រឿងរ៉ាវប្រាក់រង្វាន់លើកទឹកចិត្ត ដល់កីឡាករប្រណាំងកង់ទទួលបានជ័យលាភី (មិនស្មើនឹងតម្លៃទិញពាក្យចូលរួមប្រកួតផងនោះ) នៅក្នុងពិធីបុណ្យសមុទ្រ លើកទី៩ (ជុំទី៣) នៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ គឺនៅតែជាប្រធានបទក្តៅគគុក ខណៈមតិមហាជនផ្ទុះការរិះគន់មិនសំចៃមាត់។
ជាក់ស្តែង ទាក់ទងរឿងនេះ គេក៏បានឃើញអ្នកចូលរួមប្រណាំងកង់ជាច្រើន បានបង្ហោះសារព្រោងព្រាតថា «សួរថាសមដែរអត់លោកមេអើយ, មិនរួចថ្លៃចុះឈ្មោះទេ, ស្រុកខ្ញុំបើមិនខុសគេ មិនប្លែក ចុះឈ្មោះ 8ម៉ឺន លេខមួយបាន១០ម៉ឺន, អត់រួចផ្លូវល្បឿនលឿនទេ»។
ដោយឡែក បើតាមគណនីហ្វេសប៊ុកផ្សេងទៀត ក៏បានបង្ហោះសារទាំងហួសចិត្តថា «…កម្មវិធីប្រណាំងកង់ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៩ (ជុំទី៣) នៅខេត្តព្រះសីហនុ កាលពីព្រឹកមិញ រង្វាន់លើកទឹកចិត្តលេខ១ អ្នកឈ្នះបាន 10 ម៉ឺនរៀល លេខ២,លេខ៣ បាន ៥ម៉ឺនរៀល ខណៈការទិញពាក្យ ដើម្បីចូលរួមប្រលង តម្លៃ 8ម៉ឺនរៀល …!!។
ក្រោយពីបានឃើញបែបនេះ មហាជនផ្ទុះការរិះគន់មិនសំចៃមាត់ថា «ស៊ីសាហាវ! អន់ម៉ែអាអន់!! មើលងាយគ្នាពេកហើយ, គ្នាខំប្រឹងត្រូវប្រឈមគ្រោះថ្នាក់ បែរជាផ្តល់រង្វាន់លើកទឹកចិត្តរបៀបនេះទៅវិញ ហួសចិត្តខ្លាំងណាស់,…»។ រីឯអ្នកខ្លះទៀត ក៏សួរទៅកាន់គណៈកម្មការរៀបចំការប្រកួតនេះយ៉ាងចាក់ដោតថា៖ «បើដើម្បីតែការអបអរពិធីបុណ្យ គិតថាជាឆន្ទៈនៃការស្រលាញ់កីឡា ហើយប្រាក់រង្វាន់លើកទឹកចិត្តតិចម្លឹងៗ ចាំបាច់យកថ្លៃចុះឈ្មោះដល់ម្នាក់20$ធ្វើអីមេ សួរដូចឆោតមេ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





