យើងគ្រប់គ្នាប្រហែលជាបានធ្លាប់លឺមកហើយ ពីរឿងដែលបុគ្គលិកបំរើការនៅកន្លែងលក់ឡានទំនើប និងម៉ូតូថ្លៃៗ ដែលពួកគេវាយតម្លៃអតិថិជនរបស់ពួកគេ ទៅលើការស្លៀកពាក់ និងភាពហ៊ឺហា។ ប្រសិនអតិថិជនស្លៀកពាក់ស្អាតបាតហ៊ឺហា ដើរចូលហាង ពួកគេប្រាកដជាស្វាគមន៍រាក់ទាក់ ប៉ុន្តែប្រសិនជាអតិថិជន មើលទៅខោមិនខោ អាវមិនអាវ ពួកគេជារឿយៗមិនសូវអើពើជាមួយនោះទេ។
រឿងមួយនេះបានកើតឡើងទៅលើបុរសជនជាតិថៃម្នាក់។ គាត់បានផ្តល់មេរៀនទៅដល់អ្នកលក់របស់ទំនើបថ្លៃ នៅពេលគាត់បានដើរចូលហាងធំៗជាច្រើនដើម្បីទិញម៉ូតូធំមួយគ្រឿងតម្លៃរាប់មុឺនដុល្លា ទុកជិះកំសាន្តលេង។
បុរសដាក់ខ្លួនខាងលើ ស្លៀកពាក់ ខោចែវ និងអាវទំហំធំ មានស្នាមប្រឡាក់ជាច្រើន និងស្បែកជើងផ្ទាត់។ គាត់ស្លៀកពាក់បែបនេះ រួចបានទៅកាន់កន្លែងលក់ម៉ូតូជាច្រើនហាង ដើម្បីរកមើលម៉ូតូធំមួយដែលឡូយ។ គាត់ដើរមើលម៉ូតូត្រួសៗក្នុងហាងនីមួយៗ ប៉ុន្តែអ្នកលក់នៅទីនោះ មិនអើពើ និងដើរកាត់គាត់ធ្វើមិនដឹង ហាក់ដូចគ្មានមនុស្សអញ្ជឹង។
ដោយសារតែគាត់ស្លៀកពាក់សំលៀកបំពាក់ចាស់ និងរហែកបែបនោះ ទើបអ្នកលក់គិតថា គាត់មិនមានលទ្ធភាពទិញម៉ូតូថ្លៃៗរបស់ពួកគេនោះទេ ដូច្នេះពួកគេមិនសូវខ្វល់ខ្វាយនឹងគាត់ឡើយ។
គាត់បានដើរមើលម៉ូតូពីហាងមួយទៅហាងមួយប៉ុន្តែអ្នកលក់មិនអើពើ និងសាកសួរគាត់សោះរហូតដល់គាត់បានទៅដល់ហាងលក់ម៉ូតូទំនើបមួយ ដែលគេបានផ្តល់សេវាល្អដល់គាត់។
ពេលនោះហើយ គាត់បានជ្រើសរើសម៉ូតូមួយ រួចមើលវាចុះឡើងៗអស់ ១០នាទី ទើបគាត់សម្រេចចិត្តទិញយកវា។
អ្នកលក់ស្រឡាំងកាំង នៅពេលឃើញបុរសចំណាស់ម្នាក់នោះ បានដកលុយមួយដុំចេញមកប្រហែល១៩.០០០ដុល្លា ដើម្បីទិញម៉ូតូមួយគ្រឿងម៉ាក Harley Davidson។ នៅពេលគិតគូរលុយរួច គាត់ក៏បានបើកម៉ូតូនោះចេញទៅធ្វើមិនដឹង។
បងស្រីរបស់បុរសចំណាស់នោះ បានបង្ហោះពីបទពិសោធន៏របស់ប្អូនគាត់ពីការទៅទិញម៉ូតូ នៅលើបណ្តាញសង្គម។ គាត់បញ្ជាក់ថា ប្អូនរបស់គាត់ឈ្មោះ Lung Decha ដែលជាជាងធ្វើម៉ាស៊ីន។ ប្អុនគាត់គឺជាមនុស្សស្មោះត្រង់ម្នាក់ ដែលមិនប្រឡាក់ខ្លួនទៅនឹងស្រា បារី និងល្បែងស៊ីសងនោះទេ។ គាត់គឺជាមនុស្សដែលខិតខំធ្វើការ ចិញ្ជឹមជីវិតប្រកបដោយភាពថ្លៃថ្នូរ ហើយគាត់ក៏បានយកលុយដែលគាត់សន្សំទៅទិញម៉ូតូមួយគ្រឿង។
អ្នកស្រីបញ្ជាក់ថា អ្នកលក់ដែលមើលតែសំបកក្រៅរបស់ភ្ញៀវ និងមិនអើពើចំពោះប្អូនរបស់គាត់ ប្រាកដជាមានសំណាងអាក្រក់ហើយ ព្រោះពួកគេបាត់បង់អតិថិជនម្នាក់ដូចប្អូនគាត់ ហើយក៏បាត់បង់ប្រាក់កំរៃជើងសារផងដែរ ព្រោះប្អូនគាត់ចំណាយដល់ទៅ ១៩.០០០ដុល្លារ ដើម្បីទិញម៉ូតូមួយគ្រឿង។ បើពួកគេរាក់ទាក់ និងសួរនាំប្អូនខ្ញុំ ពួកអ្នកលក់នោះ ប្រាកដជាបានប្រាក់កំរៃជើងសារមិនតិចទេពីការលក់៕ សុភ័ក្ត្រ