ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យសមាជិកអាស៊ានគាំទ្រដល់ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ព្រោះជាការរៀបចំទីក្រុងឆ្លាតវៃ ប្រកបដោយបរិយាប័ន្ន

ភ្នំពេញ ៖ ជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayor Forum 2022) ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលរៀបចំនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យរដ្ឋបាលមូលដ្ឋានអាស៊ានចូលរួមគាំទ្រដល់ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានអាស៊ានឆ្នាំ២០២២។

«កិច្ចព្រមព្រៀងបៃតងអាស៊ាន» នេះ គឺផ្ដោតទៅលើការរៀបចំទីក្រុងឆ្លាតវៃ ប្រកបដោយបរិស្ថានល្អ បច្ចេកវិទ្យា និងសោភ័ណភាព, គម្លាតនៃការកសាងទីក្រុងឆ្លាតក្នុងតំបន់ នឹងអាចកើតមានឡើងដោយសារនិន្នាការរីកធំឡើងនៃគម្លាតបច្ចេកវិទ្យាឌីជីថល។ ក្នុងន័យនេះ, រដ្ឋបាលក្រុង, រាជធានី និង រដ្ឋធានីអាស៊ាន ត្រូវជំរុញឱ្យកាន់តែខ្លាំងថែមទៀតនូវវប្បធម៌ផ្លាស់ប្តូរចំណេះដឹង និង ចែករំលែកបទពិសោធន៍ ជុំវិញការកសាងទីក្រុងឆ្លាតវៃ ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង ឌីជីថល ក៏ដូចជាការធានាសុខសន្តិភាព, ស្ថិរភាព និងផាសុកភាព តាមរយៈការគ្រប់គ្រងទឹកស្អាត, អគ្គិសនី និងសំណល់ប្រកបដោយប្រសិទ្ធភាព។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងសន្ទរកថា ថា ខ្ញុំសូមស្នើឱ្យរដ្ឋបាលមូលដ្ឋានអាស៊ាន គាំទ្រដល់ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ដែលកម្ពុជាបានស្នើឱ្យមានការរៀបចំឡើង ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ សំដៅចូលរួមកសាងទីក្រុងឆ្លាតវៃអាស៊ាន ឱ្យកាន់តែមានភាពបៃតង និងការប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាព។

ការតម្រឹមកិច្ចខិតខំប្រឹងប្រែង ផ្សារភ្ជាប់ជាមួយការរៀបចំ និងជំរុញការអនុវត្តផែនការសកម្មភាពរួមគ្នាជាក់ស្តែង ដូចជាផែនការសកម្មភាពទីក្រុងឆ្លាតវៃ ជាដើម ដើម្បីធានាបរិយាប័ន្នក្នុងតំបន់ពិតប្រាកដ។ អាស៊ានគួរតែពិចារណា លើគំនិតផ្តួចផ្តើមបង្កើតក្របខណ្ឌ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» នេះឡើង ដែលផ្តួចផ្តើមដោយ សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ក្នុងឋានៈជាប្រធានអាស៊ានឆ្មាំ២០២២។

ព្រោះថា ប្រសិនបើអាស៊ានអាចពិចារណាលើគំនិតផ្តួចផ្តើមបង្កើតក្របខ័ណ្ឌធំទូលាយមួយ ដែលសម្តេចហៅថា ជាកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) សំដៅអនុញ្ញាត ឱ្យតំបន់របស់អាស៊ាន អាចប្រែខ្លួនបន្តិចម្ដងៗ ឆ្ពោះទៅកាន់អនាគតបៃតងមួយដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច។

កិច្ចព្រមព្រៀងបៃតងអាស៊ាននេះ នឹងអាចគ្របដណ្តប់ទៅលើវិស័យជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពល កម្មន្តសាល ការប្រើប្រាស់ កសិកម្ម ការដឹកជញ្ជូន បរិស្ថាន និងហិរញ្ញវត្ថុ ដោយមានបច្ចេកវិទ្យា នវានុវត្តន៍ និងការកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ បំពេញតួនាទីជាកត្តាជំរុញ, សម្តេចតេជោ ហ៊ុន សែន សូមស្វាគមន៍មតិយោបល់របស់សមាជិកអាស៊ាន ក្នុងការធ្វើឱ្យគំនិតផ្ដួចផ្ដើមនេះក្លាយជាការពិត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម