Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ រដូវក្តៅនេះ តើត្រូវញ៉ាំយ៉ាងណា ដើម្បីឱ្យសុខទាំងកាយ សប្បាយទាំងចិត្ត?

នៅពេលរដូវក្តៅមកដល់ អ្វីដែលបង្កប់មកជាមួយធាតុអាកាសនោះ គឺមេរោគជាច្រើនប្រភេទ ដែលអាចរីកធំធាត់បាននៅក្នុងធាតុអាកាសក្តៅហប់បែបនេះ ទើបធ្វើឱ្យកើតមានភាពប្រឈមខ្ពស់ ក្នុងការកើតការរាតត្បាតនៃជំងឺ ដែលពាក់ព័ន្ធនឹងប្រព័ន្ធដកដង្ហើម និងប្រព័ន្ធរំលាយអាហារ។
ជំងឺដែលពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហារ ដែលគេប្រទះឃើញញឹកញាប់នោះ មានដូចជា អាហារមានជាតិពុល រាករូស ជំងឺក្រពះ ពោះវៀន ដែលសុទ្ធតែមានមូលហេតុមកពីការញ៉ាំអាហារដែលប្រឡាក់ប្រឡូសដោយមេរោគបាក់តេរី អាហារដែលធ្វើទុកយូរហើយ និងអាហារដែលមិនបានរក្សាទុកនៅក្នុងទូទឹកកកឱ្យបានត្រឹមត្រូវជាដើម ដែលក្រោយពីបរិភោគអាហារទាំងនេះហើយ នឹងធ្វើឱ្យកើតអាការចុកពោះ ក្អួតចង្អោរ រាករូសខ្លាំងក្លាដែលអាចនាំឱ្យទៅដល់សភាវរាងកាយខ្វះជាតិទឹកធ្ងន់ធ្ងរបាន។

.ចំណុចគួរប្រយ័ត្នក្នុងការជ្រើសរើសទទួលទានអាហារក្នុងអំឡុងរដូវក្តៅ
អ្នកជំនាញខាងភោជនាហារបានប្រាប់ថា អាហារដែលមិនចង់ណែនាំឱ្យទទួលទានក្នុងអំឡុងរដូវក្តៅនោះ គឺអាហារប្រភេទស្ទើរឆៅ ស្ទើរឆ្អិន ដូចជាពពួកភ្លាសត្វសាច់ផ្សេងៗ រួមទាំងអាហារដែលមានខ្លាញ់ច្រើន និងអាហារចៀនបំពង សម្លដែលមានដាក់ខ្ទិះដូង និងគួរញ៉ាំអាហារដែលស្អាត ចម្អិនឆ្អិនថ្មីៗ ដើម្បីការពារការទទួលមេរោគដោយមិនចាំបាច់។

.មុខម្ហូបដែលចង់ណែនាំឱ្យពិសាក្នុងអំឡុងរដូវក្តៅ
ស្ងោរម្រះញាត់សាច់ជ្រូកចិញ្ច្រាំ ឬស្ងោរម្រះឆ្អឹងជំនីជ្រូក ជាមុខម្ហូបក្តៅៗ ដែលជួយពន្លត់កម្ដៅក្នុងរាងកាយបានយ៉ាងប្រសើរ ព្រោះម្រះជាបន្លែដែលងាយរំលាយ មានឥទ្ធិពលជាឱសថក្នុងការបន្សាបកម្ដៅខាងក្នុងរាងកាយ។ ជាមុខម្ហូបលំដាប់លេខ១ ក្នុងរដូវក្ដៅ។
លំដាប់បន្តមកទៀត គឺឆាននោង ក៏ជាមុខម្ហូបដែលចង់ណែនាំឱ្យទទួលទានដែរ តែត្រូវប្រយ័ត្នបន្តិចក្នុងការឆា ដោយមិនគួរដាក់ខ្លាញ់ ឬប្រេងឆាច្រើនពេកទេ។ នៅក្នុងមុខម្ហូបទាំង ២មុខនេះ មានទឹក និងបន្លែជាគ្រឿងផ្សំចម្បង ដែលនឹងជួយបំបាត់ការស្រេកទឹក និងអាការក្តៅក្នុង បានយ៉ាងល្អ។

-ភេសជ្ជៈបែបបុរាណ ជួយសម្រន់កម្ដៅ
ទឹកគល់ស្លឹកគ្រៃ ជួយបណ្តេញញើស, ទឹកក្រូចឆ្មារ ជួយឱ្យរាងកាយស្រស់ថ្លាស្វាហាប់ និងបណ្តេញស្លេស្ម៍, ទឹកផ្លែព្នៅ ជាភេសជ្ជៈដែលគេនិយមញ៉ាំ នៅក្នុងរដូវក្តៅតាំងពីបុរាណ ព្រោះក្រៅពីមានក្លិនក្រអូបត្រជាក់ចិត្តហើយ នៅជួយឱ្យបាត់ស្រេកទឹកទៀតផង។

ក្រៅពីនេះ បើសិនជាត្រូវស្ថិតនៅក្រោមស្ថានភាពអាកាសធាតុក្តៅខ្លាំង គួរញ៉ាំទឹកឱ្យបានក្នុង ១ម៉ោង ១លីត្រ ទោះជាមិនមានអារម្មណ៍ស្រេកទឹកក៏ដោយ។ អ្នកជំនាញខាងភោជនាហារ និងសុខភាពក្នុងរដូវក្តៅ បានបញ្ជាក់ថា មនុស្សចាស់ គឺជាវ័យដែលត្រូវមើលថែទាំ និងយកចិត្តទុកដាក់ជាពិសេស ដោយសារតែមនុស្សចាស់ មានប្រព័ន្ធប្រសាទខាងការទទួលដឹង យឺតជាងមនុស្សវ័យកំលោះ-ក្រមុំ ធ្វើឱ្យការទទួលដឹងក្នុងរឿងការស្រេកទឹក យឺតយ៉ាវទៅតាមនោះដែរ ដូច្នេះកូនចៅ គួរឧស្សាហ៍មើលថែរឿងការញ៉ាំទឹក ឬសីតុណ្ហភាពក្នុងទីកន្លែងដែលពួកគាត់ស្នាក់នៅ ឱ្យមានខ្យល់អាកាសបក់ចេញ-ចូលបានល្អ ដើម្បីសុវត្ថិភាពផង៕

A senior lady sitting in a living room with a glass of water
×