ខេត្តស្វាយរៀង ៖ នៅថ្ងៃចន្ទ ៦កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៨ លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារសាខា អនុសាខា នាំយកអំណោយមនុស្សធម៌សាខាទៅចែកជូនគ្រួសារ រងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៨ សរុបចំនួន ១៩ ខ្នង នៃគ្រួសាររងគ្រោះ នៅស្រុកកំពង់រោទិ៍ រលំទាំងស្រុង ១០ ខ្នង ប៉ះពាល់ ១ ផ្នែក ៥ ខ្នង ក្នុងឃុំ ថ្មី ១០ ខ្នង ឃុំត្នោត ១ ខ្នង ឃុំខ្សែត្រ ១ ខ្នង និងឃុំ ញរ ៣ ខ្នង នៅស្រុកចន្ទ្រា រលំទាំងស្រុង ៤ ខ្នង នៅឃុំ មេសថ្ងក ៣ ខ្នង និងនៅឃុំ សំរោង ១ ខ្នង ។
នៅថ្ងៃដរដែលនោះដែរក្រុមការងារបាននាំយកបច្ច័យ ទ័យទានចូលរួមរំលែកទុក្ខក្រុមគ្រួសារសពដែលក្រីក្រ ២ គ្រួសារ នៅឃុំសំឡី ១ គ្រួសារ និងនៅឃុំព្រៃធំ ១ គ្រួសារ ។
ឆ្លើយតបទៅនឹងស្ថានភាពនេះលោកស្រី ពៅ សុភាព តំណាងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានសំដែងនូវការអាណិតអាសូរដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយបានខិតខំប្រកប របររកស៊ីចិញ្ចឹមជីវិតមានជីវភាព នឹងផ្ទះសំបែងរស់នៅសមរម្យ តែមួយរយៈពេលខ្លីតែប៉ុណ្ណោះបណ្តាលឲ្យខ្យល់កន្ត្រាក់បំផ្លាញ ខូច ខាត បែកបាត់ផ្ទះសប្បែងគួរឲ្យសោកស្តាយ ដែលនេះជាបាតុភូតធម្មជាតិដែលយើងនឹកស្មានមិនដល់ ។
លោកស្រីបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់នៅពេលមានភ្លៀង ខ្យល់បក់បោកខ្លាំងត្រូវរកកន្លែងដែលមានសុវត្ថិភាពជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ ។
អំណោយដែលបានចែកជូនដល់គ្រួសាររងគ្រោះទាំងស្រុង ១៤ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្ល ២ កន្ទេលបត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រី ខ ១០ កំប៉ុង ឃីត ១ កញ្ចប់មាន មុង ១ ភួយ ១ មុង ១ ក្រម៉ា ១ សារុង ១ និងថវិកា ២០០,០០០ រៀល ។
គ្រួសារប៉ះពាល់តិចតួច ៥ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន ថវិកា ១០០,០០០ រៀលសម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ ។ ចូលបុណ្យគ្រួសារសព ២ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន ទេយ្យទាន ១ កញ្ចប់ អង្ករ ៥០ គ.ក្រ ទឹកសុទ្ធ ១ កេស ទឹកផ្លែឈើ ១ កេស ថវិកា ១០០,០០០ រៀល ៕ វ៉ៃកូ