ភ្នំពេញ ៖ ព្រះសង្ឃ សិស្ស និស្សិតព្រមទាំងពុទ្ធបរិស័ទ ជាសិស្សគណទាំងអស់គ្រប់ទិសទី បានមូលមតិគ្នាជាឯកច្ឆ័ន្ធ ប្រារព្ធធ្វើបុណ្យខួប៤០ព្រះវស្សា និងចម្រើនព្រះជន្មាយុ ៥៦ ឈានចូល ៥៧ ព្រះវស្សា ប្រគេនចំពោះ ព្រះឧត្ដមសត្ថា បណ្ឌិត ជា ឆោម ព្រះរាជាគណថ្នាក់កិត្តិយស គង់នៅសហរដ្ឋអាមេរិក (USA)។ សូមអារាធនានិមន្ត យាង និង គោរពអញ្ជើញ ព្រះសង្ឃ សម្ដេចទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សិស្ស និស្សិត និងពុទ្ធបរិស័ទជាសិស្សគណគ្រប់ទិសទី។ វិធីបុណ្យ ស្ថិតនៅវត្តមេត្តាពោធិវង្ស កុដិលេខ១១ សង្កាត់ទួលសង្កែ២ នណ្ឌឬស្សីកវ រាជធានីភ្នំពេញ ធ្វើឡើងនៅព្រឹកថ្ងៃទី៤ខែធ្នូឆ្នាំ២០២២។

កម្មវិធីបុណ្យ នៅព្រឹកថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ២០២២ ជួបជុំព្រះសង្ឃសិស្សនិស្សិត ពុទ្ធបរិស័ទ ជិកឆ្ងាយ ជាសិស្សគណទាំងអស់ប្រារព្ធធ្វើកិច្ចសុំខមាទោសចំពោះ ព្រះឧត្តមសត្ថា បណ្ឌិត ធ្វើបទនមស្សការសមាទានសីល ចម្រើន ព្រះបរិត្ត ប្រគេនចំពោះ ព្រះឧត្តមសត្ថា បណ្ឌិត និងជេរតត្តាហារប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។
ព្រះភិក្ខុអគ្គវង្សា សុវណ្ណ សាចន្នី ជាជំនួយការព្រះឧត្ដមសត្ថា បណ្ឌិត ជា ឆោម គង់នៅវត្តមេត្តាពោធិវង្ស កុដិលេខ១១ បានមានសង្ឃដីកាថា ” នាថ្ងៃនេះ កុដិលេខ១១ បានប្រារព្ធពិធីបុណ្យខួបសាងព្រះផ្នួស ៤០ ព្រះវស្សា របស់ ព្រះឧត្តមសត្ថា បណ្ឌិត ជា ឆោម និងចម្រើនព្រះជន្មាយុ ៥៦ ឈានចូល ៥៧ ព្រះវស្សា ដោយសិស្សគណទាំងអស់ បានមូលមតិរួមគ្នាដើម្បីធ្វើបុណ្យរំលឹកគុណូបក្ការៈ។ សិស្សគណទាំងអស់បានមកពីបណ្តាខេត្ត កំពង់ចាម បន្ទាយមានជ័យ កំពង់ស្ពឺ ពោធិ៍សាត់ និងរាជធានី ។ កម្មវិធីចម្រើនព្រះជន្ម ទើបតែធ្វើឆ្នាំនេះ ដោយសារព្រះឧត្តមសត្ថា បណ្ឌិត ជា ឆោម ជាអ្នកផ្តើមកសាងកុដិលេខ១១នេះ ។ ព្រះឧត្តមសត្ថា បណ្ឌិត ជា ឆោម នាពេលបច្ចុប្បន្ន គង់នៅវត្តនាសហរដ្ឋអាមេរិក ដែលព្រះអង្គបាននិមន្តទៅសហរដ្ឋអាមេរិកជាង២៣វស្សាហើយ ហើយជាធម្មតាព្រះបាននិមន្តមកស្រុកខ្មែរវិញ ក្នុងមួយឆ្នាំ២ ឬ៣ ដង ដើម្បីធ្វើជាសប្បុរធម៌ប្រមូលបច្ច័យមកកសាងសមិទ្ធិផលនានា ដូចជាកុដិ សាលាឆ័ន សាលាបុណ្យ សាលាបាលី ស្ពាន ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី










