៨៣ ឆ្នាំមុន នៅខេត្ត Liaoning មានកើតនូវព្រឹត្តិការណ៍សត្វនាគធ្លាក់ចុះមកលើដី ពលរដ្ឋចិនដែលរស់នៅក្នុងសម័យនោះបានតំណាលប្រាប់តកូនតចៅថា នេះជាលើកចុងក្រោយបង្អស់ហើយ ដែលសត្វនាគពិតៗបានបង្ហាញខ្លួននៅប្រទេសចិន រូបគ្រោងឆ្អឹងដែលត្រូវបានចាត់ទុកថា ជារបស់សត្វនាគធ្លាក់នៅ Liaoning ប្រទេសចិន ។
ព្រឹត្តិការណ៍នេះត្រូវបានកត់ទុកថា ៖ នៅដើមខែកក្កដា ឆ្នាំ១៩៣៤ នៅ Tianjin ទីក្រុង Yingkou ខេត្ត Liaoning ពេលដែលពលរដ្ឋកំពុងធ្វើស្រែ ស្រាប់តែឃើញសត្វមួយដ៏ធំ នៅមាត់មានពុកមាត់វែងៗ ភ្នែកធំប៉ុនភ្នែកក្របី ហើយនៅលើក្បាលមានដុះស្នែងពីរ ដែលបែកខ្នែងជា ៣ ។ ខ្លួនរបស់វាមានបណ្តោយជាង ១០ម៉ែត្រ ហើយស្រកីធំៗពណ៌ខៀវស្រងាត់ស្រោបខ្លួនវាទាំងមូល វារមូលខ្លួនដេកនៅលើដី ហើយគេឃើញនៅពីក្រោមខ្លួនវាមានជើង ៤ ជើងនីមួយៗមានម្រាម ៤ ។ ប្រជាជននៅក្នុងតំបន់នោះ ដែលបានឃើញផ្ទាល់បានតំណាលប្រាប់កូនចៅថា នោះគឺជាសត្វនាគ ហើយគឺជានាគរស់មួយក្បាល ។ សត្វនាគនេះពិតជាមានអានុភាព ប៉ុន្តែភ្នែកវាហាក់ដូចជាស្ទើបើកស្ទើបិទ ។ គេពុំបានយល់ពីមូលហេតុអ្វីដែលវាធ្លាក់ចុះមកលើវាលស្រែឡើយ ។ ប៉ុន្តែប៉ុន្មានថ្ងៃកន្លងមកនៅកន្លែងនោះភ្លៀងធ្លាក់ជាប់រហូត ។ មនុស្សម្នាកក៏ចាប់ផ្តើមផ្អើលឈូឆរមកមើលសត្វនាគនេះ ពួកគេនាំគ្នាយករបស់របរមកបិទបាំងឲ្យសត្វនាគ ពួកគេយកទឹកមកស្រោចស្រពឲ្យវាព្រោះខ្លាចវាងាប់ ។ ព្រះសង្ឃនៅវត្តក្បែរៗនោះក៏មកសូត្រធម៌ប៉ងសង្គ្រោះវា ។ ប៉ុន្មានថ្ងៃមក ស្រាប់តែមានភ្លៀងមួយមេយ៉ាងធំ ហើយអូសបន្លាយ ក្រោយពេលភ្លៀងរាំងសត្វនាគក៏បាត់ស្រមោលដែរ ។
២០ថ្ងៃក្រោយមក វាបានបង្ហាញវត្តមាននៅវាលត្រែងក្បែរច្រកទ្វារចេញទៅសមុទ្រ ប្រមាណ ១០គីឡូម៉ែត្រ ពីទីនេះ ។ ប៉ុន្តែវាបានស្លាប់បាត់ទៅហើយ ប៉ុន្តែពីថ្ងៃនោះមកនៅតំបន់នេះមានភ្លៀងខ្លាំង និងអូសបន្លាយដល់ទៅ ៤០ថ្ងៃ តំបន់នោះត្រូវលិចលង់ទាំងស្រុង ។ ហេតុនេះពុំមានអ្នកណាទៅពិនិត្យមើលឃើញខ្មោចសត្វនាគនោះបានទេ ។ ក្រោយពេលទឹកស្រក គេក៏បានទៅកាន់ទីនោះ ហើយក៏ឃើញតែគ្រោងឆ្អឹងរបស់វាបន្សល់ទុក ។ គ្រោងឆ្អឹងនេះមានបណ្តោយប្រមាណ ១០ម៉ែត្រ នៅក្បាលមានស្នែងប្រវែងជាង ១ម៉ែត្រ ហើយឆ្អឹងខ្នងរាប់ទៅមាន ២៩កង់ ។ មួយរយៈពេលក្រោយមករាជការប្រចាំតំបន់នោះបានឲ្យមកបាចថ្នាំ ហើយក៏យកគ្រោងឆ្អឹងទៅបាត់ទៅ ។
កាសែតជំនាន់នោះក៏បានថតរូប និងសរសេររឿងនេះ ៕ ចន្ទ្រា