គិលានុបដ្ឋាយិកាចំនួន៤នាក់ ដែលធ្វើការនៅមន្ទីរពេទ្យសម្ភពមួយ នៅអាត្លង់តា ត្រូវបានបណ្តេញចេញពីការងារ ដោយសារថតវីដេអូ TikTok ដ៏ពេញនិយមរបស់ពួកគេ ដោយបាននិយាយចំអកអំពីទម្លាប់ដ៏គួរឱ្យធុញទ្រាន់របស់អ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ។
ជាក់ស្តែង បុគ្គលិកផ្នែកថែទាំសុខភាពបួននាក់ មកពីមន្ទីរពេទ្យសម្ភព Emory បានបង្ហាញខ្លួននៅក្នុងវីដេអូឃ្លីបរយៈពេល១នាទី ដែលរីករាលដាលយ៉ាងទូលំទូលាយនៅលើអ៊ីនធឺណិត ដោយប្តូរវេនគ្នាសើចចំអកអ្នកជំងឺ និងត្អូញត្អែរអំពីអ្វីដែលរំខានពួកគេបំផុត ។
ក្នុងនោះ គិលានុបដ្ឋាយិកាម្នាក់ បាននិយាយនៅក្នុងឃ្លីបថា «យើងបានប្រាប់អ្នករួចហើយ ឱ្យរុញពន្លឺហៅទូរស័ព្ទ (call light)។ ប៉ុន្តែរៀងរាល់ប្រាំនាទីម្តង អ្នកមានសមាជិកគ្រួសារមកតុខាងមុខ សុំអ្វីផ្សេង»។ រីឯម្នាក់ទៀត លើកយកសំដីអ្នកជំងឺ ឬគ្រួសាររបស់ពួកគេ ដែលមកសួរនាំដ៏គួរឲ្យធុញទ្រាន់ថា «អត់ទោស! អត់ទោស! អត់ទោស! តើខ្ញុំអាចផឹកទឹកបានទេ? អត់ទោស! តើខ្ញុំអាចយកភួយបានទេ?» និងធុញទ្រាន់អំពីការសួរទម្ងន់ទារកទើបកើតជាដើម។
ការសើចចំអកអ្នកម្តាយឆ្លងទន្លេ និងក៏ដូចជាការមើលងាយ និយាយក្នុងបន្ទប់សម្រាលរបស់គិលានុបដ្ឋាយិកាទាំង៤នាក់នេះ បានទាក់ទាញការខឹងសម្បារ និងការព្រួយបារម្ភយ៉ាងខ្លាំង ពីអ្នកសង្កេតការណ៍តាមអ៊ីនធឺណិត ដែលភាគច្រើនបាននិយាយថាគិលានុបដ្ឋាយិកាមិនគួរបរិហារអ្នកដែលពួកគេត្រូវការការថែទាំនោះទេ។
សាខារបស់ ABC WSB-TV បានបញ្ជាក់ថា គិលានុបដ្ឋាយិកានៅក្នុងវីដេអូទាំងអស់នេះ ត្រូវបានបញ្ចប់ការងាររបស់ពួកគេហើយ។
សេចក្តីថ្លែងការណ៍របស់មន្ទីរពេទ្យទាក់ទងនឹងវីដេអូនេះ បានទទួលស្គាល់ថា «វាជាការអត្ថាធិប្បាយដែលមិនគោរព និងគ្មានវិជ្ជាជីវៈអំពីអ្នកជំងឺសម្ភពនៅមន្ទីរពេទ្យ Emory University Hospital Midtown។ មន្ទីរពេទ្យសម្ពព Emory ក៏បានស៊ើបអង្កេតស្ថានភាព និងចាត់វិធានការសមស្របជាមួយអតីតបុគ្គលិកដែលទទួលខុសត្រូវចំពោះវីដេអូនេះរួចហើយ»។
សេចក្តីថ្លែងការណ៍របស់ Emory បានសរសេរបន្ថែមថា «វីដេអូនេះមិនតំណាងឱ្យការប្តេជ្ញាចិត្តរបស់យើង ចំពោះការថែទាំអ្នកជំងឺ និងគ្រួសារ ដែលផ្តោតលើតម្លៃ និងស្ដង់ដារ ដែលយើងរំពឹងថាសមាជិកទាំងអស់នៃក្រុមរបស់យើងនឹងធ្វើឲ្យបានគ្រប់គ្នា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




@marissah690 #greenscreenvideo #MadewithKAContest #macysownyourstyle #nurseicks ♬ original sound – Burlington Cheesecoat Factory