ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ពិតជាចង់ឃើញ ការកើនឡើងពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ (កម្ពុជា-ហ្វាំងឡង់)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចពិតជាចង់ឃើញ ការកើនឡើងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ (កម្ពុជា-ហ្វាំងឡង់) ទោះបីបច្ចុប្បន្នមានទំនាក់ទំនងពាណិជ្ជកម្មក៏ដោយក៏ប៉ុន្តែនៅមានកម្រិត។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកជំទាវ Sanna Marin នាយករដ្ឋមន្ត្រី ហ្វាំងឡង់ ដែលជំនួបនេះត្រូវបានធ្វើឡើងនៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។

ជំនួបនេះ គឺបានឆ្លុះបញ្ចាំងពីអ្វីដែលប្រទេសនៅតំបន់អឺរ៉ុបបានយកចិត្តទុកដាក់ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាប្រទេសកម្ពុជា ដែលជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ។ លោកជំទាវបានអបអរសាទរចំសម្ដេចតេជោ ចំពោះការងារទាំងឡាយដែលសម្ដេចតេជោ បានដឹកនាំក្នុងនាមជាប្រធានអាស៊ានកន្លងមកនេះ។ លោកជំទាវក៏បានអរគុណសម្ដេចតេជោផងដែរ ចំពោះការងារកម្ពុជាដែលពាក់ព័ន្ធ នឹងអង្គការសហប្រជាជាតិ ដែលបានបោះឆ្នោតមហាសន្និបាត នាពេលកន្លងទៅដែលគាំទ្រពីសភាពការណ៍នៅអ៊ុយក្រែន។

ពាក់ព័ន្ធទៅនឹងទំនាក់ទំនងទ្វេភាគី លោកជំទាវបានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងល្អ ហើយលោកជំទាវចង់បន្តជំរុញបន្ថែមទៀតរវាងប្រទេសយើងទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរមតិយោបល់ជុំវិញស្ថានភាពនៅមីយ៉ាម៉ា និងបញ្ហាពិភពលោកផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ អរគុណលោកជំទាវចំពោះការគាំទ្រដល់កម្ពុជា ដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះ។ សម្ដេចតេជោបានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២២នេះ មានបញ្ហាប្រឈមជាច្រើនក្នុងនាមជាប្រធានអាស៊ាន ហើយបញ្ហានោះទាំងអស់នោះជាបញ្ហាក្តៅ។ សម្ដេចតេជោបានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរ គឺមានគោលដៅរួមស្រដៀងគ្នា ក្នុងពេលបច្ចុប្បន្ននេះ ហើយសម្ដេចតេជោក៏បានលើកឡើងអំពីសារៈសំខាន់ នៃប្រទេសហ្វាំងឡង់កន្លងទៅនេះ ក្នុងប្រវត្តិសាស្ត្រ ជាពិសេសពាក់ព័ន្ធទៅនឹង ប្រទេសហ្វាំងឡង់ ដែលជាទីកន្លែងក្នុងការចរចារវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ដើម្បីចរចាក្នុងការកំណត់ការផលិតអាវុធទាំងសងខាងនោះ។

សម្ដេចតេជោក៏បានមានប្រសាសន៍អំពីតួនាទីកម្ពុជា ក្នុងការគាំទ្រដល់ការងារមនុស្សធម៌ ដែលកម្ពុជា នឹងបញ្ជូនគ្រូដោះមីន ដើម្បីបង្ហាត់ដល់អ្នកដោះមីននៃប្រទេសអ៊ុយក្រែន និងទទួលសិស្សដោះមីនពីប្រទេសឲ្យក្រែនមកកម្ពុជាផងដែរ។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថា សម្ដេចពិតជាចង់ឃើញ ការកើនឡើងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ ទោះបីបច្ចុប្បន្នមានទំនាក់ទំនងពាណិជ្ជកម្មក៏ដោយក៏ប៉ុន្តែនៅមានកម្រិត។ សម្តេចតេជោក៏បានស្វាគមន៍ចំពោះការបង្កើត នៃកុងស៊ុលកិត្តិយសរបស់ប្រទេសហ្វាំងឡង់ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសយើងទាំងពីរបន្ថែមទៀត។ ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍ធនធានមនុស្ស សម្ដេចតេជោបានមានប្រសាសន៍ថា ការងារអទិភាពទី១របស់កម្ពុជា គឺផ្ដល់ទៅលើការបណ្ដុះបណ្ដាលធនធានមនុស្សនេះឯង។សម្ដេចក៏បានស្នើឱ្យហ្វាំងឡង់ជួយបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាលើផ្នែកការទូតដែលបច្ចុប្បន្នយើងមានវិទ្យាស្ថានការទូតនៅក្រសួងការបរទេស។ ជាចុងក្រោយ សម្ដេចតេជោក៏បានស្នើឲ្យលោកជំទាវនាយករដ្ឋមន្ត្រីហ្វាំងឡង់ ក្នុងការជំរុញអ្នកវិនិយោគហ្វាំងឡង់មកបណ្ដាក់ទុន ក្នុងប្រទេសកម្ពុជាបន្ថែមទៀតនៅពេលខាងមុខ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម