Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! កូនកំលោះ​ប្រឈម​បំណុល​រាប់​ម៉ឺន​ ក្រោយ​រៀបការ​បាន៣៣ថ្ងៃ លែងលះ​គ្នា ទាមទារ​ថ្លៃ​មង្គលការ​សុំត្រឹមជាង២ម៉ឺន$ តែ​កូនក្រមុំ​បដិសេ​ធ…

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២២ គេហទំព័រ South China Morning Post បានចុះផ្សាយពីរឿងរ៉ាវដ៏មិននឹកស្មានដល់មួយ ដែល​បុរស​អាយុ ២៥ ឆ្នាំ​ម្នាក់​ឈ្មោះ Hou មក​ពី​ខេត្ត Henan ភាគកណ្តាលនៃប្រទេសចិន ត្រូវចំណាយលុយខ្លួនឯង និងសូម្បីខ្ចីប្រាក់គេយ៉ាងច្រើន សម្រាប់ពិធីមង្គលការដ៏ប្រណិត ដែលមានតម្លៃ 510,000 យន់ (ប្រហែលជាង 70,000 ដុល្លារ) ប៉ុន្តែរៀបការបានពេលត្រឹមតែ ៣៣ ថ្ងៃប៉ុណ្ណោះ ក៏បែកបាក់គ្នា ហើយរូបគេជាកូនកំលោះ មិនសុខចិត្តទាមទារសំណងពីកូនក្រមុំវិញ ដែលកំពុងបង្កការវែកញែកក្តៅគគុក នៅលើសង្គមចិនដីគោក។

តាមរយៈការណែនាំពីអ្នកផ្គូរផ្គង នៅក្នុងឆ្នាំ ២០២២ គូស្នេហ៍មួយគូនេះមានអារម្មណ៍ល្អចំពោះគ្នាទៅវិញទៅមក ហើយបានសម្រេចចិត្តភ្ជាប់ពាក្យ ៣ ថ្ងៃក្រោយមក។ របាយការណ៍​បាន​បង្ហាញ​ថា ​ពិធី​រៀប​ការ​របស់​ពួកគេ​គឺ​អធិកអធម​បំផុត។

លុយដែលប្រើសម្រាប់រៀបអាពាហ៍ពិពាហ៍ដ៏ថ្លៃថ្នូរបស់គូស្នេហ៍នេះ បានមកពី Hou និងឪពុកម្តាយរបស់គាត់។ ចំណែកលុយខ្លះបានខ្ចីពីសាច់ញាតិផ្សេងទៀត។ Hou ត្រូវខ្ចីប្រាក់ 150,000 យន់ទៀត (ប្រហែលជាង 20,000 ដុល្លារអាមេរិក) ពីសាច់ញាតិ ដើម្បីចំណាយលើការចំណាយផ្សេងៗ រួមទាំងរថយន្ត ពិធីភ្ជាប់ពាក្យ ពិធីមង្គលការទាំងមូល និងថ្លៃបណ្ណាការ។

ប៉ុន្តែ​អ្នកណាទៅ​គិត​ថា ​ជីវិត​អាពាហ៍ពិពាហ៍​របស់​គូស្នេហ៍នេះ ​នឹង​ត្រូវ​បញ្ចប់​យ៉ាង​លឿន​ដូច្នេះ? បន្ទាប់ពីរៀបការបានតែ ៣៣ ថ្ងៃ។ លោក Hou បានបង្ហើបថា ប្រពន្ធរបស់គាត់ឈ្មោះ Li បានវេចបង្វិចខោអាវ ហើយបានរើចេញពីផ្ទះរបស់ពួកគេ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នា ដោយសារតែគាត់បានដេកលក់នៅផ្ទះ ហើយរូបនាងត្រូវបានចាក់សោរនៅក្រៅផ្ទះ បន្ទាប់ពីចេញការងារពេលយប់។

Hou បានព្យាយាមដាក់ពាក្យសុំលែងលះបន្ទាប់ពីនោះ។ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​ច្រានចោល ​ខណៈនាង Li ជាប្រពន្ធបាន​អះអាង​ថា ​អាពាហ៍ពិពាហ៍​របស់​ពួកគេ​មាន​សុភមង្គល។ ទោះ​បី​ជា​គាត់​ព្យាយាម​ប្តឹង​ឧទ្ធរណ៍​ក៏​ដោយ ប៉ុន្តែ​វា​មិន​ទាន់​ដល់​ពេល​សម្រាប់​ការ​ជំនុំ​ជម្រះ​នៅ​ឡើយ​ទេ។ ហេតុដូច្នេះហើយ ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនមក Hou បានព្យាយាមរកវិធីដើម្បីទាមទារទ្រព្យសម្បត្តិ 140,000 យន់ (20,000 ដុល្លារ) ពីប្រពន្ធ ដោយគាត់បានចាប់ផ្តើមយុទ្ធនាការសងប្រាក់វិញរបស់គាត់ ដោយព្យួរផ្ទាំងបដានៅលើឡានរបស់គាត់ និងប្រើឧបករណ៍បំពងសម្លេង ដើម្បីទាមទារសំណងរបស់គាត់នៅខាងក្រៅផ្ទះដែលប្រពន្ធរបស់គាត់ ដែលរស់នៅជាមួយឪពុកម្តាយរបស់នាងនៅក្នុងស្រុក Biyang ខេត្ត Henan ។

លោក Hou បាន​និយាយ​ថា​៖ «​យើង​ចង់​បាន​គ្រឿងអលង្ការ​ដែល​យើង​បាន​ទិញ​ឲ្យនាង​ត្រឡប់​មក​វិញ ​ដែល​មាន​តម្លៃ​ជាង ៤០០០០ យន់ និង​សាច់ប្រាក់ ១០ ម៉ឺន​យន់​»។

គួរបញ្ជាក់ថា តម្លៃ​នៃ​ពិធី​រៀប​អាពាហ៍​ពិពាហ៍​របស់​គូស្នេហ៍​មួយ​គូ​នេះ ​គឺ​ថ្លៃ​កប់​ពពក​តាម​ស្តង់ដារ​នៃ​ខេត្ត Henan ដែល​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ជា​មធ្យម ​មាន​ត្រឹម​តែ ២២,០០០ យន់​ កាល​ពី​ឆ្នាំ​មុន។

រឿងរ៉ាវនៃការបែកបាក់អាពាហ៍ពិពាហ៍របស់គូស្នេហ៍មួយគូនេះ បានបង្កឱ្យមានការពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណែតដ៏ក្តៅគគុកនៅក្នុងប្រទេសចិនដីគោក ដែលការឡើងថ្លៃអាពាហ៍ពិពាហ៍ ជាពិសេសនៅតាមទីក្រុងតូចៗ និងតំបន់ជនបទ គឺជាបន្ទុកផ្នែកហិរញ្ញវត្ថុកាន់តែធំសម្រាប់គ្រួសារជាច្រើន។

អ្នកប្រើប្រាស់ Weibo ម្នាក់បានបញ្ចេញមតិថា «ករណីនេះគួរត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ នៅខេត្ត Henan តម្លៃកូនក្រមុំគឺលើសពី 100,000 យ័ន។ វាជារឿងធម្មតាសម្រាប់ឪពុកម្តាយក្នុងការខ្ចីលុយគេ នៅពេលដែលកូនប្រុសរបស់ពួកគេភ្ជាប់ពាក្យ»។

រដ្ឋាភិបាលចិនបានដាក់ចេញនូវការណែនាំដែលមានគោលបំណងកែទម្រង់ប្រពៃណីអាពាហ៍ពិពាហ៍ និងលើកទឹកចិត្តដល់ការចំណាយសន្សំសំចៃបន្ថែមទៀត ទៅលើការជូនជាកាដូ និងពិធីមង្គលការក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែទោះបីជាកិច្ចខិតខំប្រឹងប្រែងទាំងនេះក្តី ក៏តម្លៃកូនក្រមុំបានបន្តកើនឡើង ដែលជារឿយៗខាងប្រុសត្រូវចំណាយអស់រាប់រយពាន់យ័ន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×