Tuesday, January 31, 2023

ក្រុមហ៊ុន Meta ដាក់ដំណើរការផតថលភាសាខ្មែរ ដើម្បីជួយទប់ស្កាត់ និងលុបបំបាត់ការចែករំលែករូបស្រើបស្រាល ដោយគ្មានការយល់ព្រមនៅលើអ៊ីនធើណិត

spot_img

ភ្នំពេញ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២ ៖ គេហទំព័រមួយដែលមានគោលដៅទប់ស្កាត់ និងលុបបំបាត់ការចែករំលែករូបភាពស្រើបស្រាលដោយគ្មានការយល់ព្រម ត្រូវបានដាក់ដំណើរការឱ្យប្រើប្រាស់ជាភាសាខ្មែរដោយក្រុមហ៊ុន Meta ដោយមានការគាំទ្រពីអង្គការសេរីភាពកម្ពុជាអូស្ត្រាលី (AusCam Freedom Project)។

គេហទំព័រនេះគឺជាគេហទំព័របណ្តាញជំនួយសម្រាប់ករណីសងសឹកដោយបង្ហោះរូបអាសអាភាស (Revenge Porn Helpline) ក្នុងស្រុកដែលទទួលបានការគាំទ្រពីអង្គការសប្បុរសធម៌មិនស្វែងរកប្រាក់ចំណេញ SWGfL ក្នុងនាមឱ្យមជ្ឈមណ្ឌលសុវត្ថិភាពអ៊ីនធឺណិតចក្រភពអង់គ្លេស (UK Safer Internet Centre) ដែលជាអង្គការធ្វើកិច្ចការខាងផ្នែកសុវត្ថិភាពអនឡាញក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះតាមរយៈការផ្តល់បទបង្ហាញ និងការបណ្តុះបណ្តាលដល់ភាគីពាក់ព័ន្ធជាច្រើនទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។

ភ្លែតហ្វមនេះមានឈ្មោះថា StopNCII.org និងជាគំនិតផ្តួចផ្តើមសកលដំបូងគេនៅក្នុងផ្នែកនេះ ដើម្បីជួយឱ្យមានសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រជាជនដែលព្រួយបារម្ភថា រូបភាពស្រើបស្រាលរបស់ពួកគេ (រូបថត ឬវីដេអូដែលមានរូបអាក្រាតកាយ ឬមានលក្ខណៈផ្លូវភេទ) អាចត្រូវបានចែករំលែកដោយគ្មានការយល់ព្រមពីពួកគេផ្ទាល់។

តំណាងមកពីស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល និងស្ថានទូតនានា បានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍នេះដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Hyatt Regency ក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ដំណើរការផតថល StopNCII.org ជាភាសាខ្មែរនេះ។

លោក ហេង ភក្តី អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈនៃក្រុមហ៊ុន Meta ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «ការចែករំលែករូបភាពស្រើបស្រាលដោយគ្មានការយល់ព្រម (NCII) ដែលជួនកាលហៅថា “ការសងសឹកដោយបង្ហោះរូបអាសអាភាស” អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស។ ក្រុមហ៊ុន Meta មិនអនុញ្ញាតឱ្យមានមាតិកាបែបនេះនៅលើកម្មវិធី (Apps) របស់យើងទេ។ ថ្ងៃនេះនៅក្នុងប្រទេសកម្ពុជា យើងកំពុងដាក់ដំណើរការផតថលជាភាសាខ្មែរ ក្នុងគោលបំណងទប់ស្កាត់ និងដកចេញរូបភាពទាំងនោះដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់។ យើងសូមថ្លែងអំណរគុណដល់អង្គការ Auscam និងអង្គការ SWGfL សម្រាប់ការផ្តល់ការគាំទ្រជាមួយនឹងគំនិតផ្ដួចផ្ដើមនេះ»។

ផតថល StopNCII.org នេះបង្កើតឡើងដោយការភ្ជាប់ទៅនឹងបច្ចេកវិទ្យារបស់ Facebook និង Instagram។ ភ្លែតហ្វមថ្មីនេះផ្តល់សុវត្ថិភាព ឯកជនភាព និងសន្តិសុខប្រសើរជាងមុន ដើម្បីជួយជនរងគ្រោះនិងអង្គការដែលគាំទ្រជនរងគ្រោះដកចេញរូបភាពស្រើបស្រាលដោយគ្មានការយល់ព្រម (NCII) ពីប្រព័ន្ធអ៊ីនធើណិតទាំងស្រុង។
ក្រុមហ៊ុន Meta គាំទ្រដល់ការដាក់ដំណើរការផតថល StopNCII.org ដោយសហការជាមួយបណ្តាញ UK Revenge Porn Helpline និងអង្គការជាង ៥០ទៀតនៅទូទាំងពិភពលោក។

ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Meta បានសហការជាមួយអង្គការសេរីភាពកម្ពុជាអូស្ត្រាលីដែលជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកធ្វើការងារលើការគាំទ្រស្ត្រី និងកុមារដែលងាយរងគ្រោះក្នុងការកេងប្រវ័ញ្ចអនឡាញ ។
លោកស្រី Sophie Mortimer អ្នកគ្រប់គ្រងបណ្តាញ Revenge Porn Helpline សម្រាប់អង្គការ SWGfL បានមានប្រសាសន៍ថា៖ «គេហទំព័រ StopNCII.org គឺជាការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងវិធីដែលមនុស្សត្រូវបានការពារនៅលើអនឡាញពីការចែករំលែករូបភាពស្រើបស្រាលដោយគ្មានការយល់ព្រម ហើយខ្ញុំពិតជារីករាយក្នុងការស្វាគមន៍អង្គការ AusCam មកកាន់បណ្តាញដៃគូដ៏សំខាន់របស់យើងនៅក្នុងគំនិតផ្តួចផ្តើមនេះ។ យើងដឹងថា ស្ត្រីនិងបុរសដែលប្រើប្រាស់គេហទំព័រ StopNCII.org កំពុងស្ថិតក្នុងស្ថានភាពលំបាក ហើយមានតែអង្គការទាំងនេះទេដែលនឹងអាចមានលទ្ធភាពផ្តល់ការគាំទ្រសំខាន់ និងសមស្របបំផុតនៅក្នុងសហគមន៍របស់ពួកគេផ្ទាល់។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងនឹងអាចបញ្ចប់ការរំលោភបំពានដោយការចែកចាយរូបភាពស្រើបស្រាលដោយគ្មានការយល់ព្រមនេះតាមរយៈការធ្វើការងាររួមគ្នាជាសកល»។

លោក សឿង សម្បត្តិ នាយកប្រចាំប្រទេសកម្ពុជានៃអង្គការ AusCam បានមានប្រសាសន៍ថា៖ «ក្នុងរយៈពេល ១២ខែកន្លងមកនេះ ចំនួនជនរងគ្រោះកាន់តែច្រើនឡើងបានទាក់ទងមកយើងដើម្បីសុំជំនួយក្នុងការដកចេញរូបភាពស្រើបស្រាលដោយគ្មានការយល់ព្រមរបស់ពួកគេពីប្រព័ន្ធអ៊ីនធើណិត។ គេហទំព័រ StopNCII.org គឺជាដំណោះស្រាយបច្ចេកវិទ្យាដ៏សំខាន់មួយក្នុងការដោះស្រាយបញ្ហានេះ។ ក្នុងនាមជាអង្គការមួយដែលផ្តោតលើការជួយគាំពារកុមារី និងស្ត្រី AusCam ពិតជាមានក្តីរីករាយក្នុងការផ្តល់ការគាំទ្រសម្រាប់ការដាក់ដំណើរការគេហទំព័រ និងបុព្វហេតុដ៏មានតម្លៃនេះ»។
នៅពេលដែលនរណាម្នាក់មានក្តីបារម្ភថា រូបភាពស្រើបស្រាលរបស់ពួកគេត្រូវបានបង្ហោះទៅកាន់ភ្លែតហ្វមអនឡាញនានាដូចជា Facebook ឬ Instagram ពួកគេអាចបង្កើតករណីស្នើសុំ មួយតាមរយៈគេហទំព័រ StopNCII.org ដើម្បីស្វែងរករូបភាពទាំងនោះ។

យោងតាមក្រុមហ៊ុន Meta គេហទំព័រ StopNCII.org ត្រូវបានបង្កើតឡើងដោយផ្តោតលើសុវត្ថិភាព សន្តិសុខ និងឯកជនភាពនៅគ្រប់ជំហាននៃដំណើរការរបស់គេហទំព័រនេះ។ គេហទំព័រនេះប្រើប្រាស់បច្ចេកវិទ្យាបង្កើតកូដ (Hash) ដែលបង្កើតជាតម្លៃកូដជាក់លាក់មួយ (លេខកូដ) ចំពោះរូបភាពណាមួយ ដែលបង្កើតបានជាក្រយ៉ៅដៃឌីជីថល (Digital fingerprint) ដ៏មានសុវត្ថិភាព។ ក្រុមហ៊ុនបច្ចេកវិទ្យា ដែលចូលរួមក្នុងការបង្កើតគេហទំព័រ StopNCII.org ទទួលបានកូដ Hash ហើយអាចប្រើប្រាស់កូដ Hash នេះ ដើម្បីស្វែងរករូបភាពណាមួយ ប្រសិនបើអ្នកណាម្នាក់បានចែករំលែក ឬកំពុងព្យាយាមចែករំលែករូបភាពទាំងនោះនៅលើភ្លែតហ្វមរបស់ពួកគេ។
មានតែកូដ Hash ទេ (មិនមែនរូបភាពរបស់កូដទាំងនោះ) ត្រូវបានចែករំលែកនៅក្នុងគេហទំព័រ StopNCII.org និងភ្លែតហ្វមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដែលចូលរួម។

មុខងារពិសេសនេះរារាំងមិនឱ្យមានការចរាចរបន្ថែមទៀតនូវមាតិកាជារូបភាពស្រើបស្រាលដោយគ្មានការយល់ព្រមទាំងនេះ និង រក្សារូបភាពទាំងនោះដោយសុវត្ថិភាពដោយម្ចាស់ផ្ទាល់។
គេហទំព័រ StopNCII.org ត្រូវបានបង្កើតឡើងសម្រាប់មនុស្សពេញវ័យដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលគិតថា រូបភាពស្រើបស្រាលរបស់ពួកគេអាចត្រូវបានចែករំលែក ឬត្រូវបានចែករំលែករួចហើយ ដោយគ្មានការយល់ព្រមពីពួកគេ។ សម្រាប់អ្នកដែលមានអាយុក្រោម ១៨ ឆ្នាំ មានធនធាននិងស្ថាប័នផ្សេងទៀតដែលអាចផ្តល់ការគាំទ្រដោះស្រាយបាន ដូចជា អង្គការសេរីភាពកម្ពុជាអូស្ត្រាលី បណ្តាញទូរស័ព្ទជំនួយ Freedom៖ ០១១ ៤៤៤ ០៨០ ឬផ្ញើសារទៅកាន់ FB Messenger ដែលមានឈ្មោះ @ACFreedomProject។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://stopncii.org/faq/