សារព័ត៌មាន Channel 3 នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានចុះផ្សាយឲ្យដឹងថា នៅក្នុងពិធីបុណ្យគម្រប់ខួប២ឆ្នាំ របស់ ហ្លូង ពូថង ប៉ាផាការ៉ូ នៅវត្ត បានខប ឃុំ ខប ស្រុក ណាម ឃ្លាំង ខេត្ត ស៊ីសាកេត ប្រជាពលរដ្ឋដែលទៅចូលរួម ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះព្រះតេជគុណ ផុនឆៃ ពុទ្ធសារ៉ូ ព្រះចៅអធិការវត្តណាំយ៉យ ឃុំបាក់ដុង ស្រុកឃុនហាន ខេត្តស៊ីសាកេត ព្រោះព្រះតេជគុណមានពុកចង្ការវែងដ៏ចម្លែករហូតក្រោមចង្កេះ។
ទាក់ទងរឿងទុកពុកចង្កាវែងបែបនេះ ព្រះតេជគុណ ផន ឆៃ បានទម្លាយមូលហេតុឲ្យដឹងថា វាមិនមែនជាល្បិចបោកប្រាស់ធ្វើដើម្បីអ្វីនោះទេ ប៉ុន្តែ ដោយសារតែជំនឿ និងភាពស្មោះត្រង់ប៉ុណ្ណោះ។ ព្រះតេជគុណ ផន ឆៃ បានបន្តថា ខណៈគង់នៅវត្តអរុណស្វាង ឃុំបានក្រោល ស្រុកឃុនហាន ខេត្តស៊ីសាកេត នៅពេលនោះ ពួកខ្មែរក្រហមបានបាញ់សម្លាប់គ្នា។ ដូច្នេះហើយ រូបព្រះអង្កក៏បានចុះទៅវត្ត ថាមឌឿនថាមដាវ ក្រោយមកដល់ប្រទេសថៃ ក៏ឃើញថាមានសង្គ្រាមនៅកម្ពុជា។ ក្នុងពេលនោះ អាត្មាបានសឹងសុបិន ឮសំឡេងមួយនិយាយថា «ឱ្យពុកមាត់ ពុកចង្កា ដល់អ្នក ហើយខ្ញុំនឹងទៅរស់នៅជាមួយអ្នក»។
ព្រះតេជគុណ ផន ឆៃ ក៏បានឲ្យដឹងផងដែរថា «នៅពេលមួយមានគ្រូម្នាក់ មកសួរអាត្មាថា ហេតុអ្វីបានជាមិនកោរពុកចង្កាចោល អាត្មាក៏បានឆ្លើយថា កោរមិនបានទេ ដោយសារអាត្មាបាននិយាយពាក្យពិត ចំពោះអ្នកផ្តល់ពុកមាត់ពុកចង្កា ដែលបានអធិស្ថានថា ប្រសិនបើបានមករស់នៅជាមួយសុំឲ្យចងពុកចង្ការជាមួយគ្នា។ ចាប់តាំងពីពេលនោះមក អាត្មាក៏បានរក្សាទុកវាអស់រយៈពេលប្រមាណ ៣០ ឆ្នាំ ហើយពុកចង្កានេះក៏មិនបានធ្វើឲ្យខូចដល់ព្រះពុទ្ធសាសនានោះទេ។ ព្រះអង្គក៏បានបង្ហើបថា នៅពេលភិក្ខុទាំងឡាយម្តងម្កាល បានដកពុកមាត់ចេញបន្តិច ស្រាប់តែបង្ហាញអាការៈឈឺអស់៣ថ្ងៃ ដូច្នេះហើយ អាត្មាលែងប៉ះពាល់ពុកចង្កាទៀតឡើយ។
ទោះយ៉ាងណា ថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មានរបស់នាយកដ្ឋានទំនាក់ទំនងសាធារណៈបានរាយការណ៍ថា លោក Inthaphon Chan-Iam ប្រធានស្តីទីនៃការិយាល័យព្រះពុទ្ធសាសនាជាតិ បាននិយាយថា សក់ ចិញ្ចើម ពុកមាត់ ពុកចង្ការ គឺមិនអាចរក្សាទុកបានទេ ព្រោះព្រះសង្ឃត្រូវតែគោរពទាំងច្បាប់ប្រទេស ទាំងព្រះធម៌ វិន័យ និងទំនៀមទម្លាប់ និងបដិបត្តិរបស់សង្ឃថៃ។
លោក Inthaphon ក៏បានបញ្ជាក់ថា បើទោះជាក្នុងព្រះធម៌ និងវិន័យ ក៏មិនមានការហាមប្រាមច្បាស់លាស់ក៏ដោយ ប៉ុន្តែពេលមកនៅក្រោមគណៈសង្ឃថៃ ត្រូវធ្វើតាមការណែនាំរបស់គណៈសង្ឃថៃ (ខេត្តស៊ីសាកេត) ហើយពេលនេះ ក្រុមការងារក៏បានចុះទៅតំបន់នោះ ដើម្បីស៊ើបអង្កេតផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




