ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ និងបង្ហាញអំពីលទ្ធផលជោគជ័យនៅតំបន់អឺរ៉ុប

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីបញ្ចប់បេសកកម្មការងារប្រកបដោយជោគជ័យខ្ពស់នៅសហភាពអឺរ៉ុប។

បេសកកម្មអន្តរជាតិរបស់សម្តេចតេជោ ហ៊ុន សែន ទាំងក្នុងឋានៈជានាយករដ្ឋមន្ត្រី និងឋានៈជាប្រធានអាស៊ាន នៅតំបន់អឺរ៉ុប រយៈពេល៤ថ្ងៃ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបាននាំមកនូវកិត្តិយសធំធេងសម្រាប់ប្រជាជាតិកម្ពុជា។

និយាយពីកិច្ចការរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងប្រទេសបារាំងបន្តិចសិន, គឺក្នុងជំនួបពិភាក្សាទ្វេភាគី ជាមួយ លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងការធ្វើសន្តិសីទអន្តរជាតិស្ដីពី” សាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន ” នៅទីក្រុងប៉ារីសប្រទេសបារាំង, សម្ដេចតេជោ ហ៊ុន សែន បានធ្វើបទអន្តរាគមន៍ថា កម្ពុជាធ្លាប់ជាប្រទេសដែលរងគ្រោះទុក្ខសោក ហែកហួរ និងបំផ្លិចបំផ្លាញខ្ទេចខ្ទាំដោយសារសង្គ្រាម ប៉ុន្តែកម្ពុជាបានខិតខំរើបង្រះប្រើប្រាស់នយោបាយឈ្នះឈ្នះទើបបានប្រែក្លាយជាប្រទេសមានសង្គ្រាមមកជាប្រទេសមានសន្តិភាពពេញលេញនិងសេរីភាពមានកំណើនសេដ្ឋកិច្ច និងបានក្លាយជាសមាជិកដ៏សកម្មមួយនៃសហគមន៍អាស៊ាន ដែលបានចូលរួមប្រកបដោយជវភាព (ភាពនៃសន្ទុះ, ល្បឿន, ដំណើរដែលលឿនរហ័ស) ក្នុងកិច្ចការតំបន់ និងអន្តរជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានគូបញ្ជាក់ថា គោលការណ៍ទាំងឡាយនៃទំនាក់ទំនងអន្តរជាតិ គឺផ្អែកលើច្បាប់ និងការគោរពអធិបតេយ្យភាព, ការគោរពបូរណភាពទឹកដីនៃរដ្ឋឯករាជ្យ, ព្រមទាំងបានសម្ដែងនូវសាមគ្គីភាព និងនៅឈរជាមួយប្រជាជនអ៊ុយក្រែនក្នុងគ្រាដ៏លំបាកនៃសង្គ្រាមដែលពោរពេញដោយវិនាសកម្ម, ជាពិសេស កម្ពុជានឹងផ្ដល់ការបណ្ដុះបណ្ដាលលើជំនាញបច្ចេកវិទ្យាដោះមីនដល់អ្នកជំនាញអ៊ុយក្រែន នៅ ខែមរា ឆ្នាំ២០២៣មុខនេះ។

ចំណែកលទ្ធផលដែលទទួលបានជោគជ័យជាមួយមេដឹកនាំសហភាពអឺរ៉ុបនោះ រួមមាន មេដឹកនាំសភាពអឺរ៉ុបបានទទួលស្គាល់ថា កម្ពុជា ក៏ជាដៃគូដ៏រឹងមាំមួយរបស់សហភាពអឺរ៉ុប និងធ្វើឲ្យមានការរីកចម្រើនដល់តំបន់អាស៊ាន, ហើយថា សហភាពអឺរ៉ុប គឺជាចំណែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច នៅកម្ពុជា។

លើសពីនេះ សហភាពអឺរ៉ុបទទួលស្គាល់ថា កម្ពុជាមានការរីកចម្រើនប្រកបដោយស្ថិរភាពក្នុងវិស័យលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត, ដោយបានគូសបញ្ជាក់អំពីការតាំងចិត្តដ៏រឹងមាំរបស់កម្ពុជាក្នុងការធានា និងការពារនីតិរដ្ឋ។

មេដឹកនាំសហភាពអឺរ៉ុប បានបង្ហាញអំពីឆន្ទៈរបស់ខ្លួនថា នឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគី ហើយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា សម្រាប់ការចាកចេញពីឋានៈជាប្រទេសរកចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសរកមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០២៧ ( LDCs ) សំដៅជួយកសាងនូវការអភិវឌ្ឍន៍ប្រកបដោយភាពធន់ និងចីរភាព៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម