Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យល់ឃើញ​យ៉ាងណា!? ជុំវិញ​សមត្ថកិច្ច​ឃាត់ខ្លួន​មេ​តុងទីន​ដ៏​ល្បី ម៉ូ​លី​កា ខណៈ​មហាជន​ជាច្រើន​ចេញ​មក​និយាយ​ព្រោងព្រាត​ថា វា​គ្រាន់តែ​ជា…

មហាជន ជាពិសេសអ្នកតាមដានរឿងតុងទីន ពិតជាមានការភ្ញាក់ផ្អើល ខណៈខ្លះបានសាទរយ៉ាងខ្លាំង នៅពេលបានឃើញរូបភាពលេចធ្លាយលើបណ្តាញសង្គម បង្ហាញមេតុងទីនអនឡាញដ៏ល្បី ម៉ូលីកា ដែលកូនៗកំពុងផ្ទុះចោទថាជាមេបោក ប្រមូលបានលុយរាប់លានដុល្លារ បែរចុងក្រោយប្រកាសថា គ្មានលុយសង ព្រោះមេក្ស័យធនហើយ ត្រូវបាន​សមត្ថកិច្ច​កងរាជ​អាវុធហត្ថរាជធានីឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

នេះបើយោងតាមទំព័រហ្វេសប៊ុក អាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា មេតុងទីនអនឡាញដ៏ល្បីល្បាញ អ្នកនាង អឿន ម៉ូលីកា ឬហៅថា ចែកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួននៅវេលាម៉ោង ១៥ និង ២៥នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។

តែទោះជាយ៉ាងណា ជុំវិញការឃាត់ខ្លួននេះ គឺហាក់ដូចជាមិនសូវកក្រើកសោះ ខណៈអ្នកខ្លះថា មេតុងទីនលំដាប់ហាយសូររូបនេះ ទំនងចូលទៅតុលាការផ្លូវមុខ ចេញច្រកក្រោយ។ ហើយទន្ទឹមនឹងនេះ នៅពេលមានអ្នកលេងបណ្តាញសង្គមម្នាក់ បានគិត «សង្ឃឹម​ថា​សមត្ថកិច្ច​​ នឹង​រឹបអូស​ទ្រព្យ​​​សម្បត្តិ​មេ​តុងទីន​ ប្រគល់​ជូនកូនៗរងគ្រោះវិញ» ស្រាប់តែមហាជនជាច្រើន បាននិយាយថា មិនអាចទេ វាគ្រាន់តែជាឆាកល្ខោនប៉ុណ្ណោះ ព្រោះអ្នកបោកស្រុកខ្មែរលំដាប់ៗឥឡូវ គេលេងតែក្បាច់ហ្នឹង ដើម្បីធ្វើឲ្យកូនបំណុលស្ងប់ចិត្ត។

ជាមួយគ្នានោះផងដែរ អ្នកផ្សេងៗទៀត ក៏បានលើកឡើងព្រោងព្រាតថា «មួយក្បាច់នេះស៊ីស្អាត សុំសរសើរ អោយសមត្ថកិច្ចធ្វើជាចាប់ខ្លួន ដើម្បីគេចវេសពីកូនបំណុល និងធ្វើអោយកូនបំណុលស្ងប់ចិត្តក្បាច់នេះ ស៊ីសាហាវ ចប់រឿងយ៉ាងស្រួល, ដូចជាមិនដែលឮទេ ពាក្យថា រឹបអូសទ្រព្យសម្បត្តិ ឱ្យកូនបំណុល ធ្លាប់តែឮថា៖ លក់ទ្រព្យសម្បត្តិ ជាថ្នូរនឹងការដោះលែងនៅក្រៅឃុំបណ្តោះអាសន្ន, មើលតែ ចោម ខ្វាន់ ទៅ មិនដឹងបាត់ស្រមោលដល់ណាទេ គ្មានដំណោះស្រាយអោយអ្នករងគ្រោះសោះ, កូនៗ ដេកចាំដាំចេកទៅ កុំសង្ឃឹមបានមកវិញ ស្រុកខ្មែរមានតែស៊ីដាច់ថែម!,…»។

តែយ៉ាងណា នេះគ្រាន់តែជាការយល់ឃើញរបស់បងប្អូនមហាជន ដែលធ្លាប់កត់សម្គាល់ឃើញកន្លងៗមកប៉ុណ្ណោះ ហេតុនេះ យើងទាំងអស់គ្នានឹងរង់ចាំមើលបន្តថា តើសមត្ថកិច្ច តុលាការ នឹងអាចស្វែងរកយុត្តិធម៌ ដោះស្រាយជូនជនរងគ្រោះបាន ឬក៏ដូចពាក្យមហាជនលើកឡើង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×