ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃសៅរ៍ ០៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ថ្នាក់ដឹកនាំ បុគ្គលិក យុវជនកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងយាយជី តាជី ជាច្រើននាក់ បានចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត នមស្ការព្រះរតនត្រ័យ សមាទានសីល និងរាប់បាត្រព្រះសង្ឃចំនួន ៩អង្គ ដើម្បីថ្វាយព្រះរាជកុសល ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ខួប ៨២ យាងចូល ៨៣ ព្រះវស្សារបស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលប្រារព្ធធ្វើនៅក្នុងបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្ត ។
ក្នុងឪកាសនោះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអានព្រះរាជសារលិខិតជូនពរសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមឲ្យព្រះអង្គទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះពលានុភាពខ្លាំងក្លា ឈ្នះអស់ព្រះរោគាព្យាធិផងទាំងពូង ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងព្រះប្រកបតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូន ចៅ ចៅទួត និងប្រជារាស្ត្រ ជាទីស្រឡាញ់របស់ព្រះអង្គ ជាយូរអង្វែងតរៀងទៅ ៕ វ៉ៃកូ