Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរ​មិន​ជឿ! បាត់​កូនប្រុស២០ឆ្នាំ ពេល​កូនស្រី​នាំ​មិត្ត​ប្រុស​មកលេង​ផ្ទះ ឪពុក​ម្តាយ​ស្រឡាំ​ងកាំង ពេល​រក​ឃើញថា…

គេហទំព័រ Sinchew នៅថ្ងៃទី១៧​ ខែធ្នូ ឆ្នាំ២០២២​ បានបញ្ចេញរឿងរ៉ាវដ៏ភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ ខណៈដែលគ្រួសារប្តីប្រពន្ធមួយ រស់នៅទីក្រុង Longyan ខេត្ត Fujian ប្រទេសចិន បានឲ្យដឹងថា ពួកគេបានបាត់ដំណឹងកូនប្រុសអស់រយៈពេល ២០ ឆ្នាំ ប៉ុន្តែ នៅពេលកូនប្រុសត្រឡប់មកវិញ មិននឹកស្មានថា បែរជា «មិត្តប្រុស» របស់កូនស្រី ដែលធ្វើឲ្យពួកគេពិតជាស្លុតចិត្តជាខ្លាំងតែម្តង។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សាយក្នុងស្រុក បានឲ្យដឹងថា កូនប្រុសពៅរបស់ប្តីប្រពន្ធមួយ បានបាត់ខ្លួនពីផ្ទះអស់រយៈពេលប្រហែល ២០ ឆ្នាំ កន្លងមកហើយ ហើយបើទោះជាឪពុកម្តាយខំស្វះស្វែងរកយ៉ាងណា ក៏មិនអាចរកឃើញនោះទេ។ បន្ទាប់រយៈពេលជាច្រើន ប្តីប្រពន្ធនេះបានប្រទះឃើញទារិកាមួយ ដែលត្រូវបានគេបោះបង់ចោលនៅចំណុចផ្លូវប្រសព្វ ខាងមុខផ្ទះរបស់ពួកគេ ឃើញបែបនេះ ពួកគេក៏សម្រេចរើសយកមកចិញ្ចឹម។

ប្តីប្រពន្ធនេះ បានចាត់ទុកកូនស្រីចិញ្ចឹមនោះដូចកូនបង្កើតរបស់ពួកគេអ៊ីចឹង ដោយមើលថែចិញ្ចឹមបីបាច់ពោរពេញក្តីស្រលាញ់យ៉ាងខ្លាំង រហូតឲ្យរៀនចប់សាកលវិទ្យាល័យ ចេញទៅធ្វើការនៅក្រៅប្រទេសទៀតផង។ បន្ទាប់ពីនោះ នាងក៏មានមិត្តប្រុសដែលណាត់ជួប និងបង្កើតទំនាក់ទំនងស្នេហានឹងគ្នា ហើយនៅថ្ងៃមួយ នាងក៏បានសម្រេចចិត្តនាំមិត្តប្រុស មកជួបឪពុកម្តាយនៅស្រុកកំណើត។

នៅពេលដែលឪពុកម្តាយ បានឃើញមិត្តប្រុស ពួកគេចាប់ផ្តើមមានការចាប់អារម្មណ៍ខ្លាំង និងជឿច្បាស់នឹងភ្នែកថា មិត្តប្រុសនោះ គឺជាកូនប្រុសបង្កើតរបស់ពួកគេតែម្តង បើទោះជាបានបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំយ៉ាងណាក្តី។ តែយ៉ាងណា ពុំមានរបាយការណ៍ណាបញ្ចេញឲ្យដឹងថា តើមានអ្វីអះអាងបញ្ជាក់ថាជាកូនប្រុសបង្កើតនោះទេ ប៉ុន្តែ អ្នកទាំងពីរបានរៀបការ ដោយមានសាច់ញាតិ មកចូលរួមអបអរ ឲ្យពរជ័យដល់ពួកគេ ជាមួយភាពសប្បាយរីករាយគ្រប់ៗគ្នា។ រឿង​អព្ភូតហេតុ​នេះ ​បានបង្កចំណាប់អារម្មណ៍ខ្លាំង​ជាង​ប្រលោមលោក​​ទៅ​ទៀត ខណៈដែលពេលនេះ កូនស្រីចិញ្ចឹមបានក្លាយជាកូនប្រសា។

បន្ទាប់​ពី​រឿង​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ មនុស្ស​ជាច្រើន បាន​ចូល​ទៅ​បញ្ចេញ​មតិ​ភ្ញាក់ផ្អើលថា៖ «លើសពីរឿងប្រឌិត គ្មានរឿងភាគទូរទស្សន៍ណា អាចសរសេររឿងបែបនេះបានទេ, ពិភពលោកធំទូលាយ តើវាចៃដន្យទេ?, មិនចង់ជឿទេ វាសនាមិនធម្មតា, ពេលអានរឿងនេះហើយ សប្បាយចិត្តជាងឈ្នះឆ្នោតទៀត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×