ថ្មីៗនេះ មានរឿងដ៏ហួសចិត្តខ្លាំង បានកើតឡើងទៀតហើយ ទាក់ទងករណីប៉ូលិសចរាចរណ៍ចាប់ប្រចាំថ្ងៃនៅស្តុបវត្តស្លែង (ផ្លូវជាតិលេខ៣) បានធ្វើឲ្យម្ចាស់ឡានក្តៅក្រហាយយ៉ាងខ្លាំង ចំពោះទង្វើដ៏មិនទទួលខុសត្រូវ ដែលបានស្ទុះចេញកាក់ឡានរបស់គាត់ដ៏ប្រថុចញ៉ុច ពេលហ្រ្វាំង ក៏ត្រូវឡានធំ១គ្រឿងបុកគូទពីក្រោយលាន់សូរផាំង ស្រាប់តែយកលេសដោះសារថា ចេញធ្វើចរាចរឲ្យបុរសម្នាក់ដើរឆ្លងផ្លូវដ៏មិនទំនងទៅវិញ ខណៈចេញស្ទាក់ឃាត់ចាប់ឡានស្តែងៗ។
តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញ ខណៈឡានចាកចេញផុតភ្លើងស្តុបប៉ុន្មានម៉ែត្រ ស្រាប់តែប៉ូលិសម្នាក់ ស្ទុះចេញពីចិញ្ចើមផ្លូវខាងស្តាំយ៉ាងលឿន លើកដៃឃាត់ នៅភ្លាមៗនោះ ម្ចាស់ឡានត្រូវបានលឺលាន់មាត់ថា «អ៊ឹស បុកសូរម៉ាំងពីក្រោយហើយហ្នឹង» ។ បន្ទាប់មកភ្លាមៗនោះ ក៏បានឃើញបុរសម្នាក់ដើរឆ្លងផ្លូវ ហើយស្របពេលនោះ ប៉ូលិសដែលចាប់ច្រឡំឡាន ព្រោះជនស៊ីវិលបោះដៃមកខុស បែរនិយាយយករួចខ្លួនថា ធ្វើចរាចរឲ្យអ្នកដើរឆ្លងផ្លូវ ដ៏គួរឲ្យហួសចិត្តយ៉ាងខ្លាំងតែម្តង។
នេះបើតាមពូម្ចាស់ឡានដែលមានគណនីហ្វេសប៊ុកឈ្មោះ Vanneth Tath បានបង្ហោះវីដេអូឲ្យឃើញស្តែងៗ និងប្រាប់ឲ្យបងប្អូនមហាជនបានដឹងទាំងហួសចិត្តថា៖ «បានជួបហើយស្តុបវត្តស្លែង ហៅឡានឯងអោយច្បាស់ចែស ដល់ឡានដឹកខ្សាច់បុកពីក្រោយ ខ្ញុំសួរថាឡានខ្ញុំខុសអីបានកាក់ឡានខ្ញុំ គាត់ឆ្លើយថាអត់បានហៅទេ គ្រាន់តែលើកដៃធ្វើចរាចរណ៍អោយអ្នកឆ្លងផ្លូវ»។
ក្រោយពីបានឃើញនូវទង្វើយកលេសដោះសារមិនទទួលខុសត្រូវនេះ មហាជនជាច្រើនជាប្រជាពលរដ្ឋ ដែលកំពុងស្អប់រាល់ថ្ងៃ ចំពោះទង្វើរបស់ប៉ូលិសចរាចរខូចមួយចំនួនរបៀបនេះ បានដាក់ឲ្យកប់ៗបែបនេះថា៖ «លើកក្រោយបុកយម៉ងទៅ រួចហើយនិយាយថាហ្រ្វាំងអត់ដំណើការ, ឲ្យគេឆ្លងតាវាស្អីក្រែងស្តុបមានហេ មិនទៅឆ្លងស្តុបគេត្រឹមត្រូវទៅ, នាំទុក្ខដល់ឡានដឹកខ្សាច់អត់ដឹងអីទៀត, ឆ្ងល់ណាស់ ស្នងការលុបចោលក្រុមត្រួតពិនិត្យហ្នឹងអស់ហើយ មិចនៅឆ្លៀតឱកាសទៀតពួកនេះ, យូរៗទៅ ចោរម្សៀតទៅៗ ស៊ីប្រាក់ខែរាស្រ្ត នាំទុក្ខតែរាស្រ្ត…»។
ជាមួយគ្នានេះ អ្នកខ្លះក៏បានទម្លាយឲ្យដឹងថា «បើឡានយើងជិះស្ងាត់តែឯងមិនខុស ក៍កាក់ដែរ សួររកឯកសារសព្វគ្រប់ ដល់យើងមានទាំងអស់ សុំ10000, ឡានខ្ញុំមានពន្ធត្រឹមត្រូវ វាហៅសួរអស់អាច់អស់នោម មើលអត់មានអីខុសសុំកាហ្វេ ១រៀលពុះជាបួនមិនអោយផងអា, ខ្ញុំទើបអស់25$ ហៅឃាត់យើងហើយសួរខុសអីអត់ឆ្លើយ មកបើកភ្លើងម៉ូតូខ្ញុំមើលឃើញភ្លើងសថាភ្លើងកែច្នៃ, មិនដឹងហៅម៉េចឲ្យសម ទៅនឹងទង្វើរបស់ពួកអស់ហ្នឹងទេ,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






