ថ្មីៗនេះ គេហទំព័រ Saostar បានបញ្ចេញរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយ គ្រាដែលបុរសម្នាក់ជាអតីតសង្សារចាស់ បាននាំគ្នីគ្នា មកអុកឡុកពិធីមង្គលការអតីតមិត្តស្រី និងសូម្បីជេរប្រើពាក្យធ្ងន់ៗ ទៅលើកូនកំលោះទៀតផង។ ហេតុការណ៍ដ៏មិននឹកស្មាននេះ បានកើតឡើងកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងទីក្រុង Guizhou ប្រទេសចិន។
គេដឹងថា មុនរៀបការជាមួយស្វាមីថ្មី កូនក្រមុំបានមានទំនាក់ទំនងស្នេហាជាមួយអតីតគូស្នេហ៍ចាស់នោះ អស់រយៈពេល៣ឆ្នាំ។ ប៉ុន្តែដោយសារមានជម្លោះជាច្រើន ទើបអ្នកទាំងពីរបានបែកគ្នា។ បន្ទាប់មក នារីជាកូនក្រមុំបានត្រឡប់ទៅស្រុកកំណើតវិញ ហើយរៀបការតាមការរៀបចំរបស់គ្រួសារ។
ទោះយ៉ាងណា អតីតមិត្តប្រុសរូបនេះមិនទទួលយកការបែកគ្នានេះទេ។ ដោយ រូបគេបានសុំបន្តត្រូវរ៉ូវគ្នាជាមួយនារីជាកូនក្រមុំ ៥ដង ទៅ ៧ដង ប៉ុន្តែ ត្រូវបាននាងបដិសេធ។ ទោះជាយ៉ាងនេះក្តី អតីតមិត្តប្រុសរូបនេះ នៅតែទាមទារជួបគ្នាវិញ ហើយថែមទាំងអះអាងថា នៅលើលោកនេះ គ្មានអ្នកណាស្រលាញ់នាងដូចរូបគេនោះទេ។ ហើយថែមទាំងព្រមានថា នឹងតាមបំផ្លាញដល់ទីបញ្ចប់ ប្រសិនបើនាងរៀបការ។
ជាក់ស្តែង នៅថ្ងៃមង្គល ខណៈកូនក្រមុំរៀបចំឡានត្រឡប់ទៅផ្ទះខាងប្តីវិញ ស្រាប់តែបុរសជាអតីតសង្សារចាស់នោះ បានលេចមុខជាមួយមនុស្សមួយក្រុម មករំខានដល់ពិធីរៀបការរបស់ពួកគេតែម្តង។ ក្នុងនោះ អតីតសង្សារចាស់រូបនេះ សូម្បីជេរកូនកំលោះយ៉ាងធ្ងន់ៗទៀតផង។
ជួបរឿងដ៏នឹកស្មានមិនដល់ក្នុងពិធីមង្គលការរបស់ខ្លួន ដោយមិនឲ្យកូនក្រមុំចេញមកក្រៅ កូនកំលោះបាននិយាយការពារប្រពន្ធ ដោយនិយាយពាក្យមួយប្រយោគ ដាក់ទៅកាន់សង្សារចាស់រូបនោះយ៉ាងដូច្នេះថា៖ «កុំឆ្លុះកញ្ចក់មើលខ្លួនឯង! ខ្ញុំមានការងារ មានផ្ទះ មានឡាន តើអ្នកអាចទិញផ្ទះនៅ Guiyang បានទេ?»។
ក្រោយលឺពាក្យនេះហើយ បុរសនោះ ក៏បានស្ងប់ស្ងាត់បន្តិចម្ដងៗ លែងខ្លាំងតទៀត ហើយនៅទីបំផុត ក្រោមការបញ្ចុះបញ្ចូលរបស់អ្នករាល់គ្នា បុរសជាអតីតសង្សារចាស់នោះ ក៏បាននាំគ្នីគ្នាចាកចេញទៅវិញទាំងក្តីអាម៉ាសបំផុត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


