កណ្តាល ៖ នគរបាលក្រុងតាខ្មៅ បានចាប់ខ្លួនយុវជនម្នាក់ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលផ្តើមចេញរឿងសំឡឹងមើលមុខគ្នា ឈានដល់មានជម្លោះវាយតប់គ្នា បណ្តាលឱ្យគូទំនាស់មានរបួសខ្នង។
កើតហេតុនៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៨ម៉ោង១៧និង៣០នាទីចំណុច៖ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នគរបាលក្រុងតាខ្មៅ បានឱ្យដឹងថាជនរងគ្រោះឈ្មោះ វណ្ណ មករា ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ(រងរបួសត្រង់ខ្នង) ។ ជនល្មើសឈ្មោះ ប៊ុន ជាសុវណ្ណារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបើកបររថយន្ត(ឃាត់ខ្លួន)។
សភាពនៃរឿងហេតុ កាលពីវេលាកើតហេតុខាងលើ ជនល្មើសបានជិះចេញពីផឹកស៊ីជាមួយមិត្តភក្តិ ត្រឡប់មកផ្ទះវិញដល់ផ្លូវចូលផ្ទះ ក៏ជួបនិងជនរងគ្រោះហើយក៏បានសំឡឹងមុខគ្នាទៅវិញទៅមក រួចក៏បានទាក់ពាក្យសំដីគ្នា បន្ទាប់មកជនរងគ្រោះក៏បានវាយជន ល្មើសបួនប្រាំដៃ ទើបជនល្មើសខឹងក៏បានទៅយកកូនកាំបិតចុងស្រួច យកមកចាក់ជនល្មើសចំខ្នងពីក្រោយបណ្តាលអោយមានរបួសស្នាមហូរឈាម ហើយក៏បានប្រតាយប្រតប់គ្នា បណ្តាលអោយកាំបិតមុតភ្លៅជនល្មើសខ្លួនឯងមានរបួសស្នាម បន្ទាប់មកជនល្មើសក៏បានបោះកូនកាំបិតចោលរកមិនឃើញ បន្ទាប់មកក៏ត្រូវបងប្អូនដឹកជនមានរបួសយកទៅព្យាបាលនៅមន្ទីរពេទ្យរៀងៗខ្លួន តែជនរងគ្រោះមានរបួសស្នាមធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរុស្សីតែម្តង។ ចំណែកឯជនល្មេីសរងរបួសស្រាល ក្រោយពីព្យាបាលរបួសហេីយ ក៏ត្រូវសមត្ថកិច្ចធ្វេីការឃាត់ខ្លួនបញ្ជូនមក កាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕ ដោយ៖កូឡាប