ថ្មីៗនេះទៀតហើយ មហាជននៅលើបណ្តាញសង្គម ពិតជាសម្តែងនូវការហួសចិត្ត និងគួរឲ្យស្អប់ជាខ្លាំង នៅពេលបានឃើញវីដេអូបង្ហាញស្រី្តវ័យចំណាស់ម្នាក់ ស្លៀកពាក់យ៉ាងហំហួន ប៉ុន្តែ មិននឹកស្មានថាជាចោរដៃរហ័ស ជំនាញបន្លំលួចខ្សែក ដោយមិនដឹងថាញៀនញ៉ាម ធ្វើបានសម្រេចអស់ប៉ុន្មានហាងលក់គ្រឿងអលង្ការនោះទេ ប៉ុន្តែ ចុងក្រោយនេះ បន្លំអត់បានព្រោះម្ចាស់ហាងតាមទាន់ ក៏ធ្វើជាអត់ទិញវិញ ដោយនិយាយលេថាលុយអត់គ្រប់។
តាមរយៈវីដេអូកាមេរ៉ា បានបង្ហាញឲ្យឃើញស្តែងៗថា ស្រ្តីជាចោរជើងចាស់រូបនេះ បានធ្វើជាលើកមើលខ្សែកចុះឡើងៗ រួចយកមួយខ្សែហុចឲ្យម្ចាស់ហាង យកទៅថ្លឹងមើល ខណៈមួយខ្សែទៀតបន្លំដាក់ក្រោមបាតដៃ រួចបង្កប់ក្រោមកាបូប ប៉ុន្តែ ដោយសារតែមានអារម្មណ៍ថា កូនស្រីម្ចាស់ហាងមើលតាមកាមេរ៉ាដឹងពីល្បិចបន្លំរបស់ខ្លួន ក៏យកមកដាក់វិញភ្លាមៗ។ ទោះយ៉ាងណា ចោរស្រីនេះពុំបានបញ្ឈប់សកម្មភាពបន្លំលួចនេះទេ ពោលគឺនៅតែព្យាយាមបន្លំលួចម្តងទៀត ប៉ុន្តែ នៅពេលឃើញឲ្យគិតលុយ២ខ្សែ ខណៈ១ខ្សែទៀត បង្កប់ទុកក្នុងដៃស្តាំ ស្រាប់កូនស្រីម្ចាស់ហាងចូលមកឆែកឆេរ ផ្អើលតែម្តង។
នេះបើតាមកូនស្រីម្ចាស់ហាង ដែលមានគណនីហ្វេសប៊ុកឈ្មោះ Miss Eng បានបង្ហោះវីដេអូបង្ហាញសកម្មភាព និងផ្តាំទៅអ្នកលក់មាសដូចគ្នា ឲ្យមានការប្រុងប្រយ័ត្នយ៉ាងដូច្នេះថា «អ្នកតាខ្មៅចំណាំមុខអ៊ីម្នាក់នេះផង ចង់មកបន្លំលួចទាំងព្រឹក លួច2ដងអត់បានសម្រេច ដឹងខ្លួន រកលេសថាលុយអត់គ្រប់ដើរចេញ មិនគួរណាអ៊ីរូបរាងស្អាតបាតប៉ុណ្ណឹងដែរ មកធ្វើបែបហ្នឹងទេ នេះប៉ះខ្ញុំស្លូតខ្ញុំយកតែរបស់មកវិញទេ (កន្លែងខ្លះខ្ញុំសាររៀងលឿន ព្រោះវីឌីអូដើម10នាទីជាង)»។
ទន្ទឹមនឹងនេះផងដែរ គេក៏បានឃើញអ្នកលេងបណ្តាញសង្គមម្នាក់ ក៏បានប្រាប់ឲ្យដឹងថា ចោរស្រីជើងចាស់រូបនេះ ធ្លាប់ឃើញបន្លំលួចទឹកក្រអូបក្នុងផ្សារម្តងរួចមកហើយ ប៉ុន្តែ មិននឹកស្មានថា ហ៊ានមកបន្លំលួចមាសបែបនេះសោះឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









