ពេលនេះយើងចាប់ផ្តើមឈានចូលដល់រដូវរងាហើយ ធាតុអាកាសក៏ប្រែប្រួលទៅតាមរដូវកាលដែរ បើសិនរាងកាយយើងសម្របសម្រួលខ្លួនមិនទាន់ អាចនឹងធ្វើឱ្យកើតជំងឺផ្សេងៗបាន ហើយជំងឺដែលជួបប្រទះញឹកញាប់ក្នុងរដូវរងា ភាគច្រើនគឺ ជំងឺគ្រុនផ្តាសាយធម្មតា និងគ្រុនផ្តាសាយធំ។ ដូច្នេះយើងត្រូវនាំគ្នាត្រៀមរាងកាយឱ្យរួចជាស្រេច ដើម្បីកុំឱ្យឈឺថ្កាត់ទាំងអស់គ្នា…
វេជ្ជបណ្ឌិតជំនាញសាខាអនាម័យបរិស្ថានវិទ្យា បានអធិប្បាយថា ជំងឺគ្រុនផ្តាសាយធម្មតា និងគ្រុនផ្តាសាយធំ កើតដោយសារមេរោគវីរុស អាចចម្លងគ្នាបានយ៉ាងងាយ ដោយមេរោគនឹងចូលទៅក្នុងរាងកាយតាមច្រមុះ មាត់ និងភ្នែក ដូចគ្នានឹងជំងឺកូវីដ១៩ដែរ។ មេរោគទាំងនេះស្ថិតនៅក្នុងលម្អងទឹកកំហាក សំបោរ និងទឹកមាត់របស់អ្នកជំងឺ ដែលកណ្តាស់ ឬក្អកចេញមក។ ក្រៅពីនេះ មេរោគនៅអាចជាប់នៅលើភាជនៈ និងរបស់ប្រើប្រាស់ផ្សេងៗ ដែលមានប្រឡាក់លម្អងទឹកសំបោរ ឬទឹកមាត់របស់អ្នកជំងឺ។ ជំងឺនេះអាចរីករាលដាលយ៉ាងទូលំទូលាយបាន នៅក្នុងទីកន្លែងដែលមានមនុស្សរស់នៅរួមគ្នាច្រើន និងគ្មានខ្យល់អាកាសបក់ចេញចូល។
គ្រុនផ្តាសាយធម្មតា និងគ្រុនផ្តាសាយធំ ខុសគ្នាត្រង់ណា
អាការសញ្ញារបស់គ្រុនផ្តាសាយធម្មតា នឹងចាប់ផ្តើមដោយការមានអាការគ្រុនក្តៅខ្លួន ឈឺក្បាល ក្អក កណ្តាស់ ឈឺ-ក អាចមានអាការរងាញាក់ទៀតផង តែសម្រាប់អ្នកដែលកើតជំងឺគ្រុនផ្តាសាយធំវិញ នឹងមានអាការធ្ងន់ធ្ងរជាង គឺក្តៅខ្លួនខ្លាំង រងាញាក់ ឈឺក្បាល និងវិលមុខខ្លាំង ឈឺនៅតាមឆ្អឹង និងសាច់ដុំ និងច្រើនតែមានអាការក្អួតចង្អោរ គួបផ្សំជាមួយផង។ បើបានសម្រាកយ៉ាងគ្រប់គ្រាន់ និងបានទទួលការរក្សាព្យាបាលយ៉ាងត្រឹមត្រូវ អ្នកជំងឺនឹងជាដាច់ពីជំងឺនេះបាន ក្នុងរយៈពេល ៥-៧ថ្ងៃ។
តែអ្នកខ្លះ អាចនឹងមានរោគជ្រៀតជ្រែក ដូចជា រោគហើមសួត រោគរ៉ាំរ៉ៃ ដូចជា ហឺត ជំងឺសួតរ៉ាំរ៉ៃ រោគបេះដូង និងសរសៃឈាម រលាកបំពង់ក រលាកបំពង់ខ្យល់-ល- ដែលអាចបង្កគ្រោះថ្នាក់ខ្លាំង ជាពិសេសក្នុងក្រុមមនុស្សដែលមានភាពប្រឈមខ្ពស់ ដូចជា ស្ត្រីមានគភ៌ ជាដើម។
វិធីមើលថែទាំខ្លួនឯង ឱ្យចៀសឆ្ងាយពីជំងឺគ្រុនផ្តាសាយ
បើកើតមានអាការដូចដែលបានរៀបរាប់មកពីខាងដើម ការធ្វើតេស្តរហ័ស រកមេរោគគូវីដ១៩ គឺជារឿងដែលចាំបាច់ត្រូវធ្វើមុនគេបំផុត និងបើលទ្ធផលអវិជ្ជមានហើយ វិធីដំបូងៗ ដែលជួយឱ្យយើងរួចផុតពីជំងឺគ្រុនផ្តាសាយធម្មតា និងគ្រុនផ្តាសាយធំ គឺស្រដៀងគ្នានឹងវិធានការការពារខ្លួនពីជំងឺកូវីដ១៩ដែរ និងអាចធ្វើបានដោយខ្លួនឯង មានដូចតទៅ…
១.ចៀសវាងពីការប៉ះពាល់ ឬនៅជិតអ្នកកើតជំងឺផ្ដាសាយ រួមទាំងមិនប្រើរបស់របរផ្ទាល់ខ្លួន រួមជាមួយអ្នកជំងឺ ឬអ្នកមានអាការផ្ដាសាយ ដូចជា ចាន សមស្លាបព្រា កែវទឹក កន្សែងជូតមាត់ កន្សែងជូតខ្លួន-ល- បើមានអ្នកជំងឺគ្រុនផ្តាសាយ នៅក្នុងផ្ទះ គួរណែនាំឱ្យគាត់ពាក់ម៉ាស់ជាប់ជានិច្ច ឬគួរយកក្រណាត់ ឬក្រដាស់ជូតដៃមកបាំង ឬខ្ទប់មាត់ ពេលកណ្តាស់ ឬក្អកជាដើម។
២.លាងដៃឱ្យបានញឹកញាប់ដោយទឹកស្អាត និងសាប៊ូ ឬប្រើអាល់កុលជេល ជូតសម្អាតដៃរៀងរាល់ក្រោយពេលប៉ះពាល់អ្នកជំងឺ ឬរបស់របរប្រើប្រាស់ក្នុងទីសាធារណៈ ដូចជាការប៉ះពាល់ដៃទ្វារ បង្កាន់ដៃរថយន្តក្រុង ឬបង្កាន់ដៃជណ្តើរជាដើម។
៣.ក្នុងខណៈដែលមានការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្តាសាយធំ អ្នកគួរចៀសវាងពីការចូលទៅនៅក្នុងទីកន្លែង ដែលមានមនុស្សច្រើនៗ និងគ្មានខ្យល់អាកាសចេញ-ចូល រយៈពេលយូរ។
៤.ឧស្សាហ៍មើលថែទាំសុខភាពរាងកាយឱ្យរឹងប៉ឹងជាប់ជានិច្ច ដោយការបរិភោគអាហារដែលមានប្រយោជន៍ ហាត់ប្រាណឱ្យបានជាប់លាប់ សម្រាកឱ្យបានគ្រប់គ្រាន់ រក្សារាងកាយឱ្យនៅកក់ក្តៅជាប់ជានិច្ច។
៥.ពេលចាប់ផ្តើមមានអាការគ្រុនផ្តាសាយធំ គួរគេងសម្រាកឱ្យបានច្រើន និងញ៉ាំទឹកក្ដៅឧណ្ហៗឱ្យបានញឹកញាប់ បើក្តៅខ្លួនខ្លាំង ចូរលេបថ្នាំបញ្ចុះកម្តៅ និងយកក្រណាត់ជ្រលក់ទឹកក្តៅឧណ្ហៗជូតខ្លួន ឬបើអាការមិនល្អប្រសើរឡើង ចូរប្រញាប់ទៅមន្ទីរពេទ្យ។
រឿងសំខាន់យើងគួរយកចិត្តទុកដាក់ គឺអនុវត្តតាមវិធានការ ៣កុំ ៣ការពារ របស់ក្រសួងសុខាភិបាលឱ្យបានជាប់លាប់ និងតាមដានព័ត៌មានដែលពាក់ព័ន្ធនឹងការឆ្លងរាលដាលរបស់ជំងឺកូវីដ១៩ ជំងឺគ្រុនផ្តាសាយធម្មតា និងគ្រុនផ្តាសាយធំ ដែលតែងតែមានការឆ្លងរាលដាល និងក្លាយពូជរៀងរាល់ឆ្នាំ ជាប្រចាំ៕