Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ចំណាយពេ​ល ៨ ឆ្នាំ ដាប់ថ្ម​ធ្វើ​ជណ្តើ​រ ទៅកាន់​ប្រាសាទ​កំពូលភ្នំ គ្មាន​អ្នកស្រុក​ណា​ជួយ​ទេ តែ​ពេលនេះ…

spot_img

បុរសជនជាតិឥណ្ឌាម្នាក់ ទទួលបានការកោតសរសើរពីអ្នកកាន់សាសនារាប់លាននាក់ បន្ទាប់ពីចំណាយពេល៨ឆ្នាំ ដាប់ថ្មធ្វើជណ្តើរជាង ៤០០ កាំ ទៅកាន់ប្រាសាទហិណ្ឌូលើកំពូលភ្នំ ដោយប្រើតែញញួរ និងពន្លាកប៉ុណ្ណោះ។

ប្រាសាទ Baba Yogeshwar Nath នៅ Bihar ភាគខាងកើតប្រទេសឥណ្ឌា មានភាពល្បីល្បាញក្នុងចំណោមអ្នកកាន់សាសនាព្រះសិវៈ ប៉ុន្តែពិបាកទៅដល់ខ្លាំងណាស់ ដោយសារតែទីតាំងនៅលើកំពូលភ្នំចោតខ្លាំង។ មនុស្ស​ដែល​មាន​កាយ​សម្បទា​បាន​ចំណាយ​ពេល​ជាច្រើន​ម៉ោង​ឡើង​ភ្នំ​ជា​រៀង​រាល់​ថ្ងៃ ខណៈ​មនុស្ស​ចាស់ កុមារ និង​ជន​ពិការ​ គឺមិនអាចឡើងទៅដល់នោះទេ ប្រសិនបើ​ជំនួយ។ ការដើរឡើងចុះតាមជម្រាលថ្មដ៏ចោតគឺមានគ្រោះថ្នាក់ ហើយជារឿយៗមនុស្សរងរបួស ខណៈព្យាយាមចូលទៅកាន់ព្រះវិហារបរិសុទ្ធ។ ដូច្នេះថ្ងៃមួយកាលពី ៨ ឆ្នាំមុន ជាងសំណង់ក្នុងស្រុកម្នាក់បានសម្រេចចិត្តធ្វើឱ្យជីវិតអ្នកកាន់សាសនាទាំងអស់មានភាពងាយស្រួលបន្តិច ដោយបានដាប់ថ្មពីខាងក្រោមជើងភ្នំ រហូតដល់ប្រាសាទ។

លោក Ganauri Paswan បានធ្វើការជាអ្នកបើកបរឡានដឹកទំនិញ មុនពេលផ្លាស់ទៅធ្វើសំណង់។ គាត់បានចំណាយពេលភាគច្រើនរបស់គាត់នៅក្នុងទីក្រុង Jehanabad ដើម្បីរកប្រាក់សម្រាប់គ្រួសាររបស់គាត់នៅ Jaru Banwariya -ជាភូមិមួយនៅជើងភ្នំដែលមនុស្សជាច្រើនបានឡើងជារៀងរាល់ថ្ងៃ ដើម្បីសម្តែងពិធីបុណ្យជ្រមុជទឹកនៅប្រាសាទមួយនេះ។ បន្ទាប់ពីឡើងភ្នំដោយខ្លួនឯងនៅថ្ងៃមួយ ហើយបានឃើញអ្វីដែលអ្នកលះបង់ត្រូវឆ្លងកាត់ដែលមើលទៅលំបាកវេទនាខ្លាំង លោក Paswan ក៏បានសម្រេចចិត្តថាត្រូវធ្វើអ្វីមួយ ហើយគាត់ចាប់ផ្តើមធ្វើតែម្តង។

កាលពី៨ឆ្នាំមុន លោក Ganauri Paswan បានចាប់ញញួរ និងពន្លាក ហើយរៀបចំកិច្ចការដាប់ផ្លូវ ដើម្បីងាយស្រួលឡើងលើភ្នំដែលមានកម្ពស់ជិត ៥០០ ម៉ែត្រ ។ ដោយខ្វះថវិកាដើម្បីយកថ្មទៅភ្នំ មេជាងរូបនេះបានសម្រេចចិត្តធ្វើការជាមួយថ្មអ្វីក៏ដោយដែលគាត់រកឃើញនៅលើភ្នំ ហើយបន្ទាប់ពីចំណាយពេលតស៊ូដ៏លំបាកដើម្បីសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់នេះរយៈពេល ៨ ឆ្នាំ ឥឡូវនេះ គាត់ជិតបញ្ចប់ការងាររបស់គាត់ហើយ។

Paswan បាននិយាយថា «ខ្ញុំមិនដឹងថាខ្ញុំទទួលបានភាពអត់ធ្មត់ និងថាមពលទាំងអស់នេះមកពីណាទេ ប៉ុន្តែខ្ញុំមិនដែលមានអារម្មណ៍ធុញទ្រាន់សម្រាប់កិច្ចការនេះទេ។ ខ្ញុំ​​សប្បាយ​ចិត្ត ដែលបាន​ធ្វើ​ការងារ​នេះពេញ​មួយ​ថ្ងៃ ខ្ញុំគ្រាន់តែចង់ធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកកាន់សាសនា Baba Bholenath (ព្រះសិវៈ) ដើម្បីឡើងទៅដល់លើកំពូលភ្នំប៉ុណ្ណោះ»។

ជាង​សំណង់រូបនេះ​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​មិន​ខ្វល់​ថា​ខ្ញុំ​រស់​ឬ​ស្លាប់​ទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់ដាប់ជណ្តើរថ្មទាំងនេះ តាមមធ្យោបាយដែលអាចធ្វើទៅបាន»។

គួរបញ្ជាក់ថា នៅពេលដែល Paswan បានចាប់ផ្តើមដាប់ថ្មធ្វើជណ្តើរឡើងលើភ្នំ នៅក្នុងឆ្នាំ ២០១៤ គឺដំបូងឡើយ គាត់គ្រាន់តែទទួលបានការគាំទ្រពីគ្រួសារគឺប្រពន្ធ និងកូនប្រុសពីរនាក់របស់គាត់ប៉ុណ្ណោះ ដែលពេលខ្លះពួកគេក៏បានទៅជួយ ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ គាត់ទទួលបានការគោរព និងការដឹងគុណពីអ្នកកាន់សាសនារាប់ពាន់នាក់ បន្ទាប់ពីបានចាប់ផ្តើមប្រើប្រាស់ជណ្តើររបស់គាត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×