Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹងការ​ពិតហើយ! វិធី​បោក​ថ្មី ធ្វើជា​មក​ស្រោចទឹក​រំដោះគ្រោះ យក​លុយ​ដុល្លារ​ក្លែងក្លាយ ដូរ​យក​លុយ​ខ្មែរ

ជឿថាប្រិយមិត្ត និងមហាជជាច្រើន បានទទួលជ្រាបរួចហើយ ទាក់ទងល្បិចបោកថ្មី ដែលទើបបោកបានសម្រេចទៅលើព្រះសង្ឃមួយអង្គ គង់នៅវត្តភូមិថ្មី ដែលស្ថិតនៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល តាមរយៈវីធីបោកធ្វើជាមកស្រោចទឹករំដោះគ្រោះ ដោយបានយកលុយដុល្លារក្រដាស 50 ក្លែងក្លាយ ចូលបច្ច័យកសាងសាលាឆាន់ 20$ ប្រគេនស្រោចទឹក 10$ និងសល់ 20$ ឲ្យអាប់យកលុយខ្មែរវិញ។

ចង់ដឹងថា ស្តាយល៍បោកថ្មីនេះបែបណានោះ ព្រះសង្ឃរងគ្រោះដែលមានព្រះនាម មួន សំបូរ បានប្រាប់លម្អិតឲ្យដឹងថា ដំបូងឡើយ នៅវេលាប្រហែល ២ រសៀល ជនបោកប្រាស់ប្តីប្រពន្ធមួយគូ មានវ័យស្របាល ៤០ បានមករកស្រោចទឹករំដោះគ្រោះ ប៉ុន្តែ នៅពេលឃើញសាលាឆាន់កំពុងត្រូវបានសាងសង់ ក៏បានប្រាប់លោកថា ពួកគេមានតែលុយដុល្លារក្រដាស 50 ចង់ចូលរួមកសាង 20$ ប្រគេនបច្ច័យបួន10$ និងនៅសល់ 20$ សុំឲ្យលោកអាប់យកលុយខ្មែរវិញ។

ព្រះសង្ឃខាងលើបន្តថា ជនបោកប្រាស់ប្តីប្រពន្ធ បានប្រាប់លោកថា ពួកគេទើបមកដកលុយពីធនាគារ អត់មានលុយរាយទេ គឺមានតែក្រដាសដុល្លារធំៗ។ បន្ទាប់មក ពួកគេបានដកលុយដុល្លារក្លែងក្លាយក្រដាស 50 មកដាក់លើជើងពាន ហើយលោកអាប់យកលុយខ្មែរវិញ 20$ ។ ប៉ុន្តែ ដោយសារលោកអត់លុយ មានតែ ៦ ម៉ឺន ពួកគេក៏ទទួលយកឡើងជិះម៉ូតូចាកចេញបាត់ ដោយពុំបានស្រោចទឹកអ្វីនោះទេ។

ព្រះសង្ឃរងគ្រោះ ក៏បានបញ្ជាក់ឲ្យដឹងពីល្បិចបិទបាំងលុយក្លែងក្លាយនេះថា ជនបោកប្រាស់បានយកស្កុតពណ៌ស្រដៀងនឹងលុយពិត កាត់រូបអាវប្រធានាធិបតីក្នុងរូបលុយ មកបិទពីលើអក្សរ «លុយសែន Copy» មើលអត់ដឹងនោះទេ។ ប៉ុន្តែ នៅពេលយកទៅប្រគេនគ្រូធំ កេះបកមើលទើបដឹងថាជាលុយក្លែងក្លាយ។

សូមបញ្ជាក់ថា វិធីបោកថ្មីនេះ បានកំពុងដើរបោកតាមវត្តផ្សេងៗហើយ ដោយបានទៅបោកប្រាស់ព្រះសង្ឃមួយអង្គទៀត អស់លុយ ២០ ម៉ឺនរៀល តាមរយៈក្រដាសដុល្លារ 50 ក្លែងក្លាយស្តាយល៍ដដែលនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×