នេះគឺជារឿងពិតមួយបានកើតឡើងចំពោះស្ត្រីជប៉ុនម្នាក់ នៅខែមិថុនា ឆ្នាំ ២០១៧ នាងបានទទួលយកសាកសពបុរសម្នាក់ ដែលសមត្ថកិច្ចប្រាប់ថាជាស្វាមីរបស់ខ្លួន ។ សាកសពនោះក៏ត្រូវបានប្រាប់ថា គេប្រទះឃើញនៅទន្លេ Edo ភាគបូព៌ា ប្រទេសជប៉ុន ។
ទន្លេ Edo ស្ថិតនៅភាគបូព៌ាតូក្យូ ។
តាមប្រព័ន្ធផ្សព្វផ្សាយនៅតំបន់ប៉ូលិសបានធ្វើកោសល្យវិច្ច័យសាកសព ហើយសន្និដ្ឋានថា នេះគឺជាបុរសមានវ័យជាង ៤០ឆ្នាំ ដែល ៣ថ្ងៃមុន ត្រូវបានក្រុមគ្រួសាររាយការណ៍មកថា បានបាត់ខ្លួន ។
តាមកាសែត Mainichi នោះប៉ូលិសបានប្រគល់សាកសពនេះ ឲ្យទៅគ្រួសាររបស់ស្ត្រីខាងលើ ព្រមទាំងបញ្ជាក់ថា នេះជាស្វាមីរបស់គាត់ ។
ស្រាប់តែនៅដើមខែមិថុនា ២០១៨នេះ ស្រាប់តែបុរសជាប្តីបានវិលត្រឡប់មកវិញ ។ ឆ្លើយតបនឹងសំណួរក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ១៣ ខែមិថុនា ប៉ូលិសពុំបានបង្ហើបប្រាប់ថាបុរសជាស្វាមីនោះ បាននៅទីណា ហើយធ្វើអ្វី ក្នុងរយៈពេល ១ឆ្នាំកន្លងមក ។
តាមកាសែត Mainichi ដដែលឲ្យដឹងថា ប៉ូលិសបានធ្វើការសុំទោសដល់ក្រុមគ្រួសារជាសាធារណៈ ដោយលើកឡើងថា ៖ នេះជាករណីគួរឲ្យសោកស្តាយបំផុត យើងខ្ញុំនឹងប្រឹងប្រែងមិនឲ្យមានករណីបែបនេះកើតឡើងទៀតទេ ។
ប៉ូលិសក្រុងតូក្យូ និយាយថា សាកសពរបស់អ្នកស្លាប់ គឺជាបុរសម្នាក់ផ្សេងដែលបានបាត់ខ្លួនដែរ និងមានវ័យជាង ៣០ឆ្នាំ ។ ពួកអ្នកស៊ើបអង្កេតបានភ័ន្តច្រឡំព្រោះអ្នកបាត់ខ្លួនទាំងពីរសុទ្ធសឹងមានវ័យនិងកម្ពស់ប្រហែលគ្នា ។
ម្យ៉ាងទៀត ព្រោះតែសាកសពនេះពុំមានសញ្ញាពាក់ព័ន្ធនឹងឃាតកម្ម ទើបគេមិនបើកការស៊ើបអង្កេតដោយគ្រាន់តែប្រគល់ទៅឲ្យសាច់ញាតិប៉ុណ្ណោះ ៕ ចន្ទ្រា