ភ្នំពេញ ៖ បុរសអ្នកដឹកអាហារក្រុមហ៊ុនfood panda ម្នាក់បានធ្លាក់ពីលើកៅអីដាច់ផ្ងារស្លា.ប់ ខណ:កំពុងអង្គុយរង់ចាំកម្មង់ដឹកម្ហូបយកទៅឲ្យម៉ូយ នៅហាងមីហិរ៧កំរិតមួយកន្លែង ស្ថិតនៅផ្លូវលេខ២២៥ កែងនឹងផ្លូវ១១៨ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង៥៥នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២។
សពបុរសខាងលើនេះមានឈ្មោះ ឡោម សំណាង អាយុ២៦ឆ្នាំ មុខរបរបុគ្គលិក ក្រុមដឹកជញ្ជូន food panda ស្នាក់នៅបន្ទប់ជួលម្តុំមុខពេទ្យលោកសង្ឃ មានស្រុកកំណើតនៅស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។

យោងតាមសម្តីនារីដែលជាភរិយារបស់បុរសខាងលើ បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា ពួកគាត់ទាំងពីរនាក់ បានចាប់ដៃគ្នារៀបការបានរយៈពេលមិនបានមួយឆ្នាំផង ក្រោយពីរៀបការនឹងគ្នាជាប្តីប្រពន្ធតាមប្រពៃណី ពួកគាត់ទាំងពីរ បានសម្រេចចិត្តចេញពីស្រុកកំណើត ពីខេត្តបន្ទាយមានជ័យ មកជួលបន្ទប់គេស្នាក់នៅឯទីក្រុងភ្នំពេញ ដោយបុរសជាប្តីប្រកបមុខរបរជាអ្នកដឹកជញ្ជូន ចំណែកនារីជាភរិយាជាបុគ្គលិកក្រុមហ៊ុនឯកជន ដោយពួកគាត់ទាំងពីរនាក់ស្រលាញ់គ្នាចាក់ទឹកមិនលេច ហេតុអ្វីបានជាប្តីរបស់គាត់គាត់អាយុខ្លីបែបនេះ ខំក្រោកទាំងពីព្រឹកចេញទៅបំពេញមុខរបរការងារ ដើម្បីគ្រួសារតែអនិច្ចាប្តីរបស់គាត់បានខ្យល់គ ស្លា.ប់ ខណ:កំពុងតែអង្គុយរងចាំកម្មង់ដឹកម្ហូបយកទៅឲ្យម៉ូយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចខណ្ឌទួលគោក សហការជាមួយនិងកម្លាំងការិយាល័យជំនាញបច្ចេកទេសកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកសពប្តីរបស់គាត់មកពិនិត្យកោសល្យវិច័យ នៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រោយពេលពិនិត្យសពរួចរាលហើយនោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សព ជូនប្រពន្ធរបស់គាត់ដឹកសពប្តីរបស់គាត់ យកទៅធ្វើបុណ្យតាមប្រពៃណីឯខេត្តបន្ទាយមានជ័យ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានរថយន្តដឹកសាកសពរបស់លោកឌី និងរថយន្តរបស់មន្ទីពហុព្យាបាលឯកជនពន្លឺ ដែលដឹកសពជនរងគ្រោះ ពីកន្លែងកើតហេតុយកមកតម្កល់ទុកនៅវត្តទឹកថ្លា ឈ្លោះប្រកែកគ្នាដណ្តើមដឹកសពយកទៅស្រុកកំណើត នៅឯខេត្តបន្ទាយមានជ័យ ផ្អើលដល់កម្លាំងនគរបាលខណ្ឌសែនសុខ ចុះមកអន្តរាគមន៍ភ្លាមៗ ដើម្បីបញ្ចប់រឿង៕ រក្សាសិទ្ធិដោយ ៖ សួង សាម






