Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស៖ ការរីកសាយភាយនៃអាវុធមហាប្រល័យ គឺជាការគំរាមកំហែងដល់សន្ដិសុខពិភពលោក បង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិទាំងមូល

spot_img

ភ្នំពេញៈ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងបញ្ជាក់ថា ការរីកសាយភាយនៃអាវុធមហាប្រល័យ គឺជាការគំរាមកំហែងដល់សន្ដិសុខពិភពលោក ដែលបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិទាំងមូល។ ដើម្បីរួមចំណែកទប់ស្កាត់ និងដោះស្រាយបញ្ហានេះ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានចេញសេចក្តីសម្រេចចិត្តជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលតម្រូវឱ្យរដ្ឋដែលជាសមាជិក អ.ស.ប. ទាំងអស់អនុវត្ត។

ការបញ្ជាក់នេះ ក្នុងសិក្ខាសាលាស្តីពី «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (ហៅកាត់ ច្បាប់ PF)» សម្រាប់អង្គការមិនមែនរដ្ឋាភិបាលបរទេសនៅកម្ពុជា កាលពីរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួង។ ដោយមានការចូលរួមពីសំណាក់ប្រធាន ឬតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេស (FNGOs) នៅកម្ពុជា។
សិក្ខាសាលានេះ មានគោលបំណងសំខាន់ដើម្បីលើកកម្ពស់ការយល់ដឹងដល់អង្គការមិនមែនរដ្ឋាភិបាលបរទេសអំពីកាតព្វកិច្ច និងនីតិវីធីក្នុងការចូលរួមអនុវត្តច្បាប់ PF ឱ្យមានប្រសិទ្ធភាព និងចូលរួមទប់ស្កាត់រាល់ការប្រព្រឹត្តបទល្មើសពាក់ព័ន្ធនានា។

ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងថា សិក្ខាសាលានារសៀលនេះ នឹងផ្តល់ចំណេះដឹងគ្រប់គ្រាន់សម្រាប់សិក្ខាកាម ទាំងជនជាតិខ្មែរ និងបរទេសឱ្យយល់កាន់តែច្បាស់អំពីកាតព្វកិច្ចរបស់បុគ្គលិកតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេសនៅកម្ពុជា ក្នុងការសហការផ្តល់ព័ត៌មាន និងអនុវត្តតាមច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និង Guidelines និងធានានូវការចូលរួមធ្វើយុទ្ធនាការ ក្នុងការបំពេញការអនុវត្តលទ្ធផលជាក់ស្តែងទី១១ (IO11) ឱ្យបានចប់សព្វគ្រប់តាមផែនការសកម្មភាព ដែលជាសកម្មភាពមួយក្នុងការរួមចំណែកដកកម្ពុជាចេញពីបញ្ជីប្រផេះ។

រដ្ឋលេខាធិការក្រសួងការបរទេសរូបនេះបានបញ្ជាក់ថា ក្រោមការបេ្តជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល ក្នុងនាមជាសមាជិករបស់ អ.ស.ប. និងក្នុងន័យចូលរួមអនុវត្តឱ្យខ្ជាប់ខ្ជួនតាមស្តង់ដាររបស់ ក្រុមការងារហិរញ្ញវត្ថុប្រឆាំងការសម្អាតប្រាក់ (FATF) រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងការបង្កើតក្របខណ្ឌគតិយុត្តិគ្រប់ជ្រុងជ្រោយ និងរៀបចំរចនាសម្ព័ន្ធក្នុងការទប់ស្កាត់ និងបង្រ្កាបសកម្មភាពប្រឆាំងការរីកសាយភាយអាវុធមហាប្រល័យ ដូចជា៖

១.រៀបចំ និងប្រកាសឱ្យប្រើប្រាស់ ច្បាប់ PF នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ និងបានរៀបចំអនុក្រឹត្យចំនួនបី ដើម្បីសម្រួលក្នុងការអនុវត្តច្បាប់នេះ។

២. បើកយុទ្ធនាការផ្សព្វផ្សាយ និងផ្តល់ការបណ្តុះបណ្តាលជាបន្តបន្ទាប់អំពី ច្បាប់ PF និងការអនុវត្តដល់ក្រសួង-ស្ថាប័នទាំងអស់នៅកម្ពុជា ទាំងស្ថាប័នរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល ក៏ដូចជាសាធារណជន តាមរយៈសិក្ខាសាលាបណ្តុះបណ្តាល និងវេទិកាតុមូលផ្សព្វផ្សាយជាសាធារណៈ តាមបណ្តាញសារព័ត៌មាន និងគេហទំព័រផ្លូវការរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។

៣. ទន្ទឹមនេះ ក្នុងទិដ្ឋភាពនៃការអនុវត្ត ច្បាប់ ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (ហៅកាត់ ច្បាប់ PF) ដែលតម្រូវឱ្យរដ្ឋនីមួយៗបង្កកដោយគ្មានបង្អង់នូវទ្រព្យសម្បត្តិរបស់បុគ្គល ឬអង្គភាពជាប់ឈ្មោះ ក្នុងបញ្ជីទណ្ឌកម្មទាំងឡាយរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ក្រសួងការបរទេសបានរៀបចំ និងដាក់ឱ្យប្រើប្រាស់នូវឯកសារណែនាំអំពីនីតិវិធីអនុវត្ត (ដែលហៅកាត់ថា Guideline) ដើម្បីសម្រួលដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធចាត់វិធានការខាងលើបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ ការងារពិតជាមិនអាចសម្រចបានពេញលេញ និងគ្រប់ជ្រុងជ្រោយទេ បើសិនគ្មានការចូលរួមយ៉ាងសកម្មពីអង្គការមិនមែនរដ្ឋាភិបាលបរទេស នៅកម្ពុជា៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×