Sunday, September 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់តាំងពី​ឆ្នាំ​២០០១ រដ្ឋាភិបាល​ចិន បាន​សន្យា​ផ្លល់​ហិរញ្ញប្បទា​នសហប្រតិបត្តិ​កា​រ​មាន​ទឹកប្រាក់ ប្រមាណ ៥.២៧៦​លាន​ដុល្លារ​

​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​សេចក្តីប្រកាស​ព័ត៌មាន ស្តី​ពី​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​នានា និង​ពិធី​ប្រកាស​បើក​ជា​ផ្លូវការ នូវ​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​ការកែលម្អ បរិស្ថាន​សាលារៀន និង​ការផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​អប់រំ រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ក្នុងនោះ ចាប់តាំងពី​ឆ្នាំ​២០០១ ដល់​ថ្ងៃ​ទី​១៩​ខែ​មិថុនា​ឆ្នាំ​២០១៨ រដ្ឋាភិបាល​ចិន បាន​សន្យា​ផ្លល់​ហិរញ្ញប្បទា​នសហប្រតិបត្តិ​កា​រ​មាន​ទឹកប្រាក់ សរុប​ចំនួន​ប្រមាណ ៥.២៧៦​លាន​ដុល្លារ​។

​លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទទួល​ជួប​លោក​ស្រី Gao Yan, អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណៈប្រតិភូ ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច របស់​លោកស្រី មក​ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី ១៨-១៩ ខែ មិថុនា ឆ្នាំ ២០១៨ ដើម្បី​ចូលរួម​កិច្ចប្រជុំ​គណ​:​កម្ម​ការ​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន លើក​ទី ៥ ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។

​បន្ទាប់មក លោក​អគ្គបណ្ឌិត​សភា​ចារ្យ និង​លោកស្រី ក៏​បាន​អញ្ជើញ​ធ្វើជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង នៃ​កិច្ចសហប្រតិបត្តិការ​ហិរញ្ញប្បទាន​មួយចំនួន និង​ពិធី​ប្រកាស​ជា​ផ្លូវការ​នូវ គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​ការកែលម្អ​បរិស្ថាន​សាលារៀន និង​ការផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​អប់រំ នៅ​ព្រឹក​ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ ១) លិខិត​ប្រគល់ ទទួល នូវ​ថវិកា​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ២ ៥០០ ០០០ ដុល្លារ​អាមេរិក សម្រាប់​ការអនុវត្ត​គម្រោង កាត់បន្ថយ​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ប្រទេស​កម្ពុជា​។ ថវិកា​ហិរញ្ញប្បទាន​ឥត​សំណង​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់ សម្រាប់​រួមចំណែក​ការងារ​សម្អាត​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ សម្រាប់​វិស័យ​មនុស្សធម៌ នៅ​ប្រទេស​កម្ពុជា ដែល​នឹង​ត្រូវ​អនុវត្ត​ដោយ​មជ្ឈមមណ្ឌល​សកម្មភា​ព​កំចាត់មីន​កម្ពុជា (CMAC)​ផងដែរ​។ ២) កិច្ចព្រមព្រៀង​សម្រាប់​រៀបចំ​ផែនការមេ​ស្តីពី​ប្រព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា ។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ អ្នកជំនាញ​ចិន​នឹង​មក​ធ្វើការ​សិក្សា ដើម្បី​រៀបចំ​ផែនការមេ​ស្តីពី​ប្រព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា ដោយ​ផ្តោត​ជាពិសេស​ទៅលើ​ប្រព័ន្ធ​ផ្លូវគោក ផ្លូវដែក ផ្លូវទឹក​ផ្ទៃក្នុង ការដឹកជញ្ជូន​តាម​សមុទ្រ អាកាសចរ​ស៊ីវិល និង​ឡូ​ឌី​ស្ទីក​។ ៣)​កិច្ចព្រមព្រៀង​សម្រាប់​ការអនុវត្ត​គម្រោង​ជួសជុល​ព្រះបរមរាជវាំង​នៅ​អង្គរ ខេត្តសៀមរាប​។ បន្ទាប់​ពី​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួច ភាគី​ចិន​និង​សហការ​ជាមួយ​អាជ្ញាធរ​អប្សា​រា និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​ស្តារឡើងវិញ​នូវ​ស្ថាបត្យកម្ម ការងារ​ពាក់ព័ន្ធ​និង​បុរាណ​វិទ្យា ការអភិរក្ស​ចំលាក់​ថ្ម ជាដើម​។​

​ក្នុងឱកាស​នោះ លោកស្រី​អនុរដ្ឋមន្ត្រី Gao Yan រួម​ជាមួយនឹង​លោក​បណ្ឌិត​សភា​ចារ្យ ណាត ប៊ុន​រឿ​ម ក៏​បាន​រួម​គ្នា​ប្រកាស​បើក​ជា​ផ្លូវការ​នូវ គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង​ពី​ប្រទេស​ចិន សម្រាប់​កែលម្អ​បរិស្ថាន​សាលារៀន និង​ការផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​អប់រំ​។
​គម្រោង​កែ​លម្អ​បរិស្ថាន​សាលារៀន និង​ការ​ផ្គត់ផ្តង់​សម្ភារៈ បរិក្ខារ​អប់រំ​នេះ នឹង​សាងសង់​អគារ​វិទ្យាល័យ​ចំនួន​២៦ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​គ្រូ​ចំនួន​១ នៅ​រាជធានី​ភ្នំពេញ ១ នៅ​ខេត្ត​កំពង់ចាម និង​១​ទៀត នៅ​ខេត្ត​កណ្តាល ព្រមទាំង​ផ្គត់ផ្គង់​បរិក្ខារ​ចាំបាច់​ផ្សេងទៀត​។​

​ពិធិ​ចុះហត្ថលេខា និង​ពិធី​ប្រកាស​ជា​ផ្លូវការ​នេះ គឺ​ជា​ផ្លែផ្កា​ថ្មីៗ ទៀត​កើត​ចេញពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កម្ពុជា​ចិន ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សំដៅ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ​។​

​គិត​ចាប់តាំងពី​ឆ្នាំ​២០០១ ដល់​ថ្ងៃ​ទី​១៩​ខែ​មិថុនា​ឆ្នាំ​២០១៨ រដ្ឋាភិបាល​ចិន បាន​សន្យា​ផ្លល់​ហិរញ្ញប្បទា​នសហប្រតិបត្តិ​កា​រ​មាន​ទឹក​ប្រាក់ សរុប​ចំនួន​ប្រមាណ ៥.២៧៦​លាន​ដុល្លារ ក្នុងនោះ​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​ឥត​ការប្រាក់​សរុប​ចំនួន​ប្រមាណ ១.២២១​លាន​ដុល្លារ​៕ ​ដោយ​៖​កូឡាប​

 

spot_img
×