វីដេអូមួយបង្ហាញពូលប៉ូលិសចរាចរម្នាក់ និងបុរសម្នាក់ ដែលបានជួយលើកឥវ៉ាន់អំបោសមួយដុំធំ ឆ្លងផ្លូវ ដោយសារតែបុរសអ្នករែកលក់ អស់ខ្យល់ខ្លាំងរែកលែងរួច ពេលឃើញដំបូង មហាជនជាច្រើន បានសម្តែងការកោតសរសើរចំពោះទឹកចិត្តពួកគាត់ និងក៏ដូចអាណិតអាសូរដល់បុរសអ្នកលក់នោះជាខ្លាំង ព្រោះតែដើម្បីក្រពះ និងជីវភាពគ្រួសារ តស៊ូរហូតទៅមុខលែងរួចបែបនេះ។
ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថា ទម្ងន់អំបោកទាំងសងខាង ពិតជាមិនធម្មតា មិនតិចគីឡូនោះទេ ព្រោះថា សូម្បីតែពូប៉ូលិស និងបុរសម្នាក់ ទាំងពីរនាក់ លើកតែដុំអំបោសម្តាងឆ្លងផ្លូវ ឡើងតធេសតថាស ចុះទម្រាំលើកទម្ងន់ទាំងសងខាង ហើយប្រើកម្លាំងម្នាក់ឯងទៀត សួរថាតើអាចទៅរួចបានប៉ុណ្ណា!?។
ពិតណាស់ ក្រោយពីបានឃើញសកម្មភាពជាក់ស្តែងនេះហើយ មហាជនជាច្រើន ក៏បានចាប់ផ្តើមរិះគន់បុរសអ្នករែកលក់នោះថា លោភលន់មិនប្រមាណពីកម្លាំងខ្លួន ឬ អាចធ្វើបែបនេះ ដើម្បីទាក់ទាញក្តីអាណិតពីអ្នកដំណើរតែម្តង ព្រោះថា កន្លងមក ធ្លាប់មានអ្នកលក់ចំណាស់ម្នាក់ ក៏បានរែកអំបោសលោភលន់ឡើងត្រដាបត្រដួលអ៊ីចឹងដែរ ហើយឃើញអាណិតពេក ប្តីប្រពន្ធជិះឡានឡិចស៊ីស ឈប់ហុចលុយឲ្យ២ម៉ឺនរៀល នៅត្រង់ស្តុបផ្សារដីហុយ។
តែយ៉ាងណាមិញ ឆ្លើយតបទៅនឹងមតិរិះគន់ថា «មកពីល្ងង់ លោភលន់មិនប្រមាណកម្លាំង ឬខំប្រឹងខុសរបៀប…» ក៏មានមតិលើកឡើងថា «កុំនិយាយថាអោយគាត់ចឹងអី មុនដំបូងគាត់ក៏រែករួច ដល់គាត់ដើរលក់យូរៗទៅកំលាំងក៏ចុះខ្សោយ ចឹងហើយបានធ្វើអោយគាត់រែកលែងចង់រួច ការរកស៊ីយើងមើលមិនឃើញទេ ថ្ងៃមុនស្រួលលក់ ថ្ងៃនេះពិបាកលក់មើលមិចដឹង រាល់ដងគាត់លក់ឆាប់អស់បានគាត់ប្រើកំលាំងតិច ថ្ងៃនេះលក់មិនដាច់ចឹងបានគាត់ប្រើកំលាំងច្រើន ដល់រែកដើរយូរៗទៅ កំលាំងក៏ចុះខ្សោយចឹងទៅ ជីវិតអ្នកក្រវាចឹងឯង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






