បណ្តារូបភាពដ៏ហួសចិត្ត នៃបន្ទប់សណ្ឋាគារ ដែលត្រូវបានបន្សល់ទុកនូវសំរាម និងភាពកខ្វក់ដ៏គួរឲ្យខ្ពើមរអើម ពីសំណាក់ក្រុមភ្ញៀវដ៏អន់ចរិកបំផុតមួយ បានកំពុងចែករំលែករីករាលនៅលើបណ្តាញសង្គមម៉ាឡេស៊ី ជាមួយមតិមហាជនរិះគន់ស្អប់យ៉ាងខ្លាំង។
នៅក្នុងវីដេអូ បានបង្ហាញសំរាម ត្រូវបានទុកចោលគ្រប់ទីកន្លែង សំណល់អាហារ និងភេសជ្ជៈ ត្រូវបានទុកចោលនៅទីចំហ និងអ្វីគួរឲ្យហួសចិត្តបំផុតនោះ គឺឈាមពិតៗប្រឡាក់ពេញលើកម្រាលពួកតែម្តង។
តាមរយៈនេះ គេជឿថា អាចជាភ្ញៀវកំពូលគគ្រេច បានប្រារព្ធពិធីខួបកំណើត ព្រោះឃើញមានប៉េងប៉ោង រសាត់ពាសពេញក្នុងអាងហែលទឹក និងជុំវិញបន្ទប់ផងដែរ។
ជាមួយទង្វើដ៏កខ្វក់របស់ក្រុមភ្ញៀវទាំងនោះ សណ្ឋាគារក៏បានបង្ហោះសារយ៉ាងដូច្នេះថា៖ «ប្រសិនបើអ្នកចង់មក យើងខ្ញុំនឹងស្វាគមន៍! ប៉ុន្តែប្រសិនបើអ្នកស្នាក់នៅសណ្ឋាគារ កុំប្រព្រឹត្តបែបនេះ អាណិតបុគ្គលិក អ្នកអនាម័យផង! ទីតាំងសណ្ឋាគារ គឺនៅ Telok Kumbar (Penang)»។
វីដេអូនេះបានរីករាលដាល ហើយអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិ និងចែករំលែកគំនិតរបស់ពួកគេចំពោះបញ្ហានេះ ដោយចាត់ទុកថា ពួកក្រុមភ្ញៀវទាំងនោះ គឺសុទ្ធតែជាសត្វព្រៃ គ្មានសីលធម៌រស់នៅសូម្បីបន្តិចឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



