Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លៀកពាក់​ថ្លៃថ្នូរ ​ប្រើ​សុទ្ធ​តែកាបូប​ប្រេន តែ​បែរមក​លួច​ការ៉េ​ម និង​មុខទំនិញ​ជាច្រើន​ក្នុង​ផ្សារ​ទំនើប ប៉ូលិស​ស្រឡាំងកាំង​ពេល​ដឹង​តម្លៃ​សរុប…

គេហទំព័រ Mirror Media នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២២ បានរាយការណ៍ថា ស្ត្រីម្នាក់នៅទីក្រុង Tainan (តៃវ៉ាន់) ត្រូវបានថតដោយកាមេរ៉ាឃ្លាំមើលផ្សារទំនើប ខណៈ​កំពុង​លួច​ការ៉េម​​ពី​ទូរ​ទឹកកក ដែលឃើញហើយពិតជាគួរឲ្យហួសចិត្តខ្លាំងតែម្តង។ ពិតណាស់ បើតាមការពិនិត្យមើលឲ្យល្អិតល្អន់ ស្រ្តីរូបនេះគឺសាច់ឈាមលំដាប់អ្នកមានទ្រព្យស្តុកស្តុម ព្រោះថាតាមរយៈការ​ស្លៀកពាក់​ និងរបស់ប្រើប្រាស់សុទ្ធតែកាបូបយីហោម៉ាកល្បីមានតម្លៃជាង ១០០,០០០ ដុល្លារតៃវ៉ាន់ (ប្រហែលជាង ៣,០០០ ដុល្លារអាមេរិក) ឯណោះ។ ប៉ុន្តែ គ្រាន់តែការ៉េម និងអាហារសម្រន់ មិនគួរណាមានគំនិតដ៏មិនថ្លៃថ្នូរបែបនេះសោះ។

​វីដេអូ CCTV បានបង្ហាញ​ឲ្យឃើញស្រ្តីនោះ មានសក់​វែង ​ស្លៀក​សំពត់​ខ្លី​ពណ៌​ខ្មៅ​ ពាក់​ស្បែក​ជើង​កែង​ខ្ពស់​ ដើរ​ទៅ​កន្លែង​បង្កក​ការ៉េម រួចបើកទូយកការ៉េម Haagen-Daz ចំនួន 4 ពែង ហើយដាក់ចូលក្នុងថង់ក្រដាសដែលកំពុងកាន់។ បន្ទាប់​មក ស្រ្តីរូបនេះ​បាន​ទៅ​យក​ការ៉េម​ពីកន្លែង​លក់​មួយ​ផ្សេងទៀត ដែលរួមទាំងអាហារសម្រន់ និងសូកូឡាជាច្រើនមុខ មុននឹងចាកចេញដោយមិនបង់ប្រាក់សម្រាប់មុខទំនិញទាំងនោះ។

ទោះជាយ៉ាងណា ក្រោយ​ផ្សារ​ទំនើប ដាក់រាយការណ៍ករណីនេះប្តឹងទៅ​ប៉ូលិស​ចុះមក​ពិនិត្យ ប៉ូលិសបានរកឃើញថា ស្រ្តីរូបនោះ​មានឈ្មោះ​ Chen អាយុ​ប្រហែល ៤០ ​ឆ្នាំ។ ស្ត្រី​រូប​នេះ​បាន​មក​ប៉ុស្តិ៍​ប៉ូលិស​ជាមួយ​ការ៉េម Haagen-Dazs និង​អាហារ​ផ្សេង​ទៀត ហើយ​បាន​សុំយក​ត្រឡប់​ទៅសង​ហាង​វិញ។ ជាមួយ​គ្នា​នេះ​ដែរ ស្រ្តីរូបនេះ​ក៏​អះអាងដោះសារ​ថា​ នាង​ចូល​ចិត្ត​​ការ៉េម Haagen-Dazs នេះ​ខ្លាំងណាស់ ហើយក៏ទប់ចិត្តយកពុំបាន។

តែបន្ទាប់​ស្ដាប់​សម្ដីសារភាព​ហើយ ប៉ូលិសពិតជា​ស្រឡាំងកាំង ពេលដឹងថា តម្លៃនៃការ៉េមចំនួន ៤ ដុំ សូកូឡា បង្អែម និងទំនិញផ្សេងទៀតដែលលួចទាំងនោះ គឺមានតម្លៃជាង ២,០០០ ដុល្លារតៃវ៉ាន់ (ប្រហែលជាង ៦០ ដុល្លារ)។ ទោះជាយ៉ាងណា បន្ទាប់ពីការស៊ើបអង្កេត Chen នឹងត្រូវបានចោទប្រកាន់ពីបទលួច៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×