ្ជានេះ ពិតជាឆ្លើយតបទៅនឹងតម្រូវការបណ្តុះបណ្តាលជាអាទិភាពនៅក្នុងកម្មវិធីបណ្ដុះបណ្ដាលរបស់អគ្គនាយកដ្ឋានពន្ធដារឆ្នាំ២០២២ ដែលរៀបចំឡើងក្នុងគោលបំណងជំរុញឱ្យមានការយល់ដឹងស៊ីជម្រៅជុំវិញប្រធានបទនេះ ដោយហេតុថា ក្នុងនាមជាអាជ្ញាធរគ្រប់គ្រង និងប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ តម្រូវឱ្យមានការយល់ដឹងអំពីច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្ដីពីសារពើពន្ធឱ្យកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ជាពិសេសរួមចំណែកក្នុងការប្រឆាំងអំពើពុករលួយតាមគ្រប់រូបភាព បណ្ដុះនូវស្មារតីប្រកាន់ខ្ជាប់ វិជ្ជាជីវៈ និងរក្សាបាននូវសីលធម៌ស្អាតស្អំរបស់មន្រ្តីរាជការពន្ធដារ ក្នុងន័យពង្រឹងអភិបាលកិច្ចល្អដោយប្រកាន់ខ្ជាប់នូវគោលការណ៍ រដ្ឋបាលកិច្ចល្អ ប្រសិទ្ធភាពនៃភាពជាអ្នកដឹកនាំ និងគុណាធិបតេយ្យ។ ម្យ៉ាងវិញទៀត ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺស្របតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ “ការកែទម្រង់ដែលល្អប្រសើរ គឺផ្តើមចេញពីការបណ្តុះបណ្តាល និងគ្រប់ក្រសួង ស្ថាប័ន អាចដំណើរការបានល្អប្រសើរ គឺទាមទារចាំបាច់នូវធនធានមនុស្ស”។ វគ្គបណ្ដុះបណ្ដាលនេះក៏ធ្លាប់បានរៀបចំជូនដល់មន្ត្រីរាជការពន្ធដារថ្មីក្របខ័ណ្ឌ ២០១៨-២០១៩ សរុបចំនួន ៦៩៤រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រីមួយលើករួចមកហើយកាលពីឆ្នាំ២០១៩ ហើយថ្ងៃនេះគឺជាការបើកវគ្គបណ្ដុះបណ្ដាលជាលើកទីពីរ សម្រាប់មន្រ្តីរាជការពន្ធដារថ្មីក្របខ័ណ្ឌ ២០២០-២០២២ ចំនួន ៣០១រូប រួមបញ្ចូលទាំងសមាសភាពចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញពីអង្គភាពពន្ធដារទាំងអស់ សរុបចំនួន ប្រមាណ ១ ០០០រូប។

ឯកឧត្តម គង់ វិបុល បានបន្តថា ចាប់ផ្តើមពីឆ្នាំ២០១៣មក អគ្គនាយកដ្ឋានពន្ធដារបានប្រកាន់យ៉ាងខ្ជាប់ខ្ជួន និងពេញទំហឹងនូវគោលជំហរនិងឆន្ទៈមោះមុត ក្នុងកម្រិតហ្មត់ចត់និងម៉ឺងម៉ាត់ជាក់លាក់ជាទីបំផុ ក្នុងការអនុវត្តស្របតាមអត្ថន័យនិងខ្លឹមសារទាំងស្រុងនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រកៀរគរចំណូល។ ដូចនេះ ក្នុងនាមជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារ នឹងនៅតែបន្ត ប្តេជ្ញាយ៉ាងមុតមាំ ហើយខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ធ្វើយ៉ាងណាធានានូវប្រសិទ្ធភាពបន្ថែមទៀតក្នុងការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២២ សម្រាប់ជាគុណប្រយោជន៍នៃថវិកាជាតិ និងដើម្បីជាមូលដ្ឋានសម្រាប់អនុវត្តឆ្នាំ២០២៣

អគ្គនាយកដ្ឋានពន្ធដារ ក៏តែងតែគោរពប្រតិបត្តិតាមអភិក្រមទាំង ៥យ៉ាង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានជាអាទិ៍ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងអភិក្រម ការងារ ៤ប្រការ របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ដូចជា (១).អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ (២).អនុវត្តការងារជាក្រុម (៣).អនុវត្តការងារដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងគោលការណ៍ប្រសិទ្ធភាពថវិកា និង(៤).មិនត្រូវមើលរំលង កំហុសខ្លួនឯង

អគ្គនាយកដ្ឋានពន្ធដារបានធ្វើកំណែទម្រង់រដ្ឋបាលសារពើពន្ធ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍អភិបាលកិច្ចល្អ ដែល មានគុណតម្លៃចំនួន៣ “ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព” ជាស្នូលនៃយុទ្ធសាស្រ្តចតុកោណរបស់ រាជរដ្ឋាភិបាល។ ការគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ បាននាំមកនូវការសម្រេចបាននូវគោលការណ៍ រដ្ឋបាលកិច្ចល្អ វិធីសាស្ត្រនៃការដឹកនាំនិងការគ្រប់គ្រង និងក្រឹត្យក្រមនៃគុណាធិបតេយ្យ ដែលទាំងនេះគឺជាឧត្តមានុវត្តន៍ សកលនៃក្រមវិជ្ជាជីវៈនៃការដឹកនាំអង្គភាព និងការគ្រប់គ្រងធនធានមនុស្ស

កំណែទម្រង់រដ្ឋបាលពន្ធដារ គឺដើម្បីអភិវឌ្ឍស្ថាប័នដោយបានចែកជាពីរគឺ (១).កំណែទម្រង់មុខងារប្រតិបត្តិការស្នូល រួមមាន ការចុះបញ្ជីអ្នកជាប់ពន្ធ ការផ្តល់សេវាអ្នកជាប់ពន្ធ ការចាត់ចែងលិខិតប្រកាស ការធ្វើសវនកម្ម ការប្រមូលបំណុលពន្ធ និង បណ្តឹងតវ៉ា និង (២).កំណែទម្រង់មុខងារគាំទ្រ រួមមាន កំណែទម្រង់ការគ្រប់គ្រងធនធានមនុស្សស្របតាមរចនាសម្ព័ន្ធនិងតួនាទីរបស់រដ្ឋបាលសារពើពន្ធ និងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ

ដើម្បីរក្សាបាននូវលទ្ធផលជោគជ័យ ស្ថាប័នត្រូវមានសមត្ថភាពដ៏ខ្លាំង ហើយអង្គភាពខ្លាំង ត្រូវមានប្រសិទ្ធភាពការងារខ្ពស់ ដែលមានប្រព័ន្ធការងារដ៏រឹងម៉ាំ និងធនធានមនុស្សដែលមានសមត្ថភាពខ្ពស់។ ដូច្នេះ បើទោះជាមានការជ្រើសរើសមន្រ្តីថ្មី ដែលមានបទពិសោធន៍ និងចំណេះដឹងគ្រប់គ្រាន់សមស្របជាមួយនឹងការងារ ឬមន្ត្រីដែលធ្វើការងារនោះជាយូរឆ្នាំក៏ដោយ ក៏នៅតែមានតម្រូវការបណ្តុះបណ្តាលដែលមន្រ្តីចាំបាច់ត្រូវរៀនសូត្របន្ថែម ដើម្បីតាមឱ្យទាន់នូវបរិយាកាសផ្លាស់ប្តូរនៅកន្លែងការងារ។
បើតាមប្រសាសន៍សរសើររបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ៖

អគ្គនាយកដ្ឋានពន្ធដារគឺជាសេនាធិការដែលពោរពេញទៅដោយគុណវុឌ្ឍិ និងមានស្នាដៃរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជារាជរដ្ឋាភិបាល លើកិច្ចការគ្រប់គ្រងនិងប្រមូលចំណូលពន្ធផ្ទៃក្នុងជូនជាតិ។ ក្នុងនោះ អគ្គនាយកដ្ឋានពន្ធដារបាន ធ្វើឱ្យមានថាមពលនិងកម្លាំងចលករមួយថ្មីក្នុងការកែទម្រង់រដ្ឋបាលសារពើពន្ធ និងទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឱ្យ ទទួលបានជោគជ័យគួរជាទីមោទនៈ ដើម្បីឆ្លើយតបនឹងតម្រូវការវិវត្តន៍នៃសង្គមសេដ្ឋកិច្ច។ ជាក់ស្តែង តាមរយៈបាតដៃមួយនេះ បានជួយទ្រទ្រង់ដល់ការចំណាយផ្សេងៗរបស់រាជរដ្ឋាភិបាលដែលរួមមានដូចជាការចំណាយលើថ្លៃមន្ទីរពេទ្យលើយន្តការ ប័ណ្ណក្រីក្រ ការដំឡើងប្រាក់បៀវត្សមន្ត្រីរាជការពន្ធដារដែលធ្វើឱ្យប្រសិទ្ធភាពការងារនៅតាមក្រសួង-ស្ថាប័នកើនឡើង ជាពិសេសផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងនិងដោះស្រាយបញ្ហាវិបត្តិនៃជំងឺកូវីដ-១៩

អង្គភាពប្រឆាំងអំពើពុករលួយបានសម្តែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារទាំងអស់ ដែលបាន បង្កើតឱ្យមានការតម្រង់ទិស រៀបចំឱ្យមានជួរត្រឹមត្រូវ តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅ បើគ្មានការកែទម្រង់ ក៏គ្មានចីរភាពចំណូលថវិកាជាតិដូចនាពេលនេះទេ។

អគ្គនាយកដ្ឋានពន្ធដារមានប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានល្អនិងខ្លាំងពូកែ ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងប្រមូល ចំណូលពន្ធ និងបានផ្តល់ភាពងាយស្រួលជូនសាធារណជនដែលប្រើប្រាស់សេវាសាធារណៈ

អគ្គនាយកដ្ឋានពន្ធដារតែងតែខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនតាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំ ក្នុងនោះបានគិតគូរយ៉ាងល្អិតល្អន់ ដើម្បីរក្សាបាននូវភាពជឿទុកចិត្ត ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព កាន់តែល្អប្រសើរ។

ចំណូលពន្ធប្រៀបដូចជាសរសៃឈាមដែលយកទៅទ្រទ្រង់រាជរដ្ឋាភិបាលនៃប្រទេសមួយ ប្រសិនបើការាគ្រប់គ្រងចំណូល ពន្ធបានល្អ ធ្វើឱ្យប្រទេសមានការអភិវឌ្ឍ។ ដូច្នេះអគ្គនាយកដ្ឋានពន្ធដារ ដែលដើរតួនាទីជាកងទ័ពហិរញ្ញវត្ថុត្រូវរក្សាជំហរ និងគុណតម្លៃរបស់ខ្លួន ដោយបន្តខិតខំបំពេញតួនាទី ភារកិច្ចឱ្យបានល្អស្របតាមការផ្តល់ទំនុកចិត្ត និងការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមការងារនៃអង្គភាពប្រឆាំងអំពើពុករលួយដែលបានផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងយកចិត្តទុកដាក់នៅក្នុងការរៀបចំឯកសារបង្រៀន និងផ្ដល់ការបណ្ដុះបណ្ដាលជូនមន្រ្តីរាជការពន្ធដារ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានសម្តែងនូវការវាយតម្លៃខ្ពស់ និងណែនាំដល់មន្រ្តីរាជការពន្ធដារទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការឈ្វេងយល់ និងក្រេបជញ្ជក់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗថែមទៀត ដើម្បី ពង្រឹងការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិស្ដីពីការប្រឆាំងអំពើពុករលួយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×