បុរសជនជាតិកូរ៉េខាងជើងម្នាក់បានសុំអង្វរប្រធានាធិបតីចិន ស៊ី ជិនពីង (Xi Jingping) កុំឲ្យបញ្ជូនប្រពន្ធ និងកូនរបស់គាត់ត្រឡប់ទៅប្រទេសកូរ៉េខាងជើងវិញ ដោយលោកលើកឡើងថា ពួកគេអាចប្រឈមនឹងការជាប់គុក ឬប្រហារជីវិត ប្រសិនបញ្ជូលត្រឡប់ទៅវិញ។ នេះបើតាមការចេញផ្សាយរបស់សារព៌តមាន BBC នៅព្រឹកថ្ងៃសៅរិ៍ ទី ១១ ខែវិច្ឆការនេះ។
ស្ត្រីម្នាក់ និងកូនអាយុ ៤ឆ្នាំរបស់គាត់ ត្រូវបានគេដឹងថាស្ថិតក្នុងចំណោមជនជាតិកូរ៉េខាងជើង ១០នាក់ ដែលត្រូវបានអាជ្ញាធរចិនចាប់ និងឃុំខ្លួន ក្រោយពេលពួកគេលួចឆ្លងដែនចូលប្រទេសចិន។
បុរសជាប្តីដែលសុំប្រាប់តែឈ្មោះថា លី (Lee) បានរត់គេចខ្លួនទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីឆ្នាំ ២០១៥មកម្លេះ។
នៅក្នុងសារវីដេអូរ លោក លី បាននិយាយថា ប្រពន្ធ និងកូនរបស់គាត់នឹងត្រូវប្រឈមនឹងការប្រហារជីវិត ឬជាប់គុកនយោបាយ ប្រសិនជាពួកគេត្រូវបានបញ្ជូលទៅកាន់ប្រទេសកូរ៉េខាងជើងវិញ។
លោកអង្វរករដូច្នេះថា “ខ្ញុំសូមលោកប្រធានាធិបតី ស៊ី ជិនពីង និងប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ គួរចាត់ទុកកូនរបស់ខ្ញុំដូចជាចៅរបស់ពួកគេ ហើយបញ្ជូនកូនរបស់ខ្ញុំមកប្រទេសសេរីវិញ (កូរ៉េខាងត្បូង)”។
“សូមជួយពួកខ្ញុំផង ជួយគ្រួសាររបស់ពួកខ្ញុំ កុំបញ្ជូនពួកគេត្រឡប់ទៅវិញ។ ក្នុងនាមជាឪពុក ខ្ញុំសូមអង្វរមេដឹកនាំទាំងពីរ សូមជួយដល់គ្រួសាររបស់ខ្ញុំផង”។
គាត់និយាយថា រូបភាពកូនប្រុសរបស់គាត់ស្ថិតក្នុងការឃុំឃាំងលងបន្លាចគាត់ ហើយគាត់មិនអាចទ្រាំនៅស្ងៀមដោយមិនធ្វើអ្វីសោះនោះទេ។
សូមរម្លឹកដែរថា ប្រទេសចិនគឺជាសម្ព័ន្ធមិត្តតែមួយគត់របស់កូរ៉េខាងជើង ហើយប្រទេសទាំងពីរនេះមានកិច្ចព្រមព្រៀងបញ្ជូនពលរដ្ឋដែលរត់គេចខ្លួនឲ្យគ្នាទៅវិញទៅមក។ ជារឿយៗ ចិនចាប់បញ្ជូនពលរដ្ឋកូរ៉េខាងជើងដែលរត់ចោលស្រុក ត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។ អ្នកដែលត្រូវគេបញ្ជូលទៅវិញ ត្រូវបានគេដឹងថា ប្រឈមនឹងទារុណកម្ម ការជាប់គុក ឬការប្រហារជីវិតជាសាធារណៈ៕ សុភ័ក្ត្រ