រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានប្រកាសប្រាប់សមាជិក សមាជិការគាំទ្របក្សខ្លួនថា អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណហើយ នៅថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ជិតទីប្រជុំជនក្រុងព្រះសីហនុ។
មន្ដ្រីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ព្រឹកមិញនេះ ក្បួនរថយន្ត របស់សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្លូវជាតិលេខ៤ បណ្តាលឲ្យសម្តេចក្រុមព្រះ និងអ្នកម្នាងរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពហុព្យាបាលសេតេ ក្រុងព្រះសីហនុ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហាញនៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨ថា កាលពី វេលាម៉ោង ៨ និង៥០នាទី រថយន្តម៉ាក BMW របស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ពះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានបុកគ្នាជាមួយរថយន្តរត់តាក់ស៊ី នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០០-២០១ ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យមនុស្សប្រុសស្រី ចំនួន៧នាក់ រងរបួសធ្ងន់ស្រាល ក្នុងនោះសម្តេចក្រុមព្រះ និងអ្នកម្នាងរងរបួសធ្ងន់។
ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ នគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជា ឲ្យសមត្ថកិច្ចជំនាញចុះទៅកាន់កន្លែងកើតហេតុជាបន្ទាន់ ដើម្បីចាត់វិធានការការពារកន្លែងកើតហេតុ និងជួយសង្គ្រោះជនរងគ្រោះមកកាន់មន្ទីរពេទ្យឲ្យបានឆាប់។
របាយការណ៍សមត្ថកិច្ចនគរបាល បានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កដោយរថយន្តតាក់ស៊ី HIGHLANDER ពណ៌ទឹកប្រាក់១គ្រឿង ផ្លាកលេខភ្នំពេញ2L-9667 បើកបរដោយឈ្មោះ វ៉ុល សារ៉េត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ បានដឹកភ្ញៀវចំនួន៤នាក់ ស្រីម្នាក់ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ។ លុះដល់ចំណុចកើតហេតុខាងលើ រថយន្តក៏រ៉េចង្កូតមកខាងឆ្វេងដៃ បុកជាមួយរថយន្ត ១គ្រឿងម៉ាក BMW ពណ៌ទឹកប្រាក់ផ្លាកលេខ រដ្ឋសភា5 2-090 ជិះគ្នាចំនួន៣នាក់ ស្រី ម្នាក់ ដែលជារថយន្ត របស់សម្តេចក្រុមព្រះ មានទិសដៅផ្ទុយគ្នា។
គ្រោះថ្នាក់នេះ បណ្ដាលឲ្យរងរបួសមនុស្សចំនួន៧នាក់ ស្រី២នាក់ ៖ អ្នកម្នាងរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ប៉ុន្តែ(ក្រោយមកបានស្លាប់)។ សម្តេចក្រុមព្រះនរោត្ដម រណឫទ្ធិ រងរបួសធ្ងន់ កំពុងសង្គ្រោះនៅគ្លីនិកសេតេ (ពេលនេះបានបញ្ជូនទៅរាជធានីភ្នំពេញ) និងអ្នករងរបួសផ្សេងៗទៀត កំពុងបញ្ជូនទៅសង្គ្រោះនៅគ្លីនិកផ្សេងៗ។
សមត្ថកិច្ចឲ្យដឹងថា អ្នកបើករថយន្តតាក់ស៊ី ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបណ្ដោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕ ដែនសីមា