តាំងពីបុរមបុរាណមក គេជឿថា លើភពផែនដីយើងមានច្រកតភ្ជាប់ជាមួយឋាននរក ហើយនោះគឺជាកន្លែងដែលព្រលឹងរបស់មនុស្សអាក្រក់ត្រូវតែចូលទៅដើម្បី “សងបំណុល”។
ច្រកល្អាង Actun Tunichil Muknal
Hades, Naraka, Guinee, Xibanba គឺជាឈ្មោះនៃឋាននរករបស់ខឿនវប្បធម៌មនុស្សលោក ។ ថ្វីត្បិតសម្រាប់សាសនានីមួយៗ ពេលខ្លះគេពណ៌នាអំពីទិដ្ឋភាពមិនដូចគ្នាឡើយ ប៉ុន្តែជំនួបស្ថិតនៅត្រង់ចំណុចថា វាជាទីឋានសម្រាប់មនុស្សអាក្រក់ មនុស្សសាងបាបកម្ម ត្រូវតែទៅកាន់ទីនោះ ដើម្បីរងទណ្ឌកម្ម សងបំណុលដែលគេជំពាក់ ។
ច្រកទៅកាន់ឋាននរកទាំង ៥ នោះរួមមាន ៖
១.ល្អាង Cape Matapan នៅក្រិច
ល្អាងដែលមានប្រព័ន្ធខ្វាត់ខ្វែងនៅចុងជ្រោយកោះ Mani នេះ គឺជាកន្លែងដែលពីយូរយារណាស់មកហើយ ត្រូវបានជនជាតិក្រិចចាត់ទុកថា គឺជាច្រកចូលទៅកាន់ឋាននរក ។ ពួកគេមានរឿងនិទានបញ្ជាក់ពីបញ្ហានេះ ។
គួរកត់សម្គាល់ថា នៅជ្រោយកោះ Mani មានច្រកចូលជាច្រើន ។
ជនជាតិក្រិច ជឿថាទីនេះជាច្រកទៅកាន់ឋាននរក ។
២.ភ្នំភ្លើង Hekla នៅ Iceland
ច្រកទ្វារឋាននរកនេះគឺភ្នំភ្លើង Hekla នៅតំបន់ភ្នំភាគខាងត្បូង Iceland ។ នៅទីនោះអ្នកនឹងឃើញរណ្តៅ មានកម្អែរភ្នំភ្លើងកំពុងឆេះមិនដែលរលត់តាំងពីយូរយារណាស់មកហើយ ។ រណ្តៅនេះឯងផ្សារភ្ជាប់ជាមួយនឹងសាសនាគ្រិស្ត ។
តាមការកត់ត្រាទុក នោះមាត់ភ្នំភ្លើងដែលត្រូវបានចាត់ទុកជាទ្វារឋាននរក បានផ្ទុះរបើកលើកដំបូងនៅឆ្នាំ 1104 ហើយកម្អែលរបស់វាបានគ្របដណ្តប់លើវិជ្ជមាត្រជិត៤០គីឡូម៉ែត្រ ប្រែក្លាយតំបន់ទាំងមូលទៅជាលំហដ៏ខ្មៅងងឹត ហើយគេសន្មតថា នោះជាឋាននរក ។ រឿងរ៉ាវនេះត្រូវបានកត់ត្រាទុកក្នុងគម្ពីរសាសនាគ្រិស្ត ។
ភ្នំភ្លើង Hekla នៅតំបន់ភ្នំប៉ែកខាងត្បូង Izeland អ្នកនឹងឃើញរណ្តៅដ៏ធំមួយដែលកំពុងមានអណ្តាតភ្លើងកំពុងឆាបឆេះ ហើយតាមគ្រិស្តសាសនាវាគឺជាច្រកចូលទៅកាន់ឋាននរក ។
៣.ល្អាងភ្នំ Actun Tunichil Muknai
មានទីតាំងស្ថិតនៅទីក្រុង Belize ។ ជនជាតិ Maya ជឿថាជាច្រកទៅកាន់ឋាននរក (Xiballa) តាមគម្ពីររបស់ជនជាតិ Maya បុព្វកាល គេបានពណ៌នាថា នៅទីនេះ មានទន្លេឈាម សត្វខ្យាដំរី និងប្រព័ន្ធផ្លូវក្រោមដីត្រូវបានត្រួតត្រាដោយអស់លោកមច្ចុរាជ ។
ជនជាតិ Maya បុរាណជឿថា ល្អាងនេះជាផ្លូវឆ្ពោះទៅកាន់ឋាននរក ។
៤.ល្អាង Sibyl នៅអ៊ីតាលី
ល្អាងនេះត្រូវបានពណ៌នាតាមរយៈកំណាព្យបុរាណរបស់អ្នកនិពន្ធ Virgil ឈ្មោះ “The Aeneid” ដែលមានតាំងពី ២០០០ឆ្នាំមុនម្លេះ ហើយមានច្រកចូលទៅក្រោមដីចំនួន ១០០ឯណោះ ។ អ្នកកវីដែលបានសរសេររឿងនេះទុកតាមរយៈកំណាព្យរបស់ខ្លួនគឺមានតាំងពីសតវត្សរ៍ទី១ នៃគ្រិស្តសករាជមកម្លេះ ។
បច្ចុប្បន្នទីនេះត្រូវបានដាក់បញ្ចូលជាតំបន់អភិរក្សបុរាណវិទ្យា Cumae ។
ល្អាង Sibyl នៅអ៊ីតាលី
៥.ភ្នំ Osore នៅជប៉ុន
ភ្នំ (Osorezan) ត្រូវបានចាត់ទុកជាកំពូលភ្នំមួយក្នុងចំណោមកំពូលភ្នំស័ក្តិសិទ្ធបំផុត ៣ របស់ជប៉ុន ។ វាត្រូវបានរកឃើញដោយតាបសពុទ្ធសាសនាម្នាក់ កាលពីជាង ១០០០ឆ្នាំមុន ។
ឈ្មោះ Osorezan មានន័យថា “ភ្នំតក់ស្លុត” ដោយសារទិដ្ឋភាព និងលក្ខណៈពិសេសរបស់វា ។ នៅតំបន់នេះមានសកម្មភាពផ្ទុះភ្នំភ្លើងជារឿយៗ និងមានកម្រិតស្ពាន់ធ័រខ្ពស់ក្នុងបរិយាកាស ក្នុងរឿងនិទានបន្សល់ទុកនោះ ភ្នំនេះគឺជាច្រកចូលទៅឋាននរកដោយហេតុថា លក្ខណៈរបស់វាប្រហាក់ប្រហែលនឹងការពណ៌នាអំពីឋាននរកក្នុងគម្ពីរពុទ្ធសាសនា នៅ Osorezan មានកំពូលភ្នំ ៨ ព័ទ្ធជុំវិញ ហើយមានទន្លេមួយឈ្មោះថា Sanzu No Kawa ហើយនេះជាទន្លេដែលជនជាតិជប៉ុនជឿថា ព្រលឹងរបស់អ្នកស្លាប់ទាំងអស់ត្រូវតែឆ្លងកាត់ផ្លូវនេះដើម្បីឆ្លងទៅទេ ៕ ចន្ទ្រា