ព្រះសីហនុ៖ ប្រជាពលរដ្ឋភាគច្រើនរស់នៅទីប្រជនជនក្រុងព្រះសីហនុ បានរិះគន់ចំពោះការកំណត់តម្លៃសេវាប្រមូលសំរាមប្រចាំខែ របស់ក្រុមហ៊ុន ខេ អេស ដាប់បិលយូ អឹម (K.S.W.M.) ដែលរដ្ឋបាលក្រុងព្រះសីហនុ ទើបបានផ្តល់សិទ្ធិវិនិយោគថា បានកំណត់តម្លៃសេវាកើនខ្ពស់ បើប្រៀបធៀបអតីតក្រុមហ៊ុនប្រមូលសំរាមចាស់ ក្រុមហ៊ុនស៊ិនទ្រី។
មន្ត្រីរាជការមានប្រាក់បៀវត្សទាប និងប្រជាពលរដ្ឋភាគច្រើន មានលំនៅឋាន នៅក្នុងទីប្រជុំជនក្រុងព្រះសីហនុ បង្ហាញការមិនពេញចិត្តចំពោះការកំណត់តម្លៃសេវាប្រមូលសំរាមជាថ្មី របស់រដ្ឋបាលក្រុងខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ។ ពួកគេបានស្នើដល់ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ឲ្យពិចារណាជាថ្មីឡើងវិញ ទៅលើការកំណត់តម្លៃសេវាប្រមូលសំរាមប្រចាំខែ ដែលមានតម្លៃកើនខ្ពស់ជាងតម្លៃកំណត់កាលពីពេលកន្លងទៅ។
បញ្ហាតម្លៃសំរាមនេះ ប្រជាពលរដ្ឋ បានរិះគន់ថ្នាក់ដឹកនាំរដ្ឋបាលក្រុងខេត្តព្រះសីហនុទាំងនៅតាមតុកាហ្វេ ឬតុគុយទាវ និងហាងផឹកស៊ីជាដើម ជាពិសេសបានរិះគន់បង្ហោះនៅលើបណ្តាញសង្គមហ្វ្រែសប៊ុកជាបន្តបន្ទាប់ក្នុងប៉ុន្មានសប្តាហ៍មកនេះ ដោយពួកគេបានអះអាងថា សេវាតម្លៃប្រមូលសំរាម ដែលរដ្ឋបាលក្រុងព្រះសីហនុ បានផ្តល់សិទ្ធិវិនិយោគ ទៅឲ្យក្រុមហ៊ុន K.S.W.M. គឺមានតម្លៃខ្ពស់ កើនលើសអតីតក្រុមហ៊ុនចាស់ស៊ិនទ្រី ១ទ្វេជា ៣ ឬច្រើនជាងនេះ។

ចំណែកក្រុមអាជីវករ មានតូប ឬហាងលក់ដូរ ពិសេសប្រជាពលរដ្ឋ រស់នៅក្បែរង្វង់មូលតោពីរ តាមបណ្តោយផ្លូវឯករាជ្យ និងឆ្នេរអូរឈើទាលជាដើម បានបន្តរិះគន់ រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ថា បានឃុបឃិតគ្នា កំណត់តម្លៃសេវាប្រមូលសំរាមប្រចាំខែ ដែលក្រុមហ៊ុន K.S.W.M. បានដើរប្រមូលលុយនៅតាមផ្ទះ និងទីតាំងប្រកបអាជីវកម្មផ្សេងៗ ក្នុងប៉ុន្មានខែចុងក្រោយនេះមានតម្លៃខ្ពស់ ដែលពួកគេមិនអាចទទួលយកបានទេ។
ក្រុមអាជីវករ និងពលរដ្ឋទាំងនោះ បានអះអាងថា កាលពីក្រុមហ៊ុនស៊ិនទ្រី នៅមានសិទ្ធិវិនិយោគប្រមូលសំអាតសំរាម នាទីប្រជនក្រុងព្រះសីហនុ នៅមុនពេលក្រុមហ៊ុន K.S.W.M. ទទួលបានសិទ្ធិប្រមូលសំរាមក្នុងក្រុងទេសចរណ៍មួយនេះ គឺក្នុង១ខែ ក្រុមហ៊ុនស៊ិនទ្រី បានដើរប្រមូលលុយ មិនកំណត់ឲ្យបង់លុយច្រើនដូចក្រុមហ៊ុន K.S.W.M.ដើរយករាល់ថ្ងៃនេះទេ។ ឧទាហរណ៍៖ ផ្ទះមួយខ្នង ឬមួយល្វែង នៅក្នុងអំឡុងពេល ដែលក្រុមហ៊ុនស៊ិនទ្រី នៅមានសិទ្ធិដើរប្រមូលសំរាម គឺ បានកំណត់ឲ្យបង់ត្រឹម ១ម៉ឺនរៀលជូនក្រុមហ៊ុន ប៉ុន្តែពេលនេះក្រុមហ៊ុន K.S.W.M. បានកំណត់កើនតម្លៃទ្វេ គឺ១ ទ្វេជា ២ ជា ៣ ឬច្រើនជាងនេះទៅវិញ។
ក្រុមប្រជាពលរដ្ឋ ដែលភាគច្រើនទីតាំង របស់ខ្លួនមានបើកធ្វើអាជីវកម្មផ្សេងៗ បានអះអាងថា មានទីតាំងប្រកបអាជីវកម្មខ្លះ ដែលពីមុនក្រុមហ៊ុនស៊ិនទ្រី តម្រូវឲ្យបង់ ៣០ដុល្លារអាមេរិក ប៉ុន្តែពេលនេះត្រូវ K.S.W.M. តម្រូវឲ្យបង់ដល់ ១០០ដុល្លារ ឬច្រើនជាងនេះក៏មាន។ ពិសេសជាងនេះ ក្រុមហ៊ុន K.S.W.M. បានដើរប្រមូលសំរាម នៅតាមផ្លូវសាធារណៈ ឬតាមផ្ទះ និងទីទាំងធ្វើអាជីវកម្មភាគច្រើន មិនបានទៀងទាត់ទេ ដោយមានពេលខ្លះសំរាមត្រូវបានគេគរទុកចោលច្រើនថ្ងៃ ឬជិត ១សប្តាហ៍ ហើយជះក្លិនស្អុយ នាំឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកធ្វើដំណើរ ពិសេសអារម្មណ៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចូលមកទស្សនាខេត្តព្រះសីហនុ។ ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋភាគច្រើន បានស្នើដល់ លោក អ៊ី សុខឡេង អភិបាលក្រុង និង លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ឲ្យពិចារណា ចំពោះការកំណត់តម្លៃសេវាប្រមូលសំរាមប្រចាំខែ របស់ ក្រុមហ៊ុនK.S.W.M.ជាថ្មីឡើងវិញ និងត្រូវពិនិត្យសកម្មភាពដើរប្រមូលសំរាម របស់ក្រុមហ៊ុននេះ ឲ្យបានត្រឹមត្រូវ ព្រោះមានការយឺតយ៉ាវក្នុងការប្រមូលសំរាម ដើម្បីជៀសវាងកើតមានប្រតិកម្មតវ៉ា ពីប្រជាពលរដ្ឋនាថ្ងៃខាងមុខ។
ឆ្លើយតបបញ្ហានេះ លោក អ៊ី សុខឡេង អភិបាលខេត្តព្រះសីហនុ ផ្តល់សម្ភាសដល់ប្រព័ន្ធផ្សព្វផ្សាយ និងបង្ហោះតាមបណ្តាញសង្គមហ្វ្រែសប៊ុកផ្ទាល់ខ្លួនថា ការកំណត់តម្លៃសំរាមប្រចាំខែជាថ្មី ដែលក្រុមហ៊ុន K.S.W.M. បានដើរប្រមូលយកពីប្រជាពលរដ្ឋរាល់ខែនេះ គឺការកំណត់តម្លៃសេវាសំរាមនេះ មានការចូលរួម ប្រជុំជាច្រើនលើកច្រើនសារ និងបានឯកភាពពីគ្រប់ភាគីពាក់ព័ន្ធមានដូចជា៖ តំណាងរដ្ឋបាលក្រុង-ខេត្តខេត្តព្រះសីហនុ ឆ្លងកាត់កិច្ចប្រជុំសម្រេចក្រុមប្រឹក្សាក្រុង-ខេត្ត តំណាងក្រុមហ៊ុនស៊ិនទ្រី និងមានការចូលរួមពីប្រជាពលរដ្ឋ ឬអាជីវករមួយចំនួន ជាពិសេសមានការចូលរួមសម្រេច ដោយតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរបរិស្ថានខេត្តព្រះសីហនុជាដើម។
លោក អ៊ី សុខឡេង បន្តថា កិច្ចប្រជុំកំណត់តម្លៃសេវាប្រមូលសំរាមជាថ្មីនៅពេលនេះ គឺភាគីពាក់ព័ន្ធ បានអនុម័ត ដោយលើកដៃឯកភាពយល់ព្រមទាំងអស់គ្នា។
លោក អ៊ី សុខឡេង អះអាងថា ការកំណត់តម្លៃសេវាប្រមូលសំរាមជាថ្មីនេះ គឺមិនមានវត្តមាន ក្រុមហ៊ុន K.S.W.M. ចូលរួមកំណត់នោះទេ។ លោកសំណូមដល់ពលរដ្ឋ ស្នើកុំចោទក្រុមហ៊ុន ខេ អេស ដាប់បិលយូ អឹម (K.S.W.M.) ថាជាអ្នកកំណត់តម្លៃសេវាប្រមូលសំរាមថ្មីនេះឲ្យសោះ ព្រោះក្រុមហ៊ុនេះ មិនបានចូលរួម ក្នុងកិច្ចប្រជុំ កំណត់តម្លៃសេវាសំរាមប្រចាំខែនេះទេ គឺមានតែក្រុមហ៊ុនស៊ិនទ្រីមួយទេបានចូលរួម ដោយសារក្រុមហ៊ុននេះ ទើបបានដាក់ពាក្យដេញថ្លៃ និងទទួលបានសិទ្ធិវិនិយោគប្រមូលសំរាមនៅក្រោយការកំណត់តម្លៃសេវានេះ។
ជាងនេះទៀត លោក អ៊ី សុខឡេង ពន្យល់ជូនសាធារណៈជន ពិសេសពលរដ្ឋរស់នៅទីប្រជុំជនក្រុងព្រះសីហនុថា ការកំណត់តម្លៃសំរាមជាថ្មីនេះ គឺ រដ្ឋបាលក្រុង បានអនុវត្តស្របតាម សេចក្តីណែនាំ របស់អន្តរក្រសួង គឺក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋ និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន។
បញ្ហានេះដែរ មន្ត្រីឃ្លាំមើលផែនការអភិវឌ្ឍសង្គមមួយចំនួន ប្រចាំខេត្តព្រះសីហនុ រួមមាន៖ សមាគមអាដហុក (Adhoc) និងអង្គការលីកាដូ (Licadho) ជាដើម ប្រចាំខេត្តព្រះសីហនុ បានស្នើ ដល់រដ្ឋបាលក្រុង-ខេត្ត ព្រះសីហនុ និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបើកិច្ចប្រជុំពិភាក្សាទៅលើការកំណត់តម្លៃសេវាប្រមូលសំរាមប្រចាំខែ នាទីប្រជនជនក្រុងព្រះសីហនុជាថ្មីឡើងវិញ ដើម្បីជៀសវាងមានប្រតិកម្មតវ៉ាពីប្រជាពលរដ្ឋ រស់នៅក្រុងទេសចរណ៍មួយនេះនាថ្ងៃអនាគត។
លោកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក និង លោក ស្រេង វ៉ាន់លី អ្នកឃ្លាំមើលសិទ្ធិមនុស្សអង្កការលីកាដូ ប្រចាំខេត្តព្រះសីហនុ បានស្នើដល់ អភិបាលក្រុងព្រះសីហនុ និងអភិបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធ រួមជាមួយក្រុមហ៊ុន K.S.W.M. ជាដើមផង ត្រូវជួបជុំគ្នាពិភាក្សាទៅលើការកំណត់តម្លៃសំរាមជាថ្មី ដើម្បីឲ្យពលរដ្ឋអាចទទួលយកបានទាំងអស់គ្នា។
រាល់ថ្ងៃនេះ គេសង្កេតឃើញថា កាកសំណល់សំរាមត្រូវបានគេយក ទៅគរទុកចោល នៅតាមចិញ្ចើមផ្លូវសាធារណៈភាគច្រើននាទីប្រជុំជនក្រុងព្រះសីហនុ មានរយៈពេលយូរថ្ងៃ និងបានជះក្លឹនស្អុយ នាំឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ ជាពិសេសប៉ះពាល់ដល់អារម្មណ៍ របស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចូលមកទស្សនាខេត្តព្រះសីហនុ។
បញ្ហាសំរាមនេះ ប្រជាពលរដ្ឋរស់នៅក្រុងទីប្រជុំជនក្រុងព្រះសីហនុ បានរិះគន់ដល់ថ្នាក់ដឹកនាំ នៃ រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ថាអសមត្ថភាព ក្នុងការគ្រប់គ្រងកាកសំណល់សំរាមនាទីប្រជុំជនក្រុងព្រះសីហនុ ឲ្យបានល្អនៅឡើយទេ។ ជាពិសេស ក្រុមហ៊ុន K.S.W.M. ដែលរដ្ឋបាលក្រុង ផ្តល់សិទ្ធិនិវិយោគប្រមូលសំអាតសំរាម នាទីប្រជុំជនក្នុងក្រុងព្រះសីហនុ រាល់ថ្ងៃនេះ មិនទាន់មានបុគ្គលិកឬកម្មករ និងរថយន្ត សម្រាប់បំរើឲ្យការងារ ប្រមូលសំរាមឲ្យបានគ្រប់ចំនួនទេ៕ ដោយ៖ ដែន សីមា