អាហារតែងចាំបាច់ចំពោះរាងកាយជានិច្ច រឿងនេះអ្នកណាៗក៏ដឹងដែរ ដូច្នេះថ្ងៃនេះយើងមាន អាហារសុខភាព ៥យ៉ាង មកជម្រាបជូននារីៗ គឺជាស៊ុបភើរ៍ហ្វ៊ូដ ដែលមិនអាចខ្វះបាន ដើម្បីមើលថែទាំសុខភាព និងការពាររោគា ដែលតែងកើតច្រើននៅក្នុងក្រុមនារីៗយើង ពេលអាយុកាន់តែច្រើនឡើង ដូច្នេះយើងនាំគ្នាតាមដានជាបន្តថា តើមានអ្វីខ្លះ ដូចតទៅ…
1.យ៉ាអួ ឬទឹកដៅគោជូរ
មានជាតិខ្លាញ់តិច រសជាតិធម្មជាតិ ជួយកាត់បន្ថយការកើតមហារីកសុដន់ និងការឆ្លងមេរោគក្នុងស្បូន ក្រៅពីនេះនៅមានជាតិកាល់ស្យូមខ្ពស់ ការពារបញ្ហាពុកឆ្អឹងបានទៀតផង។
អាចទទួលទានបាន ក្នុង ១សប្តាហ៍ ៣-៥ដង
២.ត្រីដែលមានខ្លាញ់
ដូចជា ត្រីសាលម៉ុន ត្រីមែកឃើរេល ត្រីសាឌីន ល និង ល ត្រីទាំងនេះមានជាតិអាស៊ីតអូមេហ្កា៣ ជួយការពារជំងឺរលាកសន្លាក់ឆ្អឹង រូម៉ា-តយដ៍ ជំងឺអេសអឹលអ៊ី ដែលតែងកើតច្រើននៅលើស្ត្រី ច្រើនជាងបុរស។
អាចទទួលទានបាន ក្នុង ១សប្តាហ៍ ២-៣ដង
៣.សណ្តែក
សណ្តែកដែលញ៉ាំបានទាំងកួរ ដូចជា ពពាយ សណ្តែកកួរ សណ្តែកហោឡាន់តៅ សណ្តែកអង្គុយ សណ្តែកក្រហម សណ្តែកខ្មៅ មានហ្វៃប៊ើរខ្ពស់ មានសារធាតុដែលមានឥទ្ធិពលទប់ស្កាត់ អង់ហ្ស៊ីមប្រូទីអេស ដែលជួយការពារ និងកាត់បន្ថយការបំបែកខ្លួនរបស់កោសិកាមហារីក ជួយការពារមហារីកសុដន និងដែលសំខាន់គឺ ហុចផលល្អដល់អ័រម៉ូនភេទស្រី។
អាចទទួលទានក្នុង ១សប្តាហ៍ ២-៣ដង
៤.ផ្លែប៉េងប៉ោះ និងឪឡឹក
ផ្លែឈើទាំង ២មុខនេះ មានសារធាតុ ឡៃខូពីន ជួយការពារមហារីកសុដន់ មានសារធាតុ អ៊ែនទីអុកស៊ីដេនត៍ ធ្វើឱ្យមុខមាត់ និងរូបរាង មើលឃើញនៅក្មេងវ័យ ព្រោះវាជួយការពារស្បែក មិនឱ្យត្រូវកាំរស្មីអ៊ុលត្រាវីយ៉ូឡេ បំផ្លាញ។
អាចទទួលទានបានក្នុង ១សប្តាហ៍ ៣-៥ដង
៥.ផ្លែឈើត្រកូលប៊ើរី
ដូចជា ផ្លែប្ល៊ូប៊ើរី ស្ត្រប៊ើរី និងរ៉ាសប៊ើរី ជាដើម ផ្លែឈើទាំងនេះ មានសារធាតុអ៊ែនថូសៃអ៊ែនស៍( anthocyans ) ដែលមានតួនាទីសំខាន់ក្នុងការជួសជុលកោសិកាក្នុងរាងកាយរបស់យើង ក្រៅពីនេះនៅមានការងារស្រាវជ្រាវថ្មីមួយ បានអះអាងថា សារធាតុនេះ ថែមទាំងជួយកាត់បន្ថយភាពប្រឈមក្នុងការកើតជំងឺមហារីកបានច្រើនប្រភេទ ដូចជា មហារីកសុដន់ មហារីកប្រព័ន្ធរំលាយអាហារ បានទៀតផង។
អាចទទួលទានបាន ក្នុង ១សប្តាហ៍ ៣-៤ដង
ចង់ក្លាយជានារីដែលមានមុខមាត់ស្អាត រូបរាងល្អ និងមានសុខភាពរឹងមាំ ចូរកុំខកខាន ស៊ុបភើរហ្វ៊ូដទាំង ៥មុខខាងលើនេះ និងត្រូវនាំគ្នាមើលថែទាំខ្លួន តាំងពីថ្ងៃនេះតទៅ…៕