បាងកក ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការ បានដឹកនាំគណៈប្រតិភូការងារកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ជាមួយឧត្តមសេនីយ៍ Po. Gen. ADUL SANGSINGKEO រដ្ឋមន្ត្រីក្រសួងការងារប្រទេសថៃ។
បើយោងតាមសេចក្តីជូនដំណឹង របស់គណៈកម្មការផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា ដែលកំពុងស្នាក់និងធ្វើការនៅប្រទេសថៃ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ បានជួបពិភាក្សាការងារជាមួយ លោក អាឌុល សាំងស៊ីងកែវ រដ្ឋមន្ត្រីក្រសួងការងារថៃ អំពីវឌ្ឍនភាព នៃការផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដោយភាគីទាំងពីរបានរួមគ្នាផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជាចំនួន១លាន ៧ម៉ឺននាក់ក្នុងនោះ បានសហការគ្នាបញ្ជាក់អត្តសញ្ញាថ្មីជូនពលករកម្ពុជាដែលមានប័ណ្ណស៊ីជម្ពូ (ប័ណ្ណមិនមែនសញ្ជាតិថៃ) ដែលចេញដោយភាគីថៃ ដើម្បីយកទៅសុំភាពស្របច្បាប់ពីភាគីថៃ បានចំនួនប្រមាណ៤២ម៉ឺននាក់ បានសហការគ្នាសម្រួលឯកសារ និងផ្តល់ភាពស្របច្បាប់ ដល់ពលករតាមរយៈ អនុស្សរណនៃការយោគយល់គ្នា បានចំនួនប្រមាណ៦៥ម៉ឺននាក់។ បានប្តេជ្ញានឹងបញ្ចប់ការបញ្ជាក់អត្តសញ្ញាណ ដល់ពលករកម្ពុជាចំនួនប្រមាណ ១ម៉ឺននាក់ទៀត ឲ្យបានចប់មុខថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៨។ ភាគីទាំងពីរបានឯកភាពអនុញ្ញាតឲ្យពលករកម្ពុជា មិនទាន់មាន ឯកសារ ក្រោយពេលបញ្ចប់យុទ្ធនាការនេះ អាចត្រឡប់ទៅកម្ពុជា ដើម្បីស្នើសុំធ្វើឯកសារស្របច្បាប់ ហើយវិលត្រឡប់មកធ្វើការនៅប្រទេសថៃវិញ ជាពលករMoU។
ភាគីថៃនឹងសហការជាមួយភាគីកម្ពុជា ដោយភាពទន់ភ្លន់ ក្នុងករណីរកឃើញថាមានបងប្អូនពលករកម្ពុជា ដែលមិនទាន់មានឯកសារ ឬបាត់ឯកសារ ដោយសហការជូនដំណឹងមកស្ថានឯកអគ្គរាជទុតកម្ពុជា ប្រចាំប្រទេសថៃ និងទីប្រក្សាទទួលបន្ទុកពលករ ដើម្បីរួមគ្នាដោះស្រាយ និងចេញលិខិតបើកផ្លូវដើម្បីពលករទាំងនោះ បានវិលត្រឡប់មកកម្ពុជាវិញ។ ឯកភាពគ្នាបញ្ចប់យុទ្ធនាការជាស្ថាពរ ក្នុងការផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ របស់គណកម្មការផ្តល់ភាពស្របច្បាប់ ចាប់ពីថ្ងៃទី១ខែកក្កដា ឆ្នាំ២០១៨ ។ ជោគជ័យនៃយុទ្ធនាការនេះ គឺពិតជាបានផ្តល់ផលប្រយោជន៍ ដ៏ធំធេងចំពោះប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ៕ ដោយ ៖ បញ្ញាស័ក្តិ