Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋអំណាច​វៀតណាម ចាប់​រ៉ឺម៉ក យានជំនិះ​របស់​ព្រះសង្ឃ​ខ្មែរក្រោម មិន​ឲ្យ​បិណ្ឌ​បាត្រ និង​បំរើ​សង្គម​សាសនា ដោយ​ប្រាប់​មូលហេតុ​ដ៏​ហួសចិ​ត្ត…

spot_img

មហាជននៅលើបណ្តាញសង្គម ជាពិសេសបងប្អូនខ្មែរកណ្តាល ពិតជាមានការឈឺចាប់ និងខ្លោចចិត្តយ៉ាងខ្លាំង នៅពេលដែលបានឃើញនគរបាលវៀតណាមមួយក្រុម បានមកឃាត់ចាប់រ៉ឺម៉កព្រះសង្ឃខ្មែរកម្ពុជាក្រោម មិនឲ្យបិណ្ឌបាត្រ ដែលបង្កឲ្យមានការភ្ញាក់ផ្អើល បងប្អូនខ្មែរក្រោមហាក់មិនខ្លាចញញើត នាំគ្នាទៅជួយព្រះសង្ឃ និងចង្អុលមុខសមត្ថកិច្ចវៀតណាមទាំងនោះផាំងៗ ជាមួយកំហឹងយ៉ាងខ្លាំងក្លា។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិដាយថ ឃុំល្វាំងមី ស្រុកតាមប៊ិញ ខេត្តវិញឡុង។

តាមរយៈវីដេអូ ព្រះសង្ឃមួយអង្គ ដែលត្រូវបានដឹងថាជាចៅអធិការវត្ត មង្គលបូរីទ្រនំសេក ដឹកនាំការចេញបិណ្ឌបាត្រ បានប្រាប់ខណៈពេលនោះឲ្យដឹងថា អាជ្ញាធរ និងប៉ូលិសចរាចរវៀតណាម បានមកចាប់រ៉ឺម៉កសម្រាប់បិណ្ឌបាត្រ ធ្វើឲ្យព្រះសង្ឃដាច់ចង្ហាន់ទាំងកណ្តាលផ្លូវ ដែលមានចម្ងាយប្រហែល ១០ គីឡូម៉ែត្រ ពីវត្តដាច់ស្រយាល។ ទាក់ទងរឿងចាប់ដ៏ចម្លែកនេះ ចៅអធិការវត្តខាងលើ ក៏បានលើកឡើងថា ព្រះសង្ឃ និងពុទ្ធបរិស័ទ នឹងយល់ស្របតាម ប្រសិនបើច្បាប់នេះត្រូវបានអនុវត្តរួមនៅទូទាំងប្រទេសវៀតណាម ប៉ុន្តែ រដ្ឋាភិបាលបាលវៀតណាម ហាក់ធ្វើទុក្ខបុកម្នេញតែមកលើព្រះសង្ឃនៅវត្តមង្គលបូរីទ្រនំសេក ប៉ុណ្ណោះ ដោយមិនដឹងមានគំនុំគុំកួនអ្វីនោះទេ។

បន្ទាប់មក ទំព័រហ្វេសប៊ុកវត្ត មង្គលបូរីទ្រនំសេក ថ្ងៃថ្មី ក៏បានបញ្ជាក់ឲ្យដឹងថា នគរបាលវៀតណាមទាំងនោះ គឺជាក្រុមវៃព្រះសង្ឃ និងកាប់ដើមគគីរវត្ត ហើយពេលនេះ ពួកគេបានបន្តមករារាំងចាប់យានជំនិះព្រះសង្ឃ មិនឲ្យបិណ្ឌបាត្រទៀត។ នគរបាលមួយក្រុមនេះ ធ្លាប់បានបង្ករឿងធំៗជាច្រើនលើកហើយ នៅក្នុងព្រះពុទ្ធសាសនា ជាពិសេស នៅក្នុងវត្តមង្គលបូរីទ្រនំសេក តែម្តង។

បើតាមចៅអធិការវត្ត ដែលមានព្រះនាម ចាន់ ដារ៉ា ក៏បានប្រាប់ពីមូលហេតុចាប់រ៉ឺម៉ក ស្របពេលកើតមានរឿងវ៉ៃព្រះសង្ឃ និងកាប់ដើមគគីរវត្ត ឲ្យដឹងថា គឺនៅពេលសួរនាំ ក្រុមសមត្ថកិច្ចវៀតណាមទាំងនោះ បានឆ្លើយគួរឲ្យហួសចិត្តថា មូលហេតុចាប់ គឺដោយសាររ៉ឺកម៉កហ្នឹងដឹកមនុស្ស ព្រោះរ៉ឺម៉កប្រើសម្រាប់តែដឹកគ្រឿងសំណង់ប៉ុណ្ណោះ។

តែអ្វីកាន់តែច្បាស់ទៀតនោះ បើតាមបុរសម្នាក់ដែលជាអតីតអ្នកធ្លាប់ស្នាក់រៀនសូត្រនៅវត្ត មង្គលបូរីទ្រនំសេក បញ្ចេញឲ្យដឹងថា រឿងនេះ គឺគ្មានខុសច្បាប់អ្វីនោះទេ តែរឿងតែមួយគត់ គឺដោយសាររដ្ឋអំណាចវៀតណាម ទំនងមានការក្តៅក្រហាយ ទៅនឹងទង្វើដ៏ល្អរបស់ព្រះសង្ឃចៅអធិការវត្ត មង្គលបូរីទ្រនំសេក ដែលខ្វល់ខ្វាយជួយសង្គម ជួយសាសនា និងជាពិសេស ស្វះស្វែងរកជំនួយឧបត្ថម្ភស្បៀងអាហារ មកជួយដល់ប្រជាជនតាមភូមិ ក្នុងអំឡុងពេលកូវីដ ខណៈដែលរដ្ឋអំណាចវៀតណាម មិនបានចេញមុខជួយប្រជាជនសូម្បី១ចានអង្ករនោះឡើយ គឺកុំតែបានអាតុតុហ្នឹងនាំចេញចូលប៉ុណ្ណោះ។ ហេតុនេះហើយ ទើបបានជារដ្ឋអំណាចស្អប់តុតុ មិនឲ្យនៅក្នុងវត្តទៀត និងជាពិសេសទៀតនោះ គឺមិនចង់ឲ្យវត្តបង្កើតមានសាលារៀនតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×