រដ្ឋមន្ត្រីការបរទេសអាមេរិច រិច ធៀល័រសាន់ (Rex Tillerson) បាននិយាយឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា មានសញ្ញាបញ្ជាក់ច្បាស់លាស់ថា ទណ្ឌកម្មដែលដាក់លើប្រទេសកូរ៉េខាងជើងកំពុងតែមានប្រសិទ្ធិភាព។
លោក ធៀល័រសាន់ ដែលបានអមដំណើរប្រធានាធិបតី ដូណាល់ ត្រាំក្នុងដំណើរទស្សនៈកិច្ចទៅទីក្រុងប៉េងកាំង បានថ្លែងប្រាប់អ្នកសារព៌តមានថា ប្រទេសទាំងពីរ បានពិភាក្សាគ្នាពីការផ្លាស់ប្តូរ ដែលពួកគេបានមើលឃើញនៅក្នុងប្រទេសកូរ៉េខាងជើង ក្រោយពេលប្រទេសនេះរងទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។
រដ្ឋមន្ត្រីការបរទេសអាមេរិច Rex Tillerson
“មានសញ្ញាច្បាស់លាស់ ហើយភាគីចិនបានចែករំលែកពីសញ្ញាមួយចំនែកដែលពួកគេបានមើលឃើញ។ ពួកយើងបានច្បាស់ពិតប្រាកដតាមរយៈព៌តមាន និងប្រភពដទៃទៀតដែលពួកយើងមាន ហើយវាកំពុងបង្កើតបញ្ហាដល់សេដ្ឋកិច្ចកូរ៉េខាងជើង ប្រជាជនមួយចំនួន និងយោធារបស់ពួកគេផងដែរ”។
ទោះយ៉ាងណា លោក មិនបានបរិយាយលំអិតពីសញ្ញាទាំងនោះដែលលោកថាទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងកំពុងមានប្រសិទ្ធិភាព។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចដើម្បីដាក់ទណ្ឌកម្មដល់របបកុម្មុនិស្តព្យុងយ៉ាង ក្រោយពេលរបបផ្តាច់ការឯកោរមួយនេះបានបាញ់សាកល្បងមីស៊ីលរយៈចំងាយឆ្ងាយកាលពីខែកក្កដា និងសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ របស់ខ្លួនកាលពីខែកញ្ញាកន្លងទៅ។
ប្រទេសជាច្រើនទូទាំងពិភពលោកបានអនុវត្តសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងព្យុងយ៉ាង ដោយប្រទេសមួយចំនួនបានសម្រេចបណ្តេញឯកអគ្គរដ្ឋទូកកូរ៉េខាងជើងប្រចាំប្រទេសរបស់ខ្លួនឲ្យត្រឡប់ទៅវិញ និងផ្តាច់ទំនាក់ទំនងជាមួយនឹងព្យុងយ៉ាង។
សូម្បីតែចិន ដែលជាដៃគូជំនួញ និងសម្ព័ន្ធមិត្តរបស់កូរ៉េខាងជើង ក៏បានសម្រេចចិត្តអនុវត្តទណ្ឌកម្មប្រឆាំងនឹងព្យុងយ៉ាងដោយ៕ សុភ័ក្ត្រ