នេះជារឿងដ៏ចម្លែកថ្មី និងញាក់សាច់ខ្លាំងតែម្តង ខណៈបានឃើញបងប្អូនបង្កើតដែលជាកូនៗ ឈ្លោះវ៉ៃតប់គ្នាដណ្តើមសពម្តាយ យកទៅបញ្ចុះកន្លែងផ្សេងរៀងៗខ្លួន បង្កការភ្ញាក់ផ្អើលអ្នកភូមិជិតខាងមកចោមរោមហួសចិត្តគ្រប់ៗគ្នា។
ហេតុការណ៍បងប្អូនបង្កើតដណ្តើមសពម្តាយ យកទៅបញ្ចុះទីកន្លែងផ្សេងគ្នា ក្រោមហេតុផលរៀងៗខ្លួននេះ គឺបានកើតឡើងស្ថិតនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២២។ ហើយហេតុការណ៍ហិង្សាបានផ្ទុះឡើង គឺនៅពេលដែលកូនប្រុសពៅ ប្រកែកមិនប្រគល់កំប៉ុងជើងធូប ទៅឲ្យទៅបងៗដាច់ខាត ហើយបោកកម្ទេចចោលប្រាវៗតែម្តង នៅពេលបងថ្លៃចូលដង្ហើមយក។
ជុំវិញរឿងនេះ បើតាមបុរសជាកូនពៅនៃសព លោក ស៊ុន ជីវលី បានយំរៀបរាប់ទាំងក្តីឈឺចាប់ថា លោកបានមើលថែទាំម្តាយឈ្មោះ ហេង ម៉ាឡា អស់រយៈពេលជិត១០ឆ្នាំហើយៗ មុនពេលម្តាយរបស់លោកទទួលមរណភាព គាត់បានផ្តែផ្តាំឱ្យរូបលោកធ្វើបុណ្យបញ្ចុះសពរបស់គាត់នៅទីនេះទៅ ប៉ុន្តែបងស្រីបង្កើតទាំងពីរនាក់របស់លោក (ឈ្មោះ ស៊ុន វន្នី និង ស៊ុន វណ្ណា) ស្រាប់តែបាននាំគ្នាមកដណ្តើមយកសពម្តាយទៅបញ្ចុះនៅឯស្រុកព្រៃនប់ កន្លែងដែលពួកគាត់រស់នៅទៅវិញ។
កូនប្រុសពៅខាងលើរូបនេះ ដែលយំឡាំប៉ាវាយបោកប្រាស់របស់របរខ្លាំងៗ ក្នុងអំឡុងពេលដណ្តើមសពម្តាយ បានបន្តថា ដោយសារតែរូបលោកមិនទាន់មានប្រពន្ធ (នៅម្នាក់ឯង) ទើបមិនអាចឃាត់ឃាំងបងស្រីទាំងពីរបាន។ លោកក៏បានឲ្យដឹងថា មុនពេលម្តាយលោកស្លាប់ បានស្នើសុំឱ្យមេធាវី ជួយធ្វើលិខិតបណ្តាំទទួលមរតក និងឲ្យរូបលោកជាកូនពៅជាអ្នកចាត់ចែងយកសពម្តាយទៅទុកដាក់នៅវត្ត ព្រោះគាត់មិនចង់ទៅបញ្ចុះនៅវាលរេញទេ ប៉ុន្តែបងស្រីទាំងពីរមិនគោរពតាម បែរជានាំប្តី សាច់ញាតិ មកបំពានបែបនេះ។
ចំណែកអភិបាលស្រុកស្ទឹងហាយ បានបញ្ជាក់ឲ្យដឹងថា ចំពោះរឿងដណ្តើមសពម្តាយនេះ រូបលោកពុំមានសិទ្ធិហាមឃាត់ទេ គឺជាសិទ្ធិសម្រេចរបស់ក្រុមគ្រួសារសពប៉ុណ្ណោះ ខណៈក្នុងវីដេអូ គេក៏បានឃើញក្រុមការងារលើកសព បានសែងមឈូសចេញពីក្នុងផ្ទះ ទៅតម្កល់លើឡានយ៉ាងប្រញាប់ប្រញាល់ ហើយសំឡែងក្លងខែកក៏ចាប់ផ្តើមបន្លឺឡើង រួចដង្ហែដឹកចាកចេញភ្លាមៗតែម្តង ខណៈកូនប្រុសពៅរូបនោះដែលជាអ្នកមើលថែម្តាយរហូតដង្ហើមចុងក្រោយ ត្រូវបានចាប់សង្កត់ទុកនៅក្នុងផ្ទះ។
ជាមួយគ្នានេះ មហាជនជាច្រើន បានធ្វើការរិះគន់ទៅលើបងស្រីទាំងពីរនោះយ៉ាងចាស់ៗដៃថា កាលម្តាយនៅមានជីវិត មិនប្រកាច់មកដង្ហើមយកទៅចិញ្ចឹមមើលថែទេ ដល់ពេលម្តាយស្តាប់ ទើបនាំគ្នាមកដង្ហើមយកទៅ ពិតជាគួរឲ្យហួសចិត្តខ្លាំងណាស់ មិនដឹងជាជំនឿ ហុងស៊ុយខ្មោចយស្អីនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















