ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយសភាពាណិជ្ជកម្មខេត្ត និងផ្នែកពាក់ព័ន្ធដទៃទៀត បានរៀបចំពិព័រណ៌សុវត្ថិភាពចំណីអាហារ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមិថុនា ដើម្បីចលនាឲ្យប្រជាពលរដ្ឋ និងប្រតិបត្តិករទាំងអស់នាមូលដ្ឋានខេត្តទេសចរណ៍មួយនេះចូលរួមឲ្យបានទាំងអស់គ្នា។ ជាពិសេសពិធីនេះ ក៏ដើម្បីអបអរបុណ្យចំរើនព្រះជន្ម សម្តេចវរាជមាតាជាតិខ្មែរ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ផងដែរ។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ”ខ្ញុំមានក្តីប្រាថ្នាចង់ឲ្យខេត្តនេះក្លាយជាខេត្តមានសុវត្ថិភាពចំណីអាហារគ្មានជាតិគីមី”។ លោកថ្លែងដូច្នេះ ធ្វើឡើងនៅក្នុងពិធីតាំងពិព័រណ៌ចំណីអាហារ ល្ងាចថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨ថា លោកមានក្តីប្រាថ្នាចង់ឲ្យខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ក្លាយជាខេត្តមួយមានសុវត្ថិភាពម្ហូមអាហារ។ លោកបន្តថា ម្ហូបអាហារជាប្រភពប្ញសគល់ នៃបញ្ហាសុខភាព ដែលជាចំណុចសំខាន់បំផុតសម្រាប់ក្រុមគ្រួសារនីមួយៗ ពិសេសខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ពាក់ព័ន្ធយ៉ាងស៊ីជំរៅលើវិស័យម្ហូមអាហារផងដែរ។
នាឱកាសបើកសម្ភោធពិព័រណ៌សុវត្ថិភាពចំណីអាហារគ្មានជាតិគីមីនេះដែរ ឯកឧត្តម យន្ត មីន បានអំពាវនាវនៅចំពោះមុខប្រជាពលរដ្ឋ អាជីវករ ភ្ញៀវទេសចរថា ដើម្បីសម្រេចក្តីប្រាថ្នានេះ រូបលោកក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ បានស្នើដល់ប្រតិបត្តិករ ឬម្ចាស់គ្រប់គ្រងអាហារដ្ឋានទាំងអស់ ត្រូវប្រែក្លាយការប្រកួតប្រជែងគ្នា ការប្រកបរបរទទួលទាន ដើម្បីតែប្រាក់ចំណេញ ហើយងាកមកជាការប្រកួតប្រជែងគ្នាផ្តល់សេវាម្ហូមអាហារ ដែលមានសុវត្ថិភាពដល់សុខភាព (អត់គីមី អនាម័យល្អ សេវាល្អ…) ដើម្បីទទួលបានប្រាក់ចំណេញវិញ។
ករណីនេះ ឯកឧត្តម យន្ត មីន បញ្ជាក់ថា រដ្ឋបាលខេត្តនឹងរៀបចំក្រុមការងារមួយ សម្រាប់ដំណើរការអនុវត្ត និងចុះដាក់ពិន្ទុ ផ្តល់លិខិត បិទសញ្ញាសំគាល់តាមអាហារដ្ឋាន ឬទីតាំងផ្គត់ផ្គង់ម្ហូបអាហារ ដែលមានសុវត្ថិភាព ដើម្បីបង្ហាញដល់បងភ្ញៀវទេសចរ និងអតិថិជនជ្រើសរើសគាំទ្រ។
ផ្តើមពីបញ្ហានេះ ឯកឧត្តម យន្ត មីន ស្នើដល់ផ្នែកពាក់ព័ន្ធ ទាំងអាជីវករ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមក្នុង សកម្មភាព នៃការចាប់ផ្តើមចលនាប្រកួតប្រជែងសុវត្ថិភាពម្ហូបអាហារ ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ឲ្យបានផុលផុស ជាពិសេសក៏ដើម្បីអបអរថ្ងៃចំរើនព្រះជន្ម សម្តេចវរាជមាតាជាតិខ្មែរ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ។
ឯកឧត្តមអភិបាលខេត្តបន្តថា ក្នុងនាមគណៈអភិបាលខេត្តព្រះសីហនុ លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា សូមជួយផ្តល់ជាមតិយោបល់លើគំនិតផ្តួចផ្តើមខាងលើ ដើម្បីឲ្យផែនការនេះ សម្រេចបានជោគជ័យផ្លែផ្កា។
បន្ថែមលើនេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ឲ្យចូលរួមគាំទ្រចលនាសុវត្ថិភាពចំណីអាហារគ្មានគីមី ដើម្បីជាការការពារសុខភាពខ្លួនឯង និងក្រុមគ្រួសារ តាមរយៈលើកទឹកចិត្តគាំទ្រ ចំពោះរាល់អាហារដ្ឋាន ដែលផ្តល់សេវាម្ហូបអាហារ ដែលមានសុវត្ថិភាព។
ទន្ទឹមគ្នានេះ ឯកឧត្តមអភិបាល ក៏បានអំពាវនាវដល់ម្ចាស់អាហារដ្ឋាន និងប្រជាពលរដ្ឋទាំងអស់គ្នា មេត្តាចូលរួមគាំទ្រចលនាសុវត្ថិភាពចំណីអាហារគ្មានគីមី ឲ្យបានច្រើនកុះករ ដើម្បីរក្សាសុខភាពនៅតាមក្រុមគ្រួសារនីមួយៗ៕ ដែន សីមា