ភ្នំពេញ៖ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបានផ្តល់គ្លីនិកចល័តចំនួន៤០ និងឡជីវឧស្ម័នចំនួន ១៥០០ឡ ដល់កម្ពុជា។
លិខិតប្តូរសារគម្រោងទាំងពីរនេះនៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយត្រូវបានចុះហត្ថលេខាដោយលោក វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ជាមួយលោក WANG Bingnan អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពលោក បណ្ឌិតសភា ចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ពិធីចុះហត្ថលេខានេះ គឺជាផ្លែផ្កាថ្មីមួយទៀតកើតចេញពីលទ្ធផលដ៏ត្រចះត្រចង់នៃដំណើរ ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក XI Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅប្រទេស កម្ពុជាកាលពីថ្ងៃទី ១៣-១៤ ខែតុលា ឆ្នាំ២០១៦ ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងជូនរាជរដ្ឋាភិបាលកម្ពុជានូវទឹកប្រាក់សរុបចំនួន ៣៦០០ លានយ័ន ត្រូវនឹងប្រមាណ ៥៥០ លានដុល្លារអាមេរិក សម្រាប់រយៈពេលបីឆ្នាំគឺ ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨។ ទឹកប្រាក់សន្យានេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដោយផ្តោតជា សំខាន់ដល់វិស័យមួយចំនួនដូចជា៖ សុខាភិបាល អប់រំ អភិវឌ្ឍន៍ជនបទ បណ្តុះបណ្តាលវិជ្ជាជីវៈ ទេសចរណ៍ និងព្រមទាំងគាំទ្រដល់ការរៀបចំការបោះឆ្នោត ផងដែរ។
លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា គ្លីនិកចល័តចំនួន៤០ រួមទាំងសម្ភារៈបរិក្ខារសម្រាប់ គ្លីនិកចល័តដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននេះនឹងយកទៅផ្គត់ផ្គង់តាមរាជធានីខេត្តទាំង២៥នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងបង្ខិតសេវាសុខាភិបាលកាន់តែជិត និងមាន ប្រសិទ្ធភាពជូនប្រជាជននៅតាមទីដាច់ស្រយាល។ ទន្ទឹមនេះ គម្រោងសាងសង់ឡជីវឧស្ម័នចំនួន ១៥០០ឡវិញនឹងធ្វើការសាងសង់ឡជីវឧស្ម័ននៅខេត្តចំនួន៧គឺ៖ ខេត្តត្បូងឃ្មុំ ខេត្តព្រះវិហារ ខេត្ត កំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ចាម និងខេត្តពោធិ៍សាត់ ដែលនឹងជួយដល់ប្រជាកសិករក្នុងការបម្លែងឧស្ម័នពីលាមកសត្វយកមកប្រើប្រាស់សម្រាប់ការចម្អិនម្ហូបអាហារ និងកាក សំណល់ក្នុងឡធ្វើជាជីសម្រាប់ដាំដំណាំបាន ដែលនឹងជួយលើកកម្ពស់កម្រិតជីវភាព ប្រជាជនឲ្យកាន់តែប្រសើរថែមមួយកម្រិតទៀត។
សូមជម្រាបជូនថា៖ គិតចាប់ពីឆ្នាំ២០០១ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៧នេះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបានសន្យាផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការមានទឹកប្រាក់សរុបចំនួនប្រមាណ ៤៨០០ លានអាមេរិកក្នុងនោះមាន ហិរញ្ញប្បទានឥតសំណង និងឥណទានឥតការប្រាក់ សរុបចំនួនប្រមាណ ១១៣០ លានអាមេរិក៕ ដោយ៖បញ្ញាស័ក្តិ