ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។
រាជធានីភ្នំពេញបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayors Forum 2022) ក្នុងរយៈពេល២ថ្ងៃ នោះគឺថ្ងៃសុក្រ និងសៅរ៍ ថ្ងៃទី២ និង៣ ខែធ្នូ ឆ្នាំ២០២២។ កិច្ចប្រជុំ និងវេទិកានេះ គឺមានការចូលរួមពីតំណាងទីក្រុង និងខេត្តចូលរួមប្រមាណ៨០ទីក្រុងក្នុងតំបន់អាស៊ាន និងក្រៅអាស៊ាន មានជាង៣០ទីក្រុងធំៗចូលរួមផងដែរ។
ក្នុងពិធីបើកវេទិកានេះ បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញថ្លែងសុន្ទរថាគន្លឹះសំខាន់ៗប្រកបដោយអត្ថន័យនៅក្នុងពិធីបើកវេទិការអភិបាលក្រុងអាស៊ាននេះ។
ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៖
សម្តេចតេជោ បានវាយតម្លៃខ្ពស់ ចំពោះការកំណត់ប្រធានបទ ដ៏ត្រឹមត្រូវបំផុត ស្របតាមស្ថានការណ៍តំបន់ និង សកល នាពេលបច្ចុប្បន្ន និងទៅអនាគត ។ ជាការពិត, ទីក្រុង គឺជា បេះដូងនៃប្រទេស និង តំបន់នីមួយៗ ដោយជាកន្លែងប្រមូលផ្ដុំសកម្មភាពគ្រប់ទិដ្ឋភាព ទាំងផ្នែក សង្គម-សេដ្ឋកិច្ច, វប្បធម៌ និង នយោបាយ ។ ក្នុងន័យនេះ, ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាងសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និង បរិយាបន្ន ត្រូវផ្តើមចេញពីការកសាង និងតភ្ជាប់ទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ។

ជាក់ស្ដែង, វេទិកាអភិបាលក្រុងអាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី និង រដ្ឋធានីអាស៊ាន ដែលយើងតែងរៀបចំ ឡើងជាទៀងទាត់ គឺជាយន្តការដ៏សំខាន់ ដែលអនុញ្ញាតឱ្យរដ្ឋបាលមូលដ្ឋានរបស់អាស៊ាន អាចបង្កើនទំនាក់ទំនង, ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ជាពិសេសចែករំលែកចំណេះដឹង និងបទពិសោធន៍ និងបន្តពង្រឹងសាមគ្គីភាព និង សុខដុមនីយកម្ម រវាងទីក្រុង, រាជធានី និង រដ្ឋធានីអាស៊ាន ។
កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន បានកំណត់មូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដែលមានគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈមរបស់ អាស៊ាន ព្រមទាំងពង្រឹងសកលភាវូបនីយកម្ម និង ជំរុញការសម្រេចបាននូវរបៀបវារៈនៃការធ្វើសមាហរណកម្មតំបន់ ក្រោមចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥ ។
ជាមួយស្មារតីបុរេសកម្ម, កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង លើកទី៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីខែវិច្ឆិកា កន្លងទៅថ្មីៗនេះ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញនេះផ្ទាល់ ប្រកបដោយភាពជោគជ័យ ដ៏ត្រចះត្រចង់ ដោយមានការអនុម័ត និង កត់សម្គាល់ឯកសារលទ្ធផលចំនួន ១០១ ។ ក្នុងនោះ, ថ្នាក់ដឹកនាំអាស៊ាន បានទទួលស្គាល់ វឌ្ឍនភាព នៃការអនុវត្ត ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និង បានកំណត់ ទិសដៅអនាគត សម្រាប់ការពង្រឹងការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ តាមរយៈ សេចក្តីថ្លែង- ការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្ដីពីរបៀបវារៈតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ ។

ថ្នាក់ដឹកនាំអាស៊ាន ក៏បានស្វាគមន៍ចំពោះ របាយការណ៍នគរូបនីយកម្មអាស៊ាន ប្រកបដោយ ចីរភាព ដែលនឹងពង្រឹងចំណេះដឹងទៅលើនិន្នាការនគរូបនីយកម្ម ប្រកបដោយចីរភាព ទូទាំង តំបន់អាស៊ាន និង ផ្សារភ្ជាប់យុទ្ធសាស្ត្រនគរូបនីយកម្មអាស៊ាន ប្រកបដោយចីរភាព ទៅនឹងគោល- ដៅអភិវឌ្ឍ ប្រកបដោយចីរភាព និង របៀបវារៈអភិវឌ្ឍទីក្រុងថ្មី ក្នុងន័យនេះ, ខ្ញុំសង្ឃឹមថា កិច្ចពិភាក្សាទី២ នារសៀលនេះ នឹងផ្តល់ឱកាសល្អៗ សម្រាប់ឱ្យភាគីពាក់ព័ន្ធទាំងអស់ពិភាក្សាលើ បញ្ហាប្រឈម និង កាលានុវត្តភាពនៃនគរូបនីយកម្ម ប្រកបដោយចីរភាព ក្នុងតំបន់អាស៊ាន ។
បន្ថែមលើនេះ, បណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN) ដែលត្រូវបានបង្កើតឡើងនៅក្នុង ឆ្នាំ២០១៨ បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការឈានទៅសម្រេចនូវចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥, ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និង ផែនការ ការងារលើកទី៣ ស្ដីពីគំនិតផ្តួចផ្តើម សម្រាប់សមាហរណកម្មអាស៊ាន និង ការប្ដេជ្ញាសម្រេចឱ្យ បាននូវរបៀបវារៈអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ និង របៀបវារៈអភិវឌ្ឍទីក្រុងថ្មី ។ ក្របខណ្ឌបណ្តាញទីក្រុងឆ្លាតអាស៊ាននេះ បានជំរុញការអនុវត្ត ផែនការសកម្មភាពទីក្រុងឆ្លាត (SCAPs) និង បានសម្រួលដល់ការអភិវឌ្ឍថ្នាលបច្ចេកវិទ្យាព័ត៌មាន និង ឧបករណ៍វិនិយោគទីក្រុង ឆ្លាតអាស៊ាន តាមរយៈការផ្លាស់ប្ដូរចំណេះដឹង និង បទពិសោធន៍, ការពង្រឹងភាពជាដៃគូ និង ការ- ផ្សារភ្ជាប់គម្លាតផ្នែកធនធាន ។ ក្នុងស្មារតីនេះ, ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ នេះ, ខ្ញុំ សូមវាយតម្លៃខ្ពស់ និងសូមស្វាគមន៍ចំពោះការពង្រីកសមាជិកភាពបន្ថែមដល់ទៅ ៣. ទីក្រុង បន្ថែមទៀត នៃសមាជិកអាស៊ាននីមួយៗ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ។
ស្ថិតក្នុងបរិការណ៍ ដែលអាស៊ាន និង សកលលោក បាន និង កំពុងជួបប្រទះនឹងបញ្ហា ប្រឈមជាបន្តបន្ទាប់, ការកសាងទីក្រុងឆ្លាត ដែលមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង ភាពបៃតង គឺជាទិសដៅដ៏ត្រឹមត្រូវបំផុត សម្រាប់ពេលបច្ចុប្បន្ន និង ទៅថ្ងៃអនាគត ។ ទីក្រុង ឆ្លាត មានសក្តានុពលខ្ពស់ ក្នុងការដោះស្រាយបញ្ហាទូទៅនៃការរៀបចំនគរូបនីយកម្ម ប្រកប ដោយនវានុវត្តន៍, ពង្រឹងភាពធន់ តទល់នឹងហានិភ័យផ្សេងៗ និង ជាពិសេសលើកកម្ពស់ សុខុមាលភាព និងវិបុលភាពនៃជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន តាមគន្លងប្រក្រតី- ភាពថ្មី បន្ថែមលើនេះ, ទីក្រុងឆ្លាត នឹងក្លាយជាប៉ូលយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាព សង្គម-សេដ្ឋកិច្ច, ធុរកិច្ច, ពាណិជ្ជកម្ម និង ការវិនិយោគ ឱ្យកាន់តែខ្លាំងឡើងថែមទៀត ព្រមទាំង ផ្ដល់ឱកាសការងារ, មុខរបរ និង អាជីវកម្ម ដល់ប្រជាជនទូទៅ ក្នុងប្រទេស និង តំបន់អាស៊ាន ទាំងមូល ។

ក្នុងគោលដៅចូលរួមផ្តល់ជាធាតុចូលសម្រាប់ការពង្រឹង និង ជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន ឱ្យកាន់តែខ្លាំងថែមទៀត ក្នុងការកសាង និង តភ្ជាប់ទីក្រុងអាស៊ាន ឆ្ពោះទៅរកការកសាង សហគមន៍អាស៊ាន ប្រកបដោយចីរភាព, បរិយាបន្ន និង ភាពធន់, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សូមចែករំលែកនូវអនុសាសន៍ ផ្ទាល់ខ្លួនមួយចំនួន ដូចខាងក្រោម ៖
ទី១. ត្រូវធានាឱ្យបាននូវសន្តិភាព, សន្តិសុខ, ស្ថិរភាព និង វិបុលភាព ដែលជាមូលដ្ឋាន គ្រឹះចម្បង និង សំខាន់បំផុត សម្រាប់ការកសាងទីក្រុងឆ្លាត មានភាពធន់ និង មានចីរភាព
ទី២. គោលដៅចម្បងបំផុតនៃការកសាងទីក្រុង ឬ ប្រទេសមួយ គឺ ការលើកកម្ពស់គុណ ភាពរស់នៅរបស់ប្រជាជន ប្រកបដោយសុខុមាលភាព, វិបុលភាព និង ភាពធន់ ។ ស្ថិតក្នុងបរិការណ៍ដែលពោរពេញទៅដោយភាពមិនប្រាកដប្រជាខ្ពស់, រដ្ឋបាលក្រុង, រាជធានី និង រដ្ឋធានីអាស៊ាន ត្រូវយកចិត្តទុកដាក់ទៅលើការកសាងទីក្រុងឆ្លាត ដោយមានការគិតគូរអំពីការសម្រួលដល់ការផ្លាស់ប្ដូររបៀបរបបរស់នៅ តាមគន្លង ប្រក្រតីភាពថ្មី និង ការសម្របខ្លួនរបស់ប្រជាជន ទៅនឹងការផ្លាស់ប្ដូរប្រជាសាស្ត្រ ឬ ការប្រែប្រួលណាមួយ ដែលអាចកើតមានឡើង ទាំងពេលបច្ចុប្បន្ន និង អនាគត;
ទី៣. ការកសាងទីក្រុងឆ្លាត មានភាពធន់ និង មានចីរភាព ត្រូវមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ ទាំងរដ្ឋបាលមូលដ្ឋាន, វិស័យឯកជន, ដៃគូអភិវឌ្ឍន៍, ស្ថាប័នជាតិ និង អន្តរជាតិ និង ជាពិសេសពីប្រជាជនដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់តែម្តង ។ ក្នុង ន័យនេះ, រដ្ឋបាលក្រុង, រាជធានី និង រដ្ឋធានីអាស៊ាន ដែលស្ថិតនៅជាប់ផ្ទាល់ ជាមួយប្រជាជន ត្រូវលើកកម្ពស់ការយល់ដឹង និង សមត្ថភាពក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ព្រមទាំងការចាប់ផ្តើមយកចិត្តទុកដាក់លើ សេដ្ឋកិច្ចវិលជុំ និង សេដ្ឋកិច្ចបៃតង ។ ជាមួយគ្នានេះ, រដ្ឋបាលក្រុង, រាជធានី និង រដ្ឋធានីអាស៊ាន ក៏ត្រូវបង្កបរិយាកាសងាយស្រួល ដល់ការធ្វើការអាជីវកម្ម, ធុរកិច្ច, ពាណិជ្ជកម្ម និង ការវិនិយោគ និង ដោះស្រាយបញ្ហាចំពោះមុខផ្សេង ដែលប៉ះពាល់ ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន;
ទី៤. នៅក្នុងក្របខណ្ឌតំបន់, រដ្ឋបាលក្រុង, រាជធានី និង រដ្ឋធានីអាស៊ានទាំងអស់ត្រូវសហការគ្នា ក្នុងការជំរុញល្បឿន និង ពង្រីកសក្តានុពលនៃការតភ្ជាប់ និង សមាហរណកម្មទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែខ្លាំងឡើង តាមរយៈការរួមគ្នាលើកកម្ពស់ឌីជីថលូបនីយកម្ម និង បរិវត្តកម្មឌីជីថល ដែលមានសក្តានុពលខ្ពស់ ក្នុងការអភិវឌ្ឍ និងតភ្ជាប់គ្រប់វិស័យ ទាំងក្នុងប្រទេស និង តំបន់ និង

ទី៥. គម្លាតនៃការកសាងទីក្រុងឆ្លាត ក្នុងតំបន់ នឹងអាចកើតមានឡើង ដោយសារនិន្នការរីកធំឡើងនៃគម្លាតបច្ចេកវិទ្យាឌីជីថល ។ ក្នុងន័យនេះ, រដ្ឋបាលក្រុង, រាជធានី និង រដ្ឋធានីអាស៊ាន ត្រូវជំរុញឱ្យកាន់តែខ្លាំងថែមទៀតនូវវប្បធម៌ផ្លាស់ប្តូរចំណេះដឹង និងចែករំលែកបទពិសោធន៍ ជុំវិញការកសាងទីក្រុងឆ្លាត ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង ឌីជីថល ក៏ដូចជាការធានាសុខសន្តិសុខ, ស្ថិរភាព និង សោភ័ណភាពទីក្រុង តាមរយៈការគ្រប់គ្រងទឹកស្អាត, អគ្គីសនី និងសំណល់ ប្រកបដោយប្រសិទ្ធភាព ។ ជាមួយគ្នានេះ, ខ្ញុំសូមស្នើឱ្យមានការតម្រឹម កិច្ចខិតខំប្រឹងប្រែង ជាមួយការរៀបចំ និង ជំរុញការអនុវត្តផែនការសកម្មភាពរួមគ្នា ជាក់ស្តែង ដូចជា ផែនការសកម្មភាពទីក្រុងឆ្លាត(SCAPs) ជាដើម ដើម្បីធានា បរិយាបន្នក្នុងតំបន់ យ៉ាងពិតប្រាកដ ។ ឆ្លៀតក្នុងឱកាសនេះ, សម្តេចនាយករដ្ឋមន្រ្តី ក៏សូមស្នើឱ្យរដ្ឋបាលមូលដ្ឋាន អាស៊ាន គាំទ្រដល់ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ដែលកម្ពុជា បានស្នើឱ្យមានការរៀបចំឡើង ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ នេះ សំដៅចូលរួមកសាងទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែមានភាពបៃតង និង ការប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាព ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី











