រូបភាពបង្ហាញក្មេងស្រីម្នាក់អាយុប្រហែលខ្ទង់ ១០ ឆ្នាំ ជិះកង់តែម្នាក់ឯង កាត់ផ្លូវវាលងងឹតដាច់ស្រយាលពីភូមិ ដោយមិនដឹងថា ទើបមកពីរៀនគួរ ឬយ៉ាងណានោះទេ សំដៅទៅផ្ទះរបស់នាងវិញ បានកំពុងធ្វើឲ្យគ្រប់ៗគ្នានៅលើបណ្តាញសង្គម ឃើញទិដ្ឋភាពនេះហើយ ពិតជាគួរឲ្យសង្វេគណាស់ ព្រោះតែព្រួយបារម្ភសុវត្ថិភាពរបស់នាងយ៉ាងខ្លាំង។
តាមរយៈវីដេអូ បានបង្ហាញក្មេងស្រីរូបនោះ ខំប្រឹងធាក់កង់មិនហ៊ានបង្អង់ជើងទេ នៅពេលឃើញឱកាសភ្លើងឡានបំភ្លឺផ្លូវ មកពីខាងក្រោយ ខណៈផ្លូវខាងមុខងងិតសូនឈឹង មិនឃើញស្រមោលជាយភូមិ និងសងខាងផ្លូវក៏មិនមែនផ្ទះប្រជាពលរដ្ឋណារស់នៅ សូម្បីតែមួយខ្នងនោះទេ។
យ៉ាងណាមិញ ជាមួយស្ថានភាពបែបនេះ គេក៏មិនដឹងថា ក្មេងស្រីនោះ ត្រូវជិះកង់ប្រថុយគ្រោះថ្នាក់បែបនេះរៀងរាល់យប់ ឬយ៉ាងណានោះទេ ខណៈប្រភពវីដេអូពីអ្នកបើកឡានឃើញដោយចៃដន្យ បានត្រឹមចែករំលែកត្រឹមរូបភាពដ៏គួរបារម្ភជំនួសនេះប៉ុណ្ណោះ។
ទាក់ទងរឿងនេះ ក៏មានអ្នកលើកឡើងថា «ទាល់តែអ្នកធ្លាប់អត់ អ្នកធ្លាប់ឆ្លងកាត់ ទើបយល់អារម្មណ៍មួយនេះ ដោយសារកត្តាជីវភាព ទើបគ្នាត្រូវធ្វើដំណើរប្រថុយគ្រោះថ្នាក់បែបនេះ ព្រោះថាបើកូនគេអ្នកធូធារ ក៏គេមិនបណ្តែតបណ្តោយឲ្យកូនគេជិះកង់តែម្នាក់ឯងអញ្ចឹងដែរ នេះមកពីគ្នាអត់»។
ដោយឡែក និយាយអំពីសុវត្ថិភាពដ៏គួរឲ្យព្រួយបារម្ភ គេក៏បានលើកយកសម័យកាលមុន និងសម័យឥឡូវ វែកញែកថា៖ «ឥឡូវថ្នាំញៀនច្រើន ពីមុនខ្ញុំធ្វើដំណើរពីចុងភូមិទៅដើមភូមិ ពេលម៉ែប្រើម្តងៗ ជួនមានពិលប្រើជួនអត់ ជួបមនុស្សប្រុសដើរទាំងហ្វូង តែពួកគាត់មិនមានចេតនាអាក្រក់លើយើងទេ តែបើឥឡូវវិញខ្ញីហើយ បើស្រមៃអតតីតកាលឡើងវិញរាងរអាលតើ, មិនមែនសម័យមុនមិនគ្រោះថ្នាក់ទេ តែមកពីរអត់ទាន់មានទូរស័ព្ទប្រើទំទើបដូចឥលូវ មានហ្វេសប៊ុកប្រើចែកចាយយ៉ាងលំទូលាយ,…»។
តែយ៉ាងណា គេក៏បានស្តីបន្ទោសឪពុកម្តាយ ដែលមិនគួរណាប្រើ ឬ បណ្តែតបណ្តោយកូនស្រី ធ្វើដំណើរតែម្នាក់ឯង ស្ថិតក្នុងស្ថានភាពបែបនេះឡើយ ព្រោះថា នៅពេលមានរឿងអកុសលកើតឡើង ទើបនាំគ្នាយំសោក ភ្ញាក់ខ្លួនស្តាយក្រោយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




