នេះជាមហាគ្រោះ និងទុក្ខសោកសង្រេងមួយ ដែលបុរសត្រូវជាកូនបានស្លាប់ទៅតាមក្រោយ បន្ទាប់ពីមឈូសម្តាយរបស់គាត់ បានធ្លាក់ចុះពីទីតម្កល់បុណ្យសព និងបានសង្កត់គាត់តែម្នាក់ ក្នុងចំណោមបុរសអ្នកភូមិជាច្រើននាក់ ដែលបានកំពុងជួយលើកមឈូសឡើងដាក់តម្កល់ ។ ហេតុការណ៍ដ៏ព្រឺរន្ធត់នេះ បានកើតឡើងនៅក្នុងភូមិមួយ ស្ថិតក្នុងស្រុក North Toraja កោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Samen Kondorura អាយុ ៤០ ឆ្នាំ បានស្លាប់គួរឲ្យអាសូរ នៅពេលដែលជណ្តើរប្ញសស្សីនៃមេនតម្កល់សពម្តាយរបស់គាត់ បានបាក់ស្រុត ខណៈគាត់ និងអ្នកភូមិដទៃ បានរំកិលមឈូសសពរបស់ម្តាយរបស់គាត់ ជិតចប់ទៅហើយ ។
ក្តារមឈូសបានធ្លាក់ចុះ ខណៈក្រុមបុរសៗបានលើកវាស្ទើរតែចូលដល់ក្នុង«ប៉ម»តម្កល់សព ដែលប្រជាជនខ្មែរយើងហៅថា មេន ឬ មេរុ ដែលជាឈាបនដ្ឋានបូជាសព និងក៏ជាទីកន្លែងដែលសពត្រូវបានតម្កល់ មុនពេលរៀបចំពិធីបុណ្យតាមប្រពៃណីរបស់ជនជាតិឥណ្ឌូនេស៊ី ។
លោក Julianto Sirait ប្រធានស្នងការប៉ូលីសរមណីយដ្ឋាន Tana Toraja បានប្រាប់ AFP ថា៖ «ខណៈមឈូសរបស់បុរសរងគ្រោះ កំពុងត្រូវបានលើកឡើងទៅតម្កល់លើមេន ស្រាប់តែជណ្តើរប្ញស្សីក្រឡាច់ និងបាក់ស្រុតចុះ ទាញយកទាំងអ្នកលើក និងក្តារមឈូស សង្កត់លើបុរសជាកូនតែម្តង» ។
នៅពេលនោះ អ្នកឈរមើលដែលពោរពេញដោយក្តីរន្ធត់ បានប្រញាប់ប្រញាល់ទៅជួយសង្គ្រោះបុរសៗទាំងនោះ ប៉ុន្តែ Kondorura បានស្លាប់ក្រោយមកនៅក្នុងមន្ទីរពេទ្យ ។
លោក Sirait បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងដោយសារតែជណ្ដើរមិនត្រូវបានពង្រឹងឱ្យបានត្រឹមត្រូវទេ ប៉ុន្តែ គ្រួសារនេះបានបដិសេធដាក់ពាក្យបណ្តឹងនោះ ។ ហើយសពរបស់ Kondorura ក៏ត្រូវបានក្រុមគ្រួសារធ្វើបុណ្យបន្តតាមក្រោយសពម្តាយរបស់គាត់ផងដែរ ៕ ឧត្តម