ខេត្តកំពង់ចាម៖គ្រោះថ្នាក់ចរាចរមួយបណ្ដាលឱ្យកម្មកររោងចក្រចំនួន២នាក់ស្លាប់ក្នុងចំណោមកម្មករចំនួន១០៣នាក់ដែលរងរបួសដោយសារក្រឡាប់រថយន្តដឹកកម្មកររោងចក្រទៅធ្វើការនៅរោងចក្រជូហ៊ូយ ខាលីតុននៅតាមបណ្ដោយផ្លូវជាតិលេខ៦ក្នុងស្រុកជើងព្រៃខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រោយទទួលបានព័ត៍មានខាងលើលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម អភិបាលរងខេត្តអញ្ជើញចុះសួរសុខទុក្ខផ្ដល់ថវិកាជួយដល់កម្មករនិងកម្មការិនីដែលរងរបួស ចំនួន ៩២នាក់ ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យស្រុកជើងជព្រៃ។គេឃើញលោកអភិបាលខេត្តកំពង់ចាមបានយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករនិងកម្មការនីរោងចក្រដែលមានបញ្ហាក្រឡាប់រថយន្តខាងលើនេះបានទាន់ពេលវេលាននិងបានចាត់ចែងឱ្យក្រុមគ្រូពេទ្យក៏ដូចអាជ្ញាធរជួយមើលថែសុខភាពកម្មករទាំងអស់រហូតជាសះស្បើយចេញពីមន្ទីរពេទ្យទៀតផង។
តាមព័ត៌មានគ្រោះថ្នាក់ចរាចរក្រឡាប់រថយន្តខាងលើនេះមានកម្មករនិងកម្មការនីចំនួន១០៣នាក់រងរបួសក្នុងនោះរបួសធ្ងន់ចំនួន៩នាក់ ក្រោយមកស្លាប់២នាក់នៅពេលរសៀលថ្ងៃដដែល ហើយ៤នាក់បញ្ជូនទៅភ្នំពេញនិងទៅមន្ទីរពេទ្យខេត្តកំពង់ចាមចំនួន៥នាក់ ក្នុងនោះមានផ្ទៃពោះចំនួន៤នាក់។
តាមការឱ្យដឹងពីនគរបាលចរាចរស្រុកជើងព្រៃថា៖ គ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយរថយន្តម៉ាកហ៊ិនដាយមួយគ្រឿងដោយអ្នកបើកបរខ្លួនឯងតែម្ដង។រថយន្តដែលក្រឡាប់នោះបើកបរដោយឈ្មោះ ឆៃ គីមហេង ទីលំនៅភូមិពោធិ៍ស្ទាង ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម។ព័ត៍មានចុងក្រោយនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា កម្មករ២នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍ ក្រឡាប់រថយន្តនេះ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមចូលរួមរំលែកនូវសេចក្តីសោកស្ដាយ និងអាណិតស្រឡាញ់ជាបំផុតជាមួយគ្រួសារជនរងគ្រោះ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកកម្មកររោងចក្រ១គ្រឿង ដោយសារតៃកុងបើកបរខ្វះការប្រុងប្រយ័ត្នរេចង្កូតក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យកម្មការិនីស្លាប់និងរងរបួសធ្ងន់ស្រាលកាលពីនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦A ចន្លោះគីឡូម៉ែតលេខ៦៧-៦៨ ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម៕ ដោយ៖បញ្ញាស័ក្តិ